ព័ត៌មានថ្មីៗ

កម្មវិធីអប់រំបេតិកភណ្ឌកុមារ បង្កើនទាំងការយល់ដឹង ការចូលរួម និងការស្រឡាញ់មរតកវប្បធម៌

បានផ្សាយនៅ ថ្ងៃទី 07 ខែ សីហា ឆ្នាំ2018 12:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងសប្បុរសជននៅក្នុងខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីអំពីកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារនៅសាលាសិក្សាស្រះស្រង់ចាប់ពីថ្នាក់ទី៥ដល់ទី៦។ កម្មវីធីបណ្តុះបណ្តាលនេះ ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ ពិធីផ្សេងៗនៅក្នុងភូមិ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងកុមារបេតិកភណ្ឌពិភពលោកនិងជាអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅក្នុងកម្មសិក្សានៅប្រាសាទបន្ទាយក្តីកាលពីថ្ងៃទី០៥ សីហា ២០១៨ថា ការចុះសិក្សាដល់ទីតាំងគឺមានគោលបំណងបង្រៀនសិស្សឱ្យស្គាល់ពីរចនាសម្ពន្ធប្រាសាទងាយៗ យល់អំពីមូលដ្ឋានគ្រឹះនៃកេរ្តិ៍មរតក យល់ពីអរិយធម៌ខ្មែរនៅសម័យអង្គរតាមប្រាសាទនីមួយៗ ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ បណ្តុះគំនិតស្រទ្បាញ់ និងបណ្តុះចិត្តឱ្យពួកគេចូលរួមការការពារឱ្យបានគង់វង្ស។

លោកបន្ថែមថា ពេលនាំពួកគាត់មកប្រាសាទពេលនេះមិនរំពឹងថាពួកគាត់ទទួលបានចំណេះដឹងទាំងស្រុងនោះទេ ដូច្នេះត្រូវសម្រួលពាក្យខ្លះៗមកជាពាក្យងាយៗដើម្បីឱ្យស្តាប់បានដោយមិនបានពន្យល់លម្អិតទៅលើប្រវត្តិសិល្បៈវែងឆ្ងាយ គ្រាន់តែពន្យល់ប្រវត្តិភូមិសាស្រ្ត ប្រវត្តិសាស្រ្ត បកស្រាយឈ្មោះប្រាសាទ សម័យកាល និងឈ្មោះស្តេច និងរចនាសម្ពន្ធរបស់ប្រាសាទរួមមាន កំពែង ខ្លោងទ្វារ កសិន្ធុ សរសរ សរសរពេជ្រ សរសរផ្អោប ផ្តែរ ព្រះពន្លាជាដើម ដែលធ្វើឱ្យពួកគេឆាប់យល់ ចេះចាំបាន។

កុមារី ជា គុណហ៊ីង រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងច្រើនពីសាសនា និងវប្បធម៌ ជាពិសេសកម្មវិធីបុណ្យប្រពៃណីក្នុងស្រុកភូមិផ្ទាល់ និងមានការផ្លាស់ប្តូរឥរិយាបថ ពេលមកដល់ប្រាសាទ មិនស្រែកឡូឡា មិនប្រឡែងគ្នា មិនចោលសំរាមផ្តេសផ្តាស មិនអង្គុយលើថ្ម លើបង្គាន់ដៃ មិនគូសលើថ្ម មិនយកដៃទៅប៉ះពាល់លើចម្លាក់ ឬបដិមាឡើយ។

កុមារា ធី ធាវ រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌបានឱ្យដឹងថា ប្អូនមានចិត្តស្រលាញ់ប្រាង្គប្រាសាទរបស់ដូនតា និងមានបំណងចូលរួមថែរក្សាឱ្យស្ថិតនៅឱ្យបានគង់វង្ស។ កុមារា ធាវ បានបញ្ជាក់ថា ក្រោយពេលលោកគ្រូបានធ្វើបទបង្ហាញប្រាប់ដល់កុមារទាំងអស់ ខ្លួនទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ដឹងពីមុន ដូចជាប្រវត្តិប្រាសាទ រឿងព្រេងទាក់ទងនឹងប្រាសាទជាដើម ជាពិសេសការហៅឈ្មោះរចនាសម្ពន្ធរបស់ប្រាសាទតាំងពីផ្លូវចូលប្រាសាទរហូតដល់ក្នុងប្រាសាទ។ ចំពោះការលំបាកកន្លងមកមានការជួបការលំបាកខ្លះៗ ដូចជាការប្រើប្រាស់ពាក្យដែលជាពាក្យបច្ចេកទេសជាដើម៕






អាជ្ញាធរជាតិអប្សរានឹងសហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដើម្បីប្រើប្រាស់ក្នុងទំនាក់ទំនងទូទៅ ក៏ដូចជាពាក់ព័ន្ធនឹងការងារជំនាញរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយមានលោកស្រី Kitty Johnson គ្រូបង្រៀនភាសាអង់គ្លេសនៅសហរដ្ឋអាមេរិកជាគ្រូបង្គោល។
អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងធំៗចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទដែលកំពុងរងការហានិភ័យ។
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងក្រុមការងារសហគមន៍ទី០៤ ប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក លឹម អួក តំណាងឯកឧត្ដម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះទៅពិនិត្យសំណើសុំសាងសង់ និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិតាកុះ ភូមិថ្នល់ទទឹង ភូមិអូរទទឹង និងភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី និងនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរា " អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ" សូមជម្រាបជូនដំណឹងដល់និស្សិត និងសាធារណជនឱ្យបានជ្រាបថា ៖ អាជ្ញាធរជាតិអប្សរានឹងធ្វើការជ្រើសរើសបុគ្គលិកថ្នាក់បរិញ្ញាបត្រផ្នែកបុរាណវិទ្យា ឬខាងសារព័ត៌មាន (press) ចំនួន ០២រូប ឱ្យបម្រើការងារនៅមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។
អាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវគម្រោងជាច្រើន ដែលគម្រោងទាំងនោះបានផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម ដំណាំដាំដុះ ការចិញ្ចឹមសត្វជាអាទិភាព ដើម្បីជួយលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋដែលនៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2962
ម្សិលមិញ
:
2539
សប្តាហ៍នេះ
:
05501
ខែនេះ
:
0053974
សរុប
:
009427250