ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវអង្គរឃ្យុងយូឱ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2018 01:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្លូវអង្គរឃ្យុងយូឬផ្លូវ៦០ម៉ែត្រ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

បើគិតមកដល់ពេលនេះ រយៈពេល១៦ឆ្នាំហើយដែលផ្លូវ៦០ម៉ែត្របានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញ។ ១៦ឆ្នាំនេះ ក៏បានធ្វើឱ្យផ្លូវខូចទ្រង់ទ្រាយ ទ្រុឌទ្រោមដោយចៀសមិនផុត តែអាជ្ញាធរជាតិអប្សរាក៏តែងយកចិត្តទុកដាក់ជួសជុល ថែទាំជាប្រចាំផងដែរ។ លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ក៏បានឱ្យដឹងថា៖ សម្រាប់ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនានិងពង្រីកកំណាត់ផ្លូវនេះឱ្យរួចរាល់ទាំងស្រុងចំនួន៨៦០ម៉ែត្រ ពីស្ពាននាគ រហូតដល់រង្វង់មូល ដោយចាប់ដំណើរការនៅខែសីហានេះហើយ។

លោក គឹមឡេង បន្តថា ក្រុមការងារនឹងពង្រីកទំហំទទឹងផ្លូវរហូតដល់១០ម៉ែត្រ (ផ្លូវចាស់៨ម៉ែត្រ) ដោយអ៊ុតកៅស៊ូ ហើយគូសគំនូសបែងចែកផ្លូវសងខាងចំនួន១.៥០ម៉ែត្រ សម្រាប់ម៉ូតូកង់ និង៧ម៉ែត្រសម្រាប់រថយន្តទៅមក។ ផ្លូវនេះជាច្រកធ្វើដំណើរយ៉ាងសំខាន់ក្នុងការចេញចូលក្រុងសៀមរាប សារមន្ទីរ ផ្សាររាត្រី កន្លែងលក់សំបុត្រទស្សនាអង្គរ និងតំបន់ទេសចរណ៍ផងដែរ ហើយអាជ្ញាធរជាតិអប្សរាក៏សូមអភ័យទោសដល់សាធារណជន ដែលមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវនេះឱ្យបានល្អប្រសើរទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា គម្រោងជួសជុលផ្លូវក្នុងឧទ្យានអង្គរនាឆ្នាំ២០១៨ ក្រៅពីផ្លូវ៦០ម៉ែត្រ ក៏មានការជួសជុលផ្លូវមិត្តភាពកម្ពុជាកូរ៉េពីស្វាយធំមកផ្សារព្រះដាក់ចំនួន៧៥០ម៉ែត្រ និងផ្លូវពីព្រលានយន្តហោះដល់មុខប្រាសាទអង្គរវត្តផងដែរ។ ចំពោះគម្រោងឆ្នាំ២០១៩ នឹងបញ្ចប់ការជួសជុលផ្លូវនៅវង់ធំទាំងអស់។ លើសពីនោះ ចាប់ពីឆ្នាំ២០២០ទៅ អាជ្ញាធរជាតិអប្សរានឹងបង្វែរការជួសជុលកែលម្អផ្លូវមួយចំនួននៅក្នុងសហគមន៍តំបន់អង្គរថែមទៀត។ បើគិតមកដល់ពេលនេះ ផ្លូវក្នុងឧទ្យានអង្គរ ជួសជុលនិងសាងសង់បានចំនួន២០០គីឡូម៉ែត្រហើយ ទាំងក្រាលកៅស៊ូ ក្រាលគ្រួសក្រហម និងផ្លូវលំ ក្រោមថវិកាជាតិនិងជំនួយបរទេស៕












អាជ្ញាធរជាតិអប្សរាកំពុងដំណើរការដាក់ផ្ទាំងស្លាកឈ្មោះប្រាសាទដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ធ្វើពីថ្មភក់ប្រមាណ១១៨ផ្ទាំងដាក់នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឱ្យរួចរាល់ក្នុងរយៈពេល២ខែ។
មន្រ្តី-បុគ្គលិកនៃនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា ទទួលការបណ្ដុះបណ្ដាលលើជំនាញថតរូប ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងបំណងដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបន្ទុកផ្នែកព័ត៌មាននិងថតរូប ឱ្យមានចំណេះដឹងបន្ថែមអំពីរបៀបថតរូប។ ជាមួយគ្នានេះដែរ វគ្គសិក្សានេះគឺជាចំណេះដឹងបន្ថែម សម្រាប់បុគ្គលិកនៃនាយកដ្ឋានផ្សព្វផ្សាយ ឱ្យមានគំនិតចេះថត ដើម្បីយកមកផ្សព្វផ្សាយបម្រើដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា។
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បាននាំយកថវិកា៨លានរៀលជូននាយទាហាន ពលទាហាននៃកងយោធភូមិភាគទី៤ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងវេលាចុះសួរសុខទុក្ខ សំណេះសំណាល ជូនពរឆ្នាំថ្មីជាមួយគណៈប្រតិភូក្រសួងទេសចរណ៍ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានទទួលជួបប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាអំពីគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងសៀមរាបផ្នែកខាងជើង ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចប្រជុំពិភាក្សាបានផ្តោតសំខាន់លើការសិក្សាគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងសៀមរាបផ្នែកខាងជើង ដើម្បីបញ្ជៀសការប៉ះពាល់ដល់រមណីយដ្ឋានអង្គរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទដោយរថយន្តប្រភេទធ្ងន់ ព្រមទាំងបញ្ជៀសការកកស្ទះចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនអ្នកធ្វើដំណើរទូទៅក្នុងក្រុងសៀមរាប។
គម្រោងជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តជាបន្តបន្ទាប់ ស្របទៅតាមគោលការណ៍នៃកិច្ចការអភិរក្ស។ ច្រាំងកសិន្ធុផ្នែកខាងលិចស្លាបខាងជើង ត្រូវបានជួសជុសដោយប្រទេសអ៊ីតាលីប្រវែង៨០ម៉ែត្រ (បញ្ចប់នៅឆ្នាំ ២០១៥) និងជួសជុលដោយអាជ្ញាធរជាតិអប្សរាជំហានដំបូងប្រវែង ៤០ម៉ែត្រ(បញ្ចប់នៅឆ្នាំ២០១៧)។ យ៉ាងណាគម្រោងជួសជុលទាំងពីរកន្លងមកពុំទាន់បានភ្ជាប់គ្នានៅឡើយ ដូច្នេះពេលនេះអាជ្ញាធរជាតិអប្សរាមានគោលបំណងជួសជុលកសិន្ធុប្រាសាទអង្គរវត្តដើម្បីតភ្ជាប់ចន្លោះប្រវែង១០ម៉ែត្រនៃគម្រោងទាំងពីរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
4555
ម្សិលមិញ
:
2845
សប្តាហ៍នេះ
:
27348
ខែនេះ
:
0071337
សរុប
:
008442744