ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវអង្គរឃ្យុងយូឱ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2018 01:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្លូវអង្គរឃ្យុងយូឬផ្លូវ៦០ម៉ែត្រ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

បើគិតមកដល់ពេលនេះ រយៈពេល១៦ឆ្នាំហើយដែលផ្លូវ៦០ម៉ែត្របានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញ។ ១៦ឆ្នាំនេះ ក៏បានធ្វើឱ្យផ្លូវខូចទ្រង់ទ្រាយ ទ្រុឌទ្រោមដោយចៀសមិនផុត តែអាជ្ញាធរជាតិអប្សរាក៏តែងយកចិត្តទុកដាក់ជួសជុល ថែទាំជាប្រចាំផងដែរ។ លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ក៏បានឱ្យដឹងថា៖ សម្រាប់ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនានិងពង្រីកកំណាត់ផ្លូវនេះឱ្យរួចរាល់ទាំងស្រុងចំនួន៨៦០ម៉ែត្រ ពីស្ពាននាគ រហូតដល់រង្វង់មូល ដោយចាប់ដំណើរការនៅខែសីហានេះហើយ។

លោក គឹមឡេង បន្តថា ក្រុមការងារនឹងពង្រីកទំហំទទឹងផ្លូវរហូតដល់១០ម៉ែត្រ (ផ្លូវចាស់៨ម៉ែត្រ) ដោយអ៊ុតកៅស៊ូ ហើយគូសគំនូសបែងចែកផ្លូវសងខាងចំនួន១.៥០ម៉ែត្រ សម្រាប់ម៉ូតូកង់ និង៧ម៉ែត្រសម្រាប់រថយន្តទៅមក។ ផ្លូវនេះជាច្រកធ្វើដំណើរយ៉ាងសំខាន់ក្នុងការចេញចូលក្រុងសៀមរាប សារមន្ទីរ ផ្សាររាត្រី កន្លែងលក់សំបុត្រទស្សនាអង្គរ និងតំបន់ទេសចរណ៍ផងដែរ ហើយអាជ្ញាធរជាតិអប្សរាក៏សូមអភ័យទោសដល់សាធារណជន ដែលមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវនេះឱ្យបានល្អប្រសើរទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា គម្រោងជួសជុលផ្លូវក្នុងឧទ្យានអង្គរនាឆ្នាំ២០១៨ ក្រៅពីផ្លូវ៦០ម៉ែត្រ ក៏មានការជួសជុលផ្លូវមិត្តភាពកម្ពុជាកូរ៉េពីស្វាយធំមកផ្សារព្រះដាក់ចំនួន៧៥០ម៉ែត្រ និងផ្លូវពីព្រលានយន្តហោះដល់មុខប្រាសាទអង្គរវត្តផងដែរ។ ចំពោះគម្រោងឆ្នាំ២០១៩ នឹងបញ្ចប់ការជួសជុលផ្លូវនៅវង់ធំទាំងអស់។ លើសពីនោះ ចាប់ពីឆ្នាំ២០២០ទៅ អាជ្ញាធរជាតិអប្សរានឹងបង្វែរការជួសជុលកែលម្អផ្លូវមួយចំនួននៅក្នុងសហគមន៍តំបន់អង្គរថែមទៀត។ បើគិតមកដល់ពេលនេះ ផ្លូវក្នុងឧទ្យានអង្គរ ជួសជុលនិងសាងសង់បានចំនួន២០០គីឡូម៉ែត្រហើយ ទាំងក្រាលកៅស៊ូ ក្រាលគ្រួសក្រហម និងផ្លូវលំ ក្រោមថវិកាជាតិនិងជំនួយបរទេស៕












កំពែងក្រុងអង្គរធំជ្រុងខាងជើង ផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំងប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០០៩កន្លងមក បានជួសជុលរួចជាស្ថាពរហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបំពេញការងារអស់រយៈពេល៤ឆ្នាំ។
នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះអាទិត្យនឹងរះចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ចាប់ពីម៉ោង៥ទៅម៉ោង៦ព្រឹក។ ព្រឹត្តិការណ៍នេះ តែងកើតមានឡើងជាទៀងទាត់ក្នុងមួយឆ្នាំពីរដងនៅពេលដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នា គឺ នៅថ្ងៃទី២០-២១ខែមីនា និងថ្ងៃទី២១-២២ ខែកញ្ញា។ សម្រាប់ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយសារសមរាត្រីនឹងត្រូវកើតមានឡើងនៅម៉ោង៩និង២១នាទីយប់ថ្ងៃទី២២ខែកញ្ញា ដូច្នេះ គេអាចទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២៣ខែកញ្ញា។
សូមតាមដានបទសម្ភាសន៍ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាស្តីពីបាតុភូត សមរាត្រី Equinox ដែលព្រះអាទិត្យនឹងរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។
ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ គឺជារដូវបុណ្យភ្ជុំបិណ្ឌដែលប្រជាជនខ្មែរ ទូទាំងប្រទេសតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំតពីដូនតាមិនដែលខកខាន។ ដោយឡែកតាមទំនៀមរបស់អ្នកស្រុកអង្គរ នៅថ្ងៃ១៥កើតខែភទ្របទ ពោលគឺមួយថ្ងៃមុនពិធីកាន់បិណ្ឌទី១ ពួកគាត់តែងយកម្ហូបអាហារ នំអន្សម បង្អែមចម្អាបទៅកាន់ទីវត្តអារាមជុំគ្នា ដើម្បីវេរប្រគេនព្រះសង្ឃឧទ្ទិសកុសលផលបុណ្យជូនដូនតាដែលបាក់បែកចែកឋានទៅហើយ នៅក្នុងពិធីមួយដែលតែងហៅថា «បិណ្ឌតូច»
ក្រមប្រតិបត្តិអង្គរ ជាគោលការណ៍សីលធម៌ដែលរៀបចំឡើងសម្រាប់អ្នកចូលលទស្សនាអង្គរក្នុងគោលដៅទប់ស្កាត់ផលប៉ះពាល់ ដែលអាចកើតមានឡើងពីសំណាក់ភ្ញៀវទេសចរចំពោះបេតិកភណ្ឌអង្គរ និងដើម្បីលើកតម្លៃបេតិកភណ្ឌអង្គរឲ្យសមជានិមិត្តរូប និងជាទីសក្ការៈនៃប្រជាជាតិខ្មែរ។ ក្រមប្រតិបត្តិអង្គរត្រូវបានរៀបចំ និងផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការចាប់តាំងពីចុងឆ្នាំ២០១៥មក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
3972
ម្សិលមិញ
:
7964
សប្តាហ៍នេះ
:
19848
ខែនេះ
:
0169418
សរុប
:
009919104