ព័ត៌មានថ្មីៗ

កម្មវិធីអប់រំបេតិកភណ្ឌកុមារ បង្កើនទាំងការយល់ដឹង ការចូលរួម និងការស្រឡាញ់មរតកវប្បធម៌

បានផ្សាយនៅ ថ្ងៃទី 07 ខែ សីហា ឆ្នាំ2018 12:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងសប្បុរសជននៅក្នុងខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីអំពីកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារនៅសាលាសិក្សាស្រះស្រង់ចាប់ពីថ្នាក់ទី៥ដល់ទី៦។ កម្មវីធីបណ្តុះបណ្តាលនេះ ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ ពិធីផ្សេងៗនៅក្នុងភូមិ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងកុមារបេតិកភណ្ឌពិភពលោកនិងជាអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅក្នុងកម្មសិក្សានៅប្រាសាទបន្ទាយក្តីកាលពីថ្ងៃទី០៥ សីហា ២០១៨ថា ការចុះសិក្សាដល់ទីតាំងគឺមានគោលបំណងបង្រៀនសិស្សឱ្យស្គាល់ពីរចនាសម្ពន្ធប្រាសាទងាយៗ យល់អំពីមូលដ្ឋានគ្រឹះនៃកេរ្តិ៍មរតក យល់ពីអរិយធម៌ខ្មែរនៅសម័យអង្គរតាមប្រាសាទនីមួយៗ ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ បណ្តុះគំនិតស្រទ្បាញ់ និងបណ្តុះចិត្តឱ្យពួកគេចូលរួមការការពារឱ្យបានគង់វង្ស។

លោកបន្ថែមថា ពេលនាំពួកគាត់មកប្រាសាទពេលនេះមិនរំពឹងថាពួកគាត់ទទួលបានចំណេះដឹងទាំងស្រុងនោះទេ ដូច្នេះត្រូវសម្រួលពាក្យខ្លះៗមកជាពាក្យងាយៗដើម្បីឱ្យស្តាប់បានដោយមិនបានពន្យល់លម្អិតទៅលើប្រវត្តិសិល្បៈវែងឆ្ងាយ គ្រាន់តែពន្យល់ប្រវត្តិភូមិសាស្រ្ត ប្រវត្តិសាស្រ្ត បកស្រាយឈ្មោះប្រាសាទ សម័យកាល និងឈ្មោះស្តេច និងរចនាសម្ពន្ធរបស់ប្រាសាទរួមមាន កំពែង ខ្លោងទ្វារ កសិន្ធុ សរសរ សរសរពេជ្រ សរសរផ្អោប ផ្តែរ ព្រះពន្លាជាដើម ដែលធ្វើឱ្យពួកគេឆាប់យល់ ចេះចាំបាន។

កុមារី ជា គុណហ៊ីង រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងច្រើនពីសាសនា និងវប្បធម៌ ជាពិសេសកម្មវិធីបុណ្យប្រពៃណីក្នុងស្រុកភូមិផ្ទាល់ និងមានការផ្លាស់ប្តូរឥរិយាបថ ពេលមកដល់ប្រាសាទ មិនស្រែកឡូឡា មិនប្រឡែងគ្នា មិនចោលសំរាមផ្តេសផ្តាស មិនអង្គុយលើថ្ម លើបង្គាន់ដៃ មិនគូសលើថ្ម មិនយកដៃទៅប៉ះពាល់លើចម្លាក់ ឬបដិមាឡើយ។

កុមារា ធី ធាវ រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌបានឱ្យដឹងថា ប្អូនមានចិត្តស្រលាញ់ប្រាង្គប្រាសាទរបស់ដូនតា និងមានបំណងចូលរួមថែរក្សាឱ្យស្ថិតនៅឱ្យបានគង់វង្ស។ កុមារា ធាវ បានបញ្ជាក់ថា ក្រោយពេលលោកគ្រូបានធ្វើបទបង្ហាញប្រាប់ដល់កុមារទាំងអស់ ខ្លួនទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ដឹងពីមុន ដូចជាប្រវត្តិប្រាសាទ រឿងព្រេងទាក់ទងនឹងប្រាសាទជាដើម ជាពិសេសការហៅឈ្មោះរចនាសម្ពន្ធរបស់ប្រាសាទតាំងពីផ្លូវចូលប្រាសាទរហូតដល់ក្នុងប្រាសាទ។ ចំពោះការលំបាកកន្លងមកមានការជួបការលំបាកខ្លះៗ ដូចជាការប្រើប្រាស់ពាក្យដែលជាពាក្យបច្ចេកទេសជាដើម៕






នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រមាណ៨៩រូប ដែលធ្វើការផ្ទាល់នៅតាមមូលដ្ឋានទទួលបានចំណេះដឹងស្តីពីបេតិកភណ្ឌ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងបន្ថែមទៀតអំពីកិច្ចថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។
សំណង់ស្ពានអណ្តែតទឹក ដែលកំពុងសង់នៅតំបន់អង្គរក្នុងពេលបច្ចុប្បន្ននេះ ពុំមែនជាលើកដំបូងទេ។ តាមពិតទៅ តាមការស្រាវជ្រាវពីអ្នកជំនាញបុរាណវិទ្យា សំណង់ស្ពានស្រាល ឬស្ពានអណ្តែតលើទឹកនេះ មានតាំងពីសម័យបុរាណមកម៉្លេះ គ្រាន់តែសម្ភារៈដែលយកមកសាងសង់ខុសគ្នាតាមទេសកាល និងប្រើបច្ចេកទេសមិនទំនើបដូចបច្ចុប្បន្នតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុម រួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដើម្បីបង្កើនភាពស្និទ្ធស្នាល និងរឹតចំណងសាមគ្គីភាពរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋក្នុងការរួមគ្នាថែរក្សាការពារនិងអភិរក្សបេតិកភណ្ឌដ៏ល្អឯកទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។
ស្ពានអណ្តែតទឹកបណ្តោះអាសន្នធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុងទឹកកសិន្ធុខាងត្បូងស្ពានហាលប្រាសាទអង្គរវត្ត នឹងដាក់ឱ្យដំណើរការប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។ ស្ពាននេះសាងសង់ឡើងដើម្បីបង្វែរចរាចរណ៍ និងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិពេលធ្វើដំណើរឆ្លងកាត់ទៅទស្សនាអង្គរវត្ត ខណៈស្ពានហាលអង្គរវត្តត្រូវបិទទាំងស្រុងដើម្បីទុកលទ្ធភាពឱ្យក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាធ្វើការជួសជុលក្នុងគោលបំណងអភិរក្សស្ពានបុរាណនេះឱ្យបានល្អប្រសើរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
15020
ម្សិលមិញ
:
16400
សប្តាហ៍នេះ
:
103419
ខែនេះ
:
0186374
សរុប
:
009145945