ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវអង្គរឃ្យុងយូឱ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2018 01:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្លូវអង្គរឃ្យុងយូឬផ្លូវ៦០ម៉ែត្រ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

បើគិតមកដល់ពេលនេះ រយៈពេល១៦ឆ្នាំហើយដែលផ្លូវ៦០ម៉ែត្របានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញ។ ១៦ឆ្នាំនេះ ក៏បានធ្វើឱ្យផ្លូវខូចទ្រង់ទ្រាយ ទ្រុឌទ្រោមដោយចៀសមិនផុត តែអាជ្ញាធរជាតិអប្សរាក៏តែងយកចិត្តទុកដាក់ជួសជុល ថែទាំជាប្រចាំផងដែរ។ លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ក៏បានឱ្យដឹងថា៖ សម្រាប់ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនានិងពង្រីកកំណាត់ផ្លូវនេះឱ្យរួចរាល់ទាំងស្រុងចំនួន៨៦០ម៉ែត្រ ពីស្ពាននាគ រហូតដល់រង្វង់មូល ដោយចាប់ដំណើរការនៅខែសីហានេះហើយ។

លោក គឹមឡេង បន្តថា ក្រុមការងារនឹងពង្រីកទំហំទទឹងផ្លូវរហូតដល់១០ម៉ែត្រ (ផ្លូវចាស់៨ម៉ែត្រ) ដោយអ៊ុតកៅស៊ូ ហើយគូសគំនូសបែងចែកផ្លូវសងខាងចំនួន១.៥០ម៉ែត្រ សម្រាប់ម៉ូតូកង់ និង៧ម៉ែត្រសម្រាប់រថយន្តទៅមក។ ផ្លូវនេះជាច្រកធ្វើដំណើរយ៉ាងសំខាន់ក្នុងការចេញចូលក្រុងសៀមរាប សារមន្ទីរ ផ្សាររាត្រី កន្លែងលក់សំបុត្រទស្សនាអង្គរ និងតំបន់ទេសចរណ៍ផងដែរ ហើយអាជ្ញាធរជាតិអប្សរាក៏សូមអភ័យទោសដល់សាធារណជន ដែលមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវនេះឱ្យបានល្អប្រសើរទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា គម្រោងជួសជុលផ្លូវក្នុងឧទ្យានអង្គរនាឆ្នាំ២០១៨ ក្រៅពីផ្លូវ៦០ម៉ែត្រ ក៏មានការជួសជុលផ្លូវមិត្តភាពកម្ពុជាកូរ៉េពីស្វាយធំមកផ្សារព្រះដាក់ចំនួន៧៥០ម៉ែត្រ និងផ្លូវពីព្រលានយន្តហោះដល់មុខប្រាសាទអង្គរវត្តផងដែរ។ ចំពោះគម្រោងឆ្នាំ២០១៩ នឹងបញ្ចប់ការជួសជុលផ្លូវនៅវង់ធំទាំងអស់។ លើសពីនោះ ចាប់ពីឆ្នាំ២០២០ទៅ អាជ្ញាធរជាតិអប្សរានឹងបង្វែរការជួសជុលកែលម្អផ្លូវមួយចំនួននៅក្នុងសហគមន៍តំបន់អង្គរថែមទៀត។ បើគិតមកដល់ពេលនេះ ផ្លូវក្នុងឧទ្យានអង្គរ ជួសជុលនិងសាងសង់បានចំនួន២០០គីឡូម៉ែត្រហើយ ទាំងក្រាលកៅស៊ូ ក្រាលគ្រួសក្រហម និងផ្លូវលំ ក្រោមថវិកាជាតិនិងជំនួយបរទេស៕












នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
ដើមដំបូងមុន12345...255256បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
26138
ម្សិលមិញ
:
23792
សប្តាហ៍នេះ
:
26138
ខែនេះ
:
0107415
សរុប
:
009289697