ព័ត៌មានថ្មីៗ

កម្មវិធីអប់រំបេតិកភណ្ឌកុមារ បង្កើនទាំងការយល់ដឹង ការចូលរួម និងការស្រឡាញ់មរតកវប្បធម៌

បានផ្សាយនៅ ថ្ងៃទី 07 ខែ សីហា ឆ្នាំ2018 12:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងសប្បុរសជននៅក្នុងខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីអំពីកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារនៅសាលាសិក្សាស្រះស្រង់ចាប់ពីថ្នាក់ទី៥ដល់ទី៦។ កម្មវីធីបណ្តុះបណ្តាលនេះ ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ ពិធីផ្សេងៗនៅក្នុងភូមិ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងកុមារបេតិកភណ្ឌពិភពលោកនិងជាអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅក្នុងកម្មសិក្សានៅប្រាសាទបន្ទាយក្តីកាលពីថ្ងៃទី០៥ សីហា ២០១៨ថា ការចុះសិក្សាដល់ទីតាំងគឺមានគោលបំណងបង្រៀនសិស្សឱ្យស្គាល់ពីរចនាសម្ពន្ធប្រាសាទងាយៗ យល់អំពីមូលដ្ឋានគ្រឹះនៃកេរ្តិ៍មរតក យល់ពីអរិយធម៌ខ្មែរនៅសម័យអង្គរតាមប្រាសាទនីមួយៗ ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ បណ្តុះគំនិតស្រទ្បាញ់ និងបណ្តុះចិត្តឱ្យពួកគេចូលរួមការការពារឱ្យបានគង់វង្ស។

លោកបន្ថែមថា ពេលនាំពួកគាត់មកប្រាសាទពេលនេះមិនរំពឹងថាពួកគាត់ទទួលបានចំណេះដឹងទាំងស្រុងនោះទេ ដូច្នេះត្រូវសម្រួលពាក្យខ្លះៗមកជាពាក្យងាយៗដើម្បីឱ្យស្តាប់បានដោយមិនបានពន្យល់លម្អិតទៅលើប្រវត្តិសិល្បៈវែងឆ្ងាយ គ្រាន់តែពន្យល់ប្រវត្តិភូមិសាស្រ្ត ប្រវត្តិសាស្រ្ត បកស្រាយឈ្មោះប្រាសាទ សម័យកាល និងឈ្មោះស្តេច និងរចនាសម្ពន្ធរបស់ប្រាសាទរួមមាន កំពែង ខ្លោងទ្វារ កសិន្ធុ សរសរ សរសរពេជ្រ សរសរផ្អោប ផ្តែរ ព្រះពន្លាជាដើម ដែលធ្វើឱ្យពួកគេឆាប់យល់ ចេះចាំបាន។

កុមារី ជា គុណហ៊ីង រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងច្រើនពីសាសនា និងវប្បធម៌ ជាពិសេសកម្មវិធីបុណ្យប្រពៃណីក្នុងស្រុកភូមិផ្ទាល់ និងមានការផ្លាស់ប្តូរឥរិយាបថ ពេលមកដល់ប្រាសាទ មិនស្រែកឡូឡា មិនប្រឡែងគ្នា មិនចោលសំរាមផ្តេសផ្តាស មិនអង្គុយលើថ្ម លើបង្គាន់ដៃ មិនគូសលើថ្ម មិនយកដៃទៅប៉ះពាល់លើចម្លាក់ ឬបដិមាឡើយ។

កុមារា ធី ធាវ រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌបានឱ្យដឹងថា ប្អូនមានចិត្តស្រលាញ់ប្រាង្គប្រាសាទរបស់ដូនតា និងមានបំណងចូលរួមថែរក្សាឱ្យស្ថិតនៅឱ្យបានគង់វង្ស។ កុមារា ធាវ បានបញ្ជាក់ថា ក្រោយពេលលោកគ្រូបានធ្វើបទបង្ហាញប្រាប់ដល់កុមារទាំងអស់ ខ្លួនទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ដឹងពីមុន ដូចជាប្រវត្តិប្រាសាទ រឿងព្រេងទាក់ទងនឹងប្រាសាទជាដើម ជាពិសេសការហៅឈ្មោះរចនាសម្ពន្ធរបស់ប្រាសាទតាំងពីផ្លូវចូលប្រាសាទរហូតដល់ក្នុងប្រាសាទ។ ចំពោះការលំបាកកន្លងមកមានការជួបការលំបាកខ្លះៗ ដូចជាការប្រើប្រាស់ពាក្យដែលជាពាក្យបច្ចេកទេសជាដើម៕






ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដោយភាពមហិមានៃសំណង់ ទឹកមុខញញឹមនៃចម្លាក់មុខព្រហ្មនៃប្រាង្គប្រាសាទបាយ័ន រួមនឹងក្បូរក្បាច់រចនា និងចម្លាក់ពិពណ៌នានូវជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសម័យនោះផង ប្រាសាទនេះបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។
ក្រៅពីការងារអភិរក្សជួសជុលបេតិកភណ្ឌ ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរឲ្យបានល្អប្រសើរ ក៏ជាភារកិច្ចដ៏សំខាន់មួយទៀតក្នុងឧទ្យានអង្គរ។ ក្នុងកិច្ចការនេះ អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដើម្បីពង្រឹងកម្មវិធីអភិវឌ្ឍន៍សហគមន៍ក្នុងឧទ្យានអង្គរ ដូចជា ទេសចរណ៍ សិប្បកម្ម អប់រំសុខភាព និងអនាម័យជាដើម។
ប្រជាពលរដ្ឋជាង៣០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ប្រាសាទតាកែវកំពុងត្រូវបានអភិរក្សជួសជុល ដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA តាំងពីឆ្នាំ២០០៧មក។ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីជំនាញជាច្រើនរូប បានអញ្ជើញទៅពិនិត្យការដ្ឋានផ្ទាល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានភាពជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នCSAនៃប្រទេសចិន។
ការយល់ដឹងពីសម្បត្តិបេតិកភណ្ឌ ដែលដូនតាបានបន្សល់ទុកមកឲ្យដល់កូនចៅជំនាន់ក្រោយទៀត គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់អ្នកស្រុកអង្គរ ដោយសារពួកគាត់ជាអ្នករស់នៅផ្ទាល់ជាមួយបេតិកភណ្ឌ។ដូច្នេះ ពួកគាត់នេះហើយជាអ្នកជួយថែរក្សាការពារនូវសម្បតិ្តបេតិកភណ្ឌទាំងអស់នោះ។ ដោយមើលឃើញហេតុផលនេះហើយ ទើបអាជា្ញធរជាតិអប្សរាបង្កើតក្រុមការងារសហគមន៍មួយឡើង ដើម្បីចុះអប់រំផ្សព្វផ្សាយពីបេតិកភណ្ឌដល់ពួកគាត់ជាប្រចាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
2301
ម្សិលមិញ
:
9584
សប្តាហ៍នេះ
:
49030
ខែនេះ
:
0329859
សរុប
:
010286006