ព័ត៌មានថ្មីៗ

កម្មវិធីអប់រំបេតិកភណ្ឌកុមារ បង្កើនទាំងការយល់ដឹង ការចូលរួម និងការស្រឡាញ់មរតកវប្បធម៌

បានផ្សាយនៅ ថ្ងៃទី 07 ខែ សីហា ឆ្នាំ2018 12:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងសប្បុរសជននៅក្នុងខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីអំពីកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារនៅសាលាសិក្សាស្រះស្រង់ចាប់ពីថ្នាក់ទី៥ដល់ទី៦។ កម្មវីធីបណ្តុះបណ្តាលនេះ ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ ពិធីផ្សេងៗនៅក្នុងភូមិ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងកុមារបេតិកភណ្ឌពិភពលោកនិងជាអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅក្នុងកម្មសិក្សានៅប្រាសាទបន្ទាយក្តីកាលពីថ្ងៃទី០៥ សីហា ២០១៨ថា ការចុះសិក្សាដល់ទីតាំងគឺមានគោលបំណងបង្រៀនសិស្សឱ្យស្គាល់ពីរចនាសម្ពន្ធប្រាសាទងាយៗ យល់អំពីមូលដ្ឋានគ្រឹះនៃកេរ្តិ៍មរតក យល់ពីអរិយធម៌ខ្មែរនៅសម័យអង្គរតាមប្រាសាទនីមួយៗ ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ បណ្តុះគំនិតស្រទ្បាញ់ និងបណ្តុះចិត្តឱ្យពួកគេចូលរួមការការពារឱ្យបានគង់វង្ស។

លោកបន្ថែមថា ពេលនាំពួកគាត់មកប្រាសាទពេលនេះមិនរំពឹងថាពួកគាត់ទទួលបានចំណេះដឹងទាំងស្រុងនោះទេ ដូច្នេះត្រូវសម្រួលពាក្យខ្លះៗមកជាពាក្យងាយៗដើម្បីឱ្យស្តាប់បានដោយមិនបានពន្យល់លម្អិតទៅលើប្រវត្តិសិល្បៈវែងឆ្ងាយ គ្រាន់តែពន្យល់ប្រវត្តិភូមិសាស្រ្ត ប្រវត្តិសាស្រ្ត បកស្រាយឈ្មោះប្រាសាទ សម័យកាល និងឈ្មោះស្តេច និងរចនាសម្ពន្ធរបស់ប្រាសាទរួមមាន កំពែង ខ្លោងទ្វារ កសិន្ធុ សរសរ សរសរពេជ្រ សរសរផ្អោប ផ្តែរ ព្រះពន្លាជាដើម ដែលធ្វើឱ្យពួកគេឆាប់យល់ ចេះចាំបាន។

កុមារី ជា គុណហ៊ីង រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងច្រើនពីសាសនា និងវប្បធម៌ ជាពិសេសកម្មវិធីបុណ្យប្រពៃណីក្នុងស្រុកភូមិផ្ទាល់ និងមានការផ្លាស់ប្តូរឥរិយាបថ ពេលមកដល់ប្រាសាទ មិនស្រែកឡូឡា មិនប្រឡែងគ្នា មិនចោលសំរាមផ្តេសផ្តាស មិនអង្គុយលើថ្ម លើបង្គាន់ដៃ មិនគូសលើថ្ម មិនយកដៃទៅប៉ះពាល់លើចម្លាក់ ឬបដិមាឡើយ។

កុមារា ធី ធាវ រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌបានឱ្យដឹងថា ប្អូនមានចិត្តស្រលាញ់ប្រាង្គប្រាសាទរបស់ដូនតា និងមានបំណងចូលរួមថែរក្សាឱ្យស្ថិតនៅឱ្យបានគង់វង្ស។ កុមារា ធាវ បានបញ្ជាក់ថា ក្រោយពេលលោកគ្រូបានធ្វើបទបង្ហាញប្រាប់ដល់កុមារទាំងអស់ ខ្លួនទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ដឹងពីមុន ដូចជាប្រវត្តិប្រាសាទ រឿងព្រេងទាក់ទងនឹងប្រាសាទជាដើម ជាពិសេសការហៅឈ្មោះរចនាសម្ពន្ធរបស់ប្រាសាទតាំងពីផ្លូវចូលប្រាសាទរហូតដល់ក្នុងប្រាសាទ។ ចំពោះការលំបាកកន្លងមកមានការជួបការលំបាកខ្លះៗ ដូចជាការប្រើប្រាស់ពាក្យដែលជាពាក្យបច្ចេកទេសជាដើម៕






ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា តែងតែចុះទៅតាមស្រុកគោលដៅរបស់ខ្លួនជារៀងរាល់សប្តាហ៍ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបេតិកភណ្ឌ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះផ្តល់សេវាកម្មនានាពាក់ព័ន្ធការសាងសង់ និងជួសជុលសំណង់ផ្សេងៗ ផ្តល់បច្ចេកទេសកសិកម្ម និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរព្រមទាំងលើកកម្ពស់សុខុមាលភាពស្រ្តីទើបឆ្លងទន្លេរួច។
នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានជជែកគ្នាច្រើនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងសហការគ្នា រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នអាឡឺម៉ង់ ដែលកំពុងដំណើរការក្នុងរមណីយដ្ឋានអង្គរ។
គណៈប្រតិភូតំបន់ Miyun ក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Jiang Xeufu អភិបាលរងនៃតំបន់Miyun បានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើលទ្ធភាព ដែលអាជ្ញាធរជាតិអប្សរា និងតំបន់Miyunអាចនឹងបង្កើតកិច្ចសហការគ្នានាពេលខាងមុខ។
គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំង កំពុងតែមមាញឹកលើការងារអប់រំប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម អនាម័យ និងទឹកស្អាតជាដើម ទៅលើភូមិចំនួន៤ក្នុងឧទ្យានអង្គរ ដែលបានជ្រើសរើសជាភូមិគំរូ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1266
ម្សិលមិញ
:
2380
សប្តាហ៍នេះ
:
01266
ខែនេះ
:
0068875
សរុប
:
008913018