ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវអង្គរឃ្យុងយូឱ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2018 01:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្លូវអង្គរឃ្យុងយូឬផ្លូវ៦០ម៉ែត្រ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

បើគិតមកដល់ពេលនេះ រយៈពេល១៦ឆ្នាំហើយដែលផ្លូវ៦០ម៉ែត្របានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញ។ ១៦ឆ្នាំនេះ ក៏បានធ្វើឱ្យផ្លូវខូចទ្រង់ទ្រាយ ទ្រុឌទ្រោមដោយចៀសមិនផុត តែអាជ្ញាធរជាតិអប្សរាក៏តែងយកចិត្តទុកដាក់ជួសជុល ថែទាំជាប្រចាំផងដែរ។ លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ក៏បានឱ្យដឹងថា៖ សម្រាប់ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនានិងពង្រីកកំណាត់ផ្លូវនេះឱ្យរួចរាល់ទាំងស្រុងចំនួន៨៦០ម៉ែត្រ ពីស្ពាននាគ រហូតដល់រង្វង់មូល ដោយចាប់ដំណើរការនៅខែសីហានេះហើយ។

លោក គឹមឡេង បន្តថា ក្រុមការងារនឹងពង្រីកទំហំទទឹងផ្លូវរហូតដល់១០ម៉ែត្រ (ផ្លូវចាស់៨ម៉ែត្រ) ដោយអ៊ុតកៅស៊ូ ហើយគូសគំនូសបែងចែកផ្លូវសងខាងចំនួន១.៥០ម៉ែត្រ សម្រាប់ម៉ូតូកង់ និង៧ម៉ែត្រសម្រាប់រថយន្តទៅមក។ ផ្លូវនេះជាច្រកធ្វើដំណើរយ៉ាងសំខាន់ក្នុងការចេញចូលក្រុងសៀមរាប សារមន្ទីរ ផ្សាររាត្រី កន្លែងលក់សំបុត្រទស្សនាអង្គរ និងតំបន់ទេសចរណ៍ផងដែរ ហើយអាជ្ញាធរជាតិអប្សរាក៏សូមអភ័យទោសដល់សាធារណជន ដែលមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវនេះឱ្យបានល្អប្រសើរទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា គម្រោងជួសជុលផ្លូវក្នុងឧទ្យានអង្គរនាឆ្នាំ២០១៨ ក្រៅពីផ្លូវ៦០ម៉ែត្រ ក៏មានការជួសជុលផ្លូវមិត្តភាពកម្ពុជាកូរ៉េពីស្វាយធំមកផ្សារព្រះដាក់ចំនួន៧៥០ម៉ែត្រ និងផ្លូវពីព្រលានយន្តហោះដល់មុខប្រាសាទអង្គរវត្តផងដែរ។ ចំពោះគម្រោងឆ្នាំ២០១៩ នឹងបញ្ចប់ការជួសជុលផ្លូវនៅវង់ធំទាំងអស់។ លើសពីនោះ ចាប់ពីឆ្នាំ២០២០ទៅ អាជ្ញាធរជាតិអប្សរានឹងបង្វែរការជួសជុលកែលម្អផ្លូវមួយចំនួននៅក្នុងសហគមន៍តំបន់អង្គរថែមទៀត។ បើគិតមកដល់ពេលនេះ ផ្លូវក្នុងឧទ្យានអង្គរ ជួសជុលនិងសាងសង់បានចំនួន២០០គីឡូម៉ែត្រហើយ ទាំងក្រាលកៅស៊ូ ក្រាលគ្រួសក្រហម និងផ្លូវលំ ក្រោមថវិកាជាតិនិងជំនួយបរទេស៕












ក្រុមការងារសាងសង់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន ជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តដែលគ្រោងនឹងធ្វើការជួសជុលដំណាក់កាលទី២ បានធ្វើពិធីសែនប្រុងពលីដើម្បីបើកការសាងសង់នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពិធីនេះធ្វើឡើងដើម្បីសុំសេចក្តីសុខចម្រើន បញ្ជៀសគ្រោះថ្នាក់ និងសុំម្ចាស់ទឹកដីក្នុងដំណើរការសាងសង់របស់ខ្លួន ដែលនឹងដំណើរការចាប់ពីថ្ងៃនេះតទៅ។
ចាប់តាំងពីអង្គរត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២មក មានស្ថាប័នជាតិនិងអន្តរជាតិបានចាប់ផ្តើមចូលមកចូលរួមអភិរក្សជួសជុលប្រាសាទនានាក្នុងតំបន់អង្គរ។ ដោយឡែក ក្រុមការងាររដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា JSA (Japanese Government Team for Safeguarding Angkor) ក៏បានចូលមកជួយអភិរក្សជួសជុលប្រាសាទក្នុងទឧទ្យានអង្គរដែរ ដោយបានជ្រើសរើសប្រាសាទបាយ័នសម្រាប់ជួសជុលអភិរក្សតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ ប៉ុន្តែចាប់ពីឆ្នាំ២០០៥មក JSA បានសហការជាមួយអាជ្ញាធរជាតិអប្សរាបង្កើតស្ថាប័នរួមគ្នាមួយហៅថា JASA (JAPAN-APSARA Team for Safeguarding Angkor)។
កាលពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ិចស៊ិចកូនៃសហរដ្ឋម៉ិចស៊ិចកូ មានរៀបចំកិច្ចប្រជុំអន្តរជាតិលើកទី១ស្តីពីសារមន្ទីរបុរាណវិទ្យា។ កិច្ចប្រជុំនេះបានរៀបចំឡើងដោយស្ថាប័នជាតិ នៃសហរដ្ឋម៉ិចស៊ិចកូដែលមានឈ្មោះថា វិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា (National Institute of Anthropology and History ហៅកាត់ថា INAH)។ វិទ្យាស្ថាន INAH មានបេសកកម្មពិសេសក្នុងការងារស្រាវជ្រាវ អភិរក្ស ការពារ និងផ្សព្វផ្សាយអំពីបុរេប្រវត្តិ បុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់ប្រទេស ម៉ិចស៊ិចកូ។ ប្រទេសធំៗមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនេះមានដូចជា៖ អេស្ប៉ាញ ទួគី ពេរូ ប្រេស៊ីល ហូឡង់ដ៍ និងព្រះរាជាណាចក្រកម្ពុជា។
ប្រជាជនប្រមាណ១៥០នាក់ ជាអ្នកភូមិរុនតាឯក រួមទាំងមេភូមិ មេឃុំ ចៅហ្វាយស្រុកបន្ទាយស្រី បានចូលរួមកម្មវិធីភូមិដ្ឋានគ្មានផ្សែងបារី ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3298
ម្សិលមិញ
:
23678
សប្តាហ៍នេះ
:
115033
ខែនេះ
:
0072239
សរុប
:
011534835