ព័ត៌មានថ្មីៗ

កម្មវិធីអប់រំបេតិកភណ្ឌកុមារ បង្កើនទាំងការយល់ដឹង ការចូលរួម និងការស្រឡាញ់មរតកវប្បធម៌

បានផ្សាយនៅ ថ្ងៃទី 07 ខែ សីហា ឆ្នាំ2018 12:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងសប្បុរសជននៅក្នុងខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីអំពីកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារនៅសាលាសិក្សាស្រះស្រង់ចាប់ពីថ្នាក់ទី៥ដល់ទី៦។ កម្មវីធីបណ្តុះបណ្តាលនេះ ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ ពិធីផ្សេងៗនៅក្នុងភូមិ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងកុមារបេតិកភណ្ឌពិភពលោកនិងជាអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅក្នុងកម្មសិក្សានៅប្រាសាទបន្ទាយក្តីកាលពីថ្ងៃទី០៥ សីហា ២០១៨ថា ការចុះសិក្សាដល់ទីតាំងគឺមានគោលបំណងបង្រៀនសិស្សឱ្យស្គាល់ពីរចនាសម្ពន្ធប្រាសាទងាយៗ យល់អំពីមូលដ្ឋានគ្រឹះនៃកេរ្តិ៍មរតក យល់ពីអរិយធម៌ខ្មែរនៅសម័យអង្គរតាមប្រាសាទនីមួយៗ ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ បណ្តុះគំនិតស្រទ្បាញ់ និងបណ្តុះចិត្តឱ្យពួកគេចូលរួមការការពារឱ្យបានគង់វង្ស។

លោកបន្ថែមថា ពេលនាំពួកគាត់មកប្រាសាទពេលនេះមិនរំពឹងថាពួកគាត់ទទួលបានចំណេះដឹងទាំងស្រុងនោះទេ ដូច្នេះត្រូវសម្រួលពាក្យខ្លះៗមកជាពាក្យងាយៗដើម្បីឱ្យស្តាប់បានដោយមិនបានពន្យល់លម្អិតទៅលើប្រវត្តិសិល្បៈវែងឆ្ងាយ គ្រាន់តែពន្យល់ប្រវត្តិភូមិសាស្រ្ត ប្រវត្តិសាស្រ្ត បកស្រាយឈ្មោះប្រាសាទ សម័យកាល និងឈ្មោះស្តេច និងរចនាសម្ពន្ធរបស់ប្រាសាទរួមមាន កំពែង ខ្លោងទ្វារ កសិន្ធុ សរសរ សរសរពេជ្រ សរសរផ្អោប ផ្តែរ ព្រះពន្លាជាដើម ដែលធ្វើឱ្យពួកគេឆាប់យល់ ចេះចាំបាន។

កុមារី ជា គុណហ៊ីង រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងច្រើនពីសាសនា និងវប្បធម៌ ជាពិសេសកម្មវិធីបុណ្យប្រពៃណីក្នុងស្រុកភូមិផ្ទាល់ និងមានការផ្លាស់ប្តូរឥរិយាបថ ពេលមកដល់ប្រាសាទ មិនស្រែកឡូឡា មិនប្រឡែងគ្នា មិនចោលសំរាមផ្តេសផ្តាស មិនអង្គុយលើថ្ម លើបង្គាន់ដៃ មិនគូសលើថ្ម មិនយកដៃទៅប៉ះពាល់លើចម្លាក់ ឬបដិមាឡើយ។

កុមារា ធី ធាវ រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌបានឱ្យដឹងថា ប្អូនមានចិត្តស្រលាញ់ប្រាង្គប្រាសាទរបស់ដូនតា និងមានបំណងចូលរួមថែរក្សាឱ្យស្ថិតនៅឱ្យបានគង់វង្ស។ កុមារា ធាវ បានបញ្ជាក់ថា ក្រោយពេលលោកគ្រូបានធ្វើបទបង្ហាញប្រាប់ដល់កុមារទាំងអស់ ខ្លួនទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ដឹងពីមុន ដូចជាប្រវត្តិប្រាសាទ រឿងព្រេងទាក់ទងនឹងប្រាសាទជាដើម ជាពិសេសការហៅឈ្មោះរចនាសម្ពន្ធរបស់ប្រាសាទតាំងពីផ្លូវចូលប្រាសាទរហូតដល់ក្នុងប្រាសាទ។ ចំពោះការលំបាកកន្លងមកមានការជួបការលំបាកខ្លះៗ ដូចជាការប្រើប្រាស់ពាក្យដែលជាពាក្យបច្ចេកទេសជាដើម៕






ពិធីសម្ពោធជាផ្លូវការ និងដាក់បញ្ចាំងរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំរយៈពេល២រាត្រី នៅលើដីអង្គរលើព្រះលានជល់ដំរីនៃក្រុងអង្គរធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ តំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ បានដឹកនាំមន្រ្តីបុគ្គលិកសមាជិកក្រុមការងារសហគមន៍ចុះទៅសួរសុខទុក្ខ និងនាំយកថវិកាទៅជួយឧបត្ថម្ភលោក ឈួន ឯម មេឃុំស្វាយចេកនិងក្រុមគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះស្ថិតនៅភូមិព្រះគោ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។
វិហារវត្តអារញ្ញសាគរ គឺជាសំណង់វិហារបុរាណមួយក្នុងចំណោមវិហារជាច្រើនទៀត ដែលមានទីតាំងតាមបណ្តោយស្ទឹងសៀមរាប។ តាមការបញ្ជាក់ពីអ្នកភូមិជិតនេះ វិហារវត្តអារញ្ញសាគរមានអាយុកាលជាង១០០ឆ្នាំ ហើយ ដែលស្ថានភាពសំណង់ទាំងមូលមានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលជាបន្ទាន់។ ក្នុងបុព្វហេតុអភរិក្សសំណង់វិហារបុរាណ អាជ្ញាធរជាតិអប្សរាបានជួយលើផ្នែកបច្ចេកទេស ដើម្បីជួសជុលវិហារវត្តអារញ្ញសាគរ។
នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខលានជល់ដំរីនៃបរិវេណប្រាសាទបាយ័ន សហភាពសហព័ន្ធយុវជនកម្ពុជា សាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធផ្សេងៗ បានរៀបចំពិធីប្រុងពលីបួងសួងសុំសេចក្តីសុខសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៥ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។
ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់នោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំក្រុងស្រុកទាំង៥ក្នុងតំបន់អង្គរដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1160
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04308
ខែនេះ
:
0168237
សរុប
:
009350519