ព័ត៌មានថ្មីៗ

សកម្មភាពភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះភ្ញៀវ និងប្រគល់របស់ជូនភ្ញៀវទេសចរ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ2018 02:20 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវ មើលសកម្មភាពនានានៅក្នុងរមណីយដ្ឋានអង្គរ និងពន្យល់ណែនាំឱ្យភ្ញៀវគោរពតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ជួយស្វែងរកនិងប្រគល់របស់ជូនភ្ញៀវ ជាពិសេសដោះស្រាយនូវបញ្ហាផ្សេងៗដែលបានកើតឡើងចំពោះភ្ញៀវជាយថាហេតុក្នុងដំណើរទស្សនាតំបន់អង្គរ។

របាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំខែសីហា ឆ្នាំ២០១៨ បង្ហាញថា ក្រុមការងារជួយសង្រោះភ្ញៀវទេសចរដែលរងរបួសដោយ រអិលឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារជាដើមបាន១៩ករណី។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។

បញ្ហាទាំងនេះត្រូវបានភ្នាក់ងារទេសចរណ៍ដែលមានជំនាញសង្រ្គោះបឋមនិងមានបរិក្ខារសង្រ្គោះបឋមនៅជាប់ខ្លួនជួយសង្គ្រោះបឋមទាន់ពេលវេលានៅកន្លែងកើតហេតុក្នុងករណីស្រាលៗនិងសហការជាមួយនគរបាលទេសចរ និងនគរបាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។

ក្រុមភ្នាក់ងារទេសចរណ៍ក៏បានរើសរបស់របរភ្ញៀវដែលភ្លេចឬជ្រុះនៅតាមប្រាសាទចំនួន៣៤ករណីនិងបានរកឃើញ៣១ករណីរួមមាន៖ ទូរសព្ទដៃ អាយផេត កាបូបស្ពាយ កាបូបយួរដៃ កាបូបលុយ កាតវីសារ និងម៉ាស៊ីនថតជាដើម ហើយបានរកឃើញនិងប្រគល់ជូនម្ចាស់វិញ។ ឯរបស់ខ្លះទៀត ដែលភ្ញៀវមិនបានមករកភ្លាមៗ ក្រុមការងារបានប្រគល់ឱ្យនគរបាលទេសចរណ៍រក្សាទុក រងចាំម្ចាស់ដើមមកទាក់ទងយក។ គួរបញ្ជាក់ថាសកម្មភាពទាំងអស់នេះទទួលបាននូវការថ្លែងអំណរគុណនិងការកោតសរសើរយ៉ាងកក់ក្តៅពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ព្រមទាំងបានបង្ហាញនូវក្តីស្រលាញ់និងទំនុកចិត្តខ្ពស់មកលើភ្នាក់ងារទេសចរណ៍។

ក្រៅពីសកម្មភាពសង្គ្រោះនិងការរើស ប្រគល់វត្ថុដែលភ្ញៀវបាត់ឬភ្លេច ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តិមិនសមរម្យបានចំនួន៦២ករណីរួមមាន៖ ការបង្ហោះត្រូន (Drone) ការបន្ទោបង់ក្នុងបរិវេណប្រាសាទ ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ (ថតបង្ហាញម៉ូត ថតរូបភាពមិនសមរម្យ) ស្លៀកពាក់មិនសមរម្យ សម្តែងសៀកនៅក្នុងប្រាសាទ រៀបចំពិធីទទួលទានអាហារនៅក្នុងប្រាសាទ ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ធ្វើពិធីសាសនាដោយគ្នានការអនុញ្ញាត ថតរូបផ្សព្វផ្សាយពាណិជ្ជកម្មនិង គូរគំនូរលក្ខណៈទ្រង់ទ្រាយធំដោយមិនមានការអនុញ្ញាត។ល។ ក្រោយពីហាមឃាត់ ក្រុមភ្នាក់ងារទេសចរបានណែនាំតាមគោលការណ៍ដែលមានជាធរមាន និងពន្យល់ណែនាំដល់បុគ្គលទាំងនោះ ត្រូវដាក់សំណើសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុនសិន ក្នុងករណីណាមួយដែលត្រូវឆ្លងកាត់អាជ្ញាធរជាតិអប្សរា៕










នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ កម្មវិធីអបអរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ។
កាលពីព្រឹកថ្ងៃទី០២ខែធ្នូ ឆ្នាំ២០១៨ ក្រុមអ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូចំនួន៤រូប មន្ត្រីអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីបរិស្ថាន និងភាគីក្រុមហ៊ុនសាងសង់ផ្លូវ បានចុះពិនិត្យមើលការសាង់សង់ផ្លូវថ្មីលើភ្នំគូលែន ដើម្បីត្រៀមទទួលយោបល់កែលម្អនៅក្នុងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ី-អង្គរលើកទី៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ចូលរួមក្នុងពិធីអបអរខួប១០ ឆ្នាំរបស់សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងពិធីពុទ្ធាភិសេកព្រះពុទ្ធអង្គធំ ដែលធ្វើឡើងក្រោមវត្តមានចូលរួមពីមន្រ្តីរាជការ អ្នកជំនាញការជាតិ អន្ដរជាតិ និងភ្ញៀវអន្ដរជាតិប្រមាណ ១០០នាក់។ ក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធអង្គធំ ក៏មានការនិមន្តព្រះសង្ឃ ដើម្បីរៀបចំទៅតាមពិធីសាសនា។ ក្នុងពិធីនេះដែរ លោកជំទាវ ភឿង សកុណា បានឧបត្ថម្ភដល់វត្តរាជបូព៌ជាថវិកាចំនួន ២លានរៀលផងដែរ។
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ អ្នកជំនាញការអាដហុករបស់គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាស៊ីស៊ី-អង្គរ បានចុះទៅពិនិត្យការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ កម្មវិធីនេះ តែងធ្វើជាទៀងទាត់នៅមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ហើយកិច្ចប្រជុំនៅលើកនេះ នឹងប្រារព្ធធ្វើនៅថ្ងៃទី៤-៥ ខែធ្នូ អមនឹងការប្រារព្ធខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្ដរជាតិនេះផងដែរ។
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យលោក Frédéric VALLETOUX អភិបាលក្រុង Fontainebleau និងប្រតិភូចូលជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់គ្នា ចែករំលែកបទពិសោធន៍រវាងបេតិកភណ្ឌពិភពលោកនៃប្រទេសទាំងពីរ គឺតំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Fontainebleau។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
7163
ម្សិលមិញ
:
8779
សប្តាហ៍នេះ
:
39536
ខែនេះ
:
0087732
សរុប
:
007678431