ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវអង្គរឃ្យុងយូឱ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2018 01:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្លូវអង្គរឃ្យុងយូឬផ្លូវ៦០ម៉ែត្រ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

បើគិតមកដល់ពេលនេះ រយៈពេល១៦ឆ្នាំហើយដែលផ្លូវ៦០ម៉ែត្របានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញ។ ១៦ឆ្នាំនេះ ក៏បានធ្វើឱ្យផ្លូវខូចទ្រង់ទ្រាយ ទ្រុឌទ្រោមដោយចៀសមិនផុត តែអាជ្ញាធរជាតិអប្សរាក៏តែងយកចិត្តទុកដាក់ជួសជុល ថែទាំជាប្រចាំផងដែរ។ លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ក៏បានឱ្យដឹងថា៖ សម្រាប់ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនានិងពង្រីកកំណាត់ផ្លូវនេះឱ្យរួចរាល់ទាំងស្រុងចំនួន៨៦០ម៉ែត្រ ពីស្ពាននាគ រហូតដល់រង្វង់មូល ដោយចាប់ដំណើរការនៅខែសីហានេះហើយ។

លោក គឹមឡេង បន្តថា ក្រុមការងារនឹងពង្រីកទំហំទទឹងផ្លូវរហូតដល់១០ម៉ែត្រ (ផ្លូវចាស់៨ម៉ែត្រ) ដោយអ៊ុតកៅស៊ូ ហើយគូសគំនូសបែងចែកផ្លូវសងខាងចំនួន១.៥០ម៉ែត្រ សម្រាប់ម៉ូតូកង់ និង៧ម៉ែត្រសម្រាប់រថយន្តទៅមក។ ផ្លូវនេះជាច្រកធ្វើដំណើរយ៉ាងសំខាន់ក្នុងការចេញចូលក្រុងសៀមរាប សារមន្ទីរ ផ្សាររាត្រី កន្លែងលក់សំបុត្រទស្សនាអង្គរ និងតំបន់ទេសចរណ៍ផងដែរ ហើយអាជ្ញាធរជាតិអប្សរាក៏សូមអភ័យទោសដល់សាធារណជន ដែលមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវនេះឱ្យបានល្អប្រសើរទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា គម្រោងជួសជុលផ្លូវក្នុងឧទ្យានអង្គរនាឆ្នាំ២០១៨ ក្រៅពីផ្លូវ៦០ម៉ែត្រ ក៏មានការជួសជុលផ្លូវមិត្តភាពកម្ពុជាកូរ៉េពីស្វាយធំមកផ្សារព្រះដាក់ចំនួន៧៥០ម៉ែត្រ និងផ្លូវពីព្រលានយន្តហោះដល់មុខប្រាសាទអង្គរវត្តផងដែរ។ ចំពោះគម្រោងឆ្នាំ២០១៩ នឹងបញ្ចប់ការជួសជុលផ្លូវនៅវង់ធំទាំងអស់។ លើសពីនោះ ចាប់ពីឆ្នាំ២០២០ទៅ អាជ្ញាធរជាតិអប្សរានឹងបង្វែរការជួសជុលកែលម្អផ្លូវមួយចំនួននៅក្នុងសហគមន៍តំបន់អង្គរថែមទៀត។ បើគិតមកដល់ពេលនេះ ផ្លូវក្នុងឧទ្យានអង្គរ ជួសជុលនិងសាងសង់បានចំនួន២០០គីឡូម៉ែត្រហើយ ទាំងក្រាលកៅស៊ូ ក្រាលគ្រួសក្រហម និងផ្លូវលំ ក្រោមថវិកាជាតិនិងជំនួយបរទេស៕












សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកកម្មវិធីប្រឡងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០នាក់ ក្នុងចំណោម៣៦នាក់ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងនិងបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក រយៈពេល៩ថ្ងៃ នៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងគោលដៅថែរក្សាការពារ និងលើកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរឲ្យស័ក្តសមជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយដល់បងប្អូនអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មលក់ដូរ និងផ្ដល់សេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរដើម្បីហាមឃាត់មិនឲ្យដាក់តាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅតាមហាង ឬតូបលក់ដូរ និងបានដាក់សំណើមួយទៀតទៅដល់ក្រុមហ៊ុន ស្រាបៀរនិងភេសជ្ជៈទាំងឡាយដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អង្គរ អោយមករុះរើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនទាំងអស់ អោយបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ព្រោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះ បាននឹងកំពុងបង្កផលប៉ះពាល់ដល់ទេសភាពវប្បធម៌ និងបទដ្ឋានបេតិកភណ្ឌដែលកំណត់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0433
ម្សិលមិញ
:
4597
សប្តាហ៍នេះ
:
00433
ខែនេះ
:
0057125
សរុប
:
007311556