ព័ត៌មានថ្មីៗ

កម្មវិធីអប់រំបេតិកភណ្ឌកុមារ បង្កើនទាំងការយល់ដឹង ការចូលរួម និងការស្រឡាញ់មរតកវប្បធម៌

បានផ្សាយនៅ ថ្ងៃទី 07 ខែ សីហា ឆ្នាំ2018 12:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងសប្បុរសជននៅក្នុងខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីអំពីកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារនៅសាលាសិក្សាស្រះស្រង់ចាប់ពីថ្នាក់ទី៥ដល់ទី៦។ កម្មវីធីបណ្តុះបណ្តាលនេះ ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ ពិធីផ្សេងៗនៅក្នុងភូមិ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងកុមារបេតិកភណ្ឌពិភពលោកនិងជាអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅក្នុងកម្មសិក្សានៅប្រាសាទបន្ទាយក្តីកាលពីថ្ងៃទី០៥ សីហា ២០១៨ថា ការចុះសិក្សាដល់ទីតាំងគឺមានគោលបំណងបង្រៀនសិស្សឱ្យស្គាល់ពីរចនាសម្ពន្ធប្រាសាទងាយៗ យល់អំពីមូលដ្ឋានគ្រឹះនៃកេរ្តិ៍មរតក យល់ពីអរិយធម៌ខ្មែរនៅសម័យអង្គរតាមប្រាសាទនីមួយៗ ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ បណ្តុះគំនិតស្រទ្បាញ់ និងបណ្តុះចិត្តឱ្យពួកគេចូលរួមការការពារឱ្យបានគង់វង្ស។

លោកបន្ថែមថា ពេលនាំពួកគាត់មកប្រាសាទពេលនេះមិនរំពឹងថាពួកគាត់ទទួលបានចំណេះដឹងទាំងស្រុងនោះទេ ដូច្នេះត្រូវសម្រួលពាក្យខ្លះៗមកជាពាក្យងាយៗដើម្បីឱ្យស្តាប់បានដោយមិនបានពន្យល់លម្អិតទៅលើប្រវត្តិសិល្បៈវែងឆ្ងាយ គ្រាន់តែពន្យល់ប្រវត្តិភូមិសាស្រ្ត ប្រវត្តិសាស្រ្ត បកស្រាយឈ្មោះប្រាសាទ សម័យកាល និងឈ្មោះស្តេច និងរចនាសម្ពន្ធរបស់ប្រាសាទរួមមាន កំពែង ខ្លោងទ្វារ កសិន្ធុ សរសរ សរសរពេជ្រ សរសរផ្អោប ផ្តែរ ព្រះពន្លាជាដើម ដែលធ្វើឱ្យពួកគេឆាប់យល់ ចេះចាំបាន។

កុមារី ជា គុណហ៊ីង រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងច្រើនពីសាសនា និងវប្បធម៌ ជាពិសេសកម្មវិធីបុណ្យប្រពៃណីក្នុងស្រុកភូមិផ្ទាល់ និងមានការផ្លាស់ប្តូរឥរិយាបថ ពេលមកដល់ប្រាសាទ មិនស្រែកឡូឡា មិនប្រឡែងគ្នា មិនចោលសំរាមផ្តេសផ្តាស មិនអង្គុយលើថ្ម លើបង្គាន់ដៃ មិនគូសលើថ្ម មិនយកដៃទៅប៉ះពាល់លើចម្លាក់ ឬបដិមាឡើយ។

កុមារា ធី ធាវ រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌបានឱ្យដឹងថា ប្អូនមានចិត្តស្រលាញ់ប្រាង្គប្រាសាទរបស់ដូនតា និងមានបំណងចូលរួមថែរក្សាឱ្យស្ថិតនៅឱ្យបានគង់វង្ស។ កុមារា ធាវ បានបញ្ជាក់ថា ក្រោយពេលលោកគ្រូបានធ្វើបទបង្ហាញប្រាប់ដល់កុមារទាំងអស់ ខ្លួនទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ដឹងពីមុន ដូចជាប្រវត្តិប្រាសាទ រឿងព្រេងទាក់ទងនឹងប្រាសាទជាដើម ជាពិសេសការហៅឈ្មោះរចនាសម្ពន្ធរបស់ប្រាសាទតាំងពីផ្លូវចូលប្រាសាទរហូតដល់ក្នុងប្រាសាទ។ ចំពោះការលំបាកកន្លងមកមានការជួបការលំបាកខ្លះៗ ដូចជាការប្រើប្រាស់ពាក្យដែលជាពាក្យបច្ចេកទេសជាដើម៕






ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះមាតាព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា “ប្រាជ្ញាបារមី”។ ប្រាសាទនេះមានឈ្មោះដើមថា «រាជវិហារ» ត្រូវបានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ធំនាសម័យនោះ។ ក្នុងគម្រោងជួសជុលជំហានទី២ ដែលជាកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ក្រុមការងារបានធ្វើកំណាយនៅសាលរបាំ ហើយបានប្រទះឃើញព្រះពុទ្ធរូប២អង្គ ដែលមានតែដងខ្លួន បាត់ព្រះកេស។
ដើម្បីទទួលបាននូវប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងបរិស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ដល់បុគ្គលិកថ្មីចំនួន១០៣នាក់ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាពគ្រប់គ្រងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលសន្និសិទអង្គរអាជ្ញាធរជាតិអប្សរា។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម     (Facebook)      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី៦ ខែកកក្កដា ឆ្នាំ២០១៧នេះថា ពេលនេះកម្ពុជាកំពុងក្លាយជាចំណុចក្តៅរបស់ទេសចរពិភពលោក ជាពិសេសអង្គរវត្ត អច្ឆរិយៈតែមួយគ្មានពីរលើលោក។ កាលពីប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម អង្គរវត្តនិងប្រាសាទរាប់ពាន់ទៀត ត្រូវបានបោះបង់ចោលដោយគ្មានការថែទាំ ហើយក៏គ្មានភ្ញៀវទេសចរណាហ៊ានមកទស្សនាអង្គរវត្តឡើយ។ សង្រ្គាមគឺធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើន។
សាលរបាំនៃប្រាសាទតាព្រហ្មបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាក់ធ្លាក់នៃដុំថ្មគរលើគ្នាជាគំនរយ៉ាងធំ ពេលនេះកំពុងទទួលបានការជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌា ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ។
ព្រះពុទ្ធរូបប្រក់នាគក្បាលប្រាំពីរមួយព្រះអង្គ ធ្វើពីថ្មភក់ មានទម្រង់ព្រះភ្នែនលើរង្វេលនាគបីជាន់ ស្ថិតក្នុងចុងស.វទី១២ ដើម១៣ សម័យបាយ័ន្ត មានកម្ពស់៥៩ស.ម បណ្តោយ៣០ស.ម ទទឹង១៨ស.ម ត្រូវបានអ្នកភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2613
ម្សិលមិញ
:
19908
សប្តាហ៍នេះ
:
02613
ខែនេះ
:
0283442
សរុប
:
010239589