NEWS

កម្មវិធីអប់រំបេតិកភណ្ឌកុមារ បង្កើនទាំងការយល់ដឹង ការចូលរួម និងការស្រឡាញ់មរតកវប្បធម៌

Published on 07 August 2018 12:24 PM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងសប្បុរសជននៅក្នុងខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីអំពីកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារនៅសាលាសិក្សាស្រះស្រង់ចាប់ពីថ្នាក់ទី៥ដល់ទី៦។ កម្មវីធីបណ្តុះបណ្តាលនេះ ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ ពិធីផ្សេងៗនៅក្នុងភូមិ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងកុមារបេតិកភណ្ឌពិភពលោកនិងជាអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅក្នុងកម្មសិក្សានៅប្រាសាទបន្ទាយក្តីកាលពីថ្ងៃទី០៥ សីហា ២០១៨ថា ការចុះសិក្សាដល់ទីតាំងគឺមានគោលបំណងបង្រៀនសិស្សឱ្យស្គាល់ពីរចនាសម្ពន្ធប្រាសាទងាយៗ យល់អំពីមូលដ្ឋានគ្រឹះនៃកេរ្តិ៍មរតក យល់ពីអរិយធម៌ខ្មែរនៅសម័យអង្គរតាមប្រាសាទនីមួយៗ ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ បណ្តុះគំនិតស្រទ្បាញ់ និងបណ្តុះចិត្តឱ្យពួកគេចូលរួមការការពារឱ្យបានគង់វង្ស។

លោកបន្ថែមថា ពេលនាំពួកគាត់មកប្រាសាទពេលនេះមិនរំពឹងថាពួកគាត់ទទួលបានចំណេះដឹងទាំងស្រុងនោះទេ ដូច្នេះត្រូវសម្រួលពាក្យខ្លះៗមកជាពាក្យងាយៗដើម្បីឱ្យស្តាប់បានដោយមិនបានពន្យល់លម្អិតទៅលើប្រវត្តិសិល្បៈវែងឆ្ងាយ គ្រាន់តែពន្យល់ប្រវត្តិភូមិសាស្រ្ត ប្រវត្តិសាស្រ្ត បកស្រាយឈ្មោះប្រាសាទ សម័យកាល និងឈ្មោះស្តេច និងរចនាសម្ពន្ធរបស់ប្រាសាទរួមមាន កំពែង ខ្លោងទ្វារ កសិន្ធុ សរសរ សរសរពេជ្រ សរសរផ្អោប ផ្តែរ ព្រះពន្លាជាដើម ដែលធ្វើឱ្យពួកគេឆាប់យល់ ចេះចាំបាន។

កុមារី ជា គុណហ៊ីង រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងច្រើនពីសាសនា និងវប្បធម៌ ជាពិសេសកម្មវិធីបុណ្យប្រពៃណីក្នុងស្រុកភូមិផ្ទាល់ និងមានការផ្លាស់ប្តូរឥរិយាបថ ពេលមកដល់ប្រាសាទ មិនស្រែកឡូឡា មិនប្រឡែងគ្នា មិនចោលសំរាមផ្តេសផ្តាស មិនអង្គុយលើថ្ម លើបង្គាន់ដៃ មិនគូសលើថ្ម មិនយកដៃទៅប៉ះពាល់លើចម្លាក់ ឬបដិមាឡើយ។

កុមារា ធី ធាវ រៀនថ្នាក់ទី៥ ជាកុមារបេតិកភណ្ឌបានឱ្យដឹងថា ប្អូនមានចិត្តស្រលាញ់ប្រាង្គប្រាសាទរបស់ដូនតា និងមានបំណងចូលរួមថែរក្សាឱ្យស្ថិតនៅឱ្យបានគង់វង្ស។ កុមារា ធាវ បានបញ្ជាក់ថា ក្រោយពេលលោកគ្រូបានធ្វើបទបង្ហាញប្រាប់ដល់កុមារទាំងអស់ ខ្លួនទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ដឹងពីមុន ដូចជាប្រវត្តិប្រាសាទ រឿងព្រេងទាក់ទងនឹងប្រាសាទជាដើម ជាពិសេសការហៅឈ្មោះរចនាសម្ពន្ធរបស់ប្រាសាទតាំងពីផ្លូវចូលប្រាសាទរហូតដល់ក្នុងប្រាសាទ។ ចំពោះការលំបាកកន្លងមកមានការជួបការលំបាកខ្លះៗ ដូចជាការប្រើប្រាស់ពាក្យដែលជាពាក្យបច្ចេកទេសជាដើម៕






គេហទំព័រទេសចរណ៍អង្គរ (www.angkor.com.kh) ដែលបង្កើតឡើងដោយអាជ្ញាធរអប្សរា គឺជាប្រភពព័ត៌មានដ៏សម្បូរបែបសម្រាប់ភ្ញៀវទេសចរស្វែងរកព័ត៌មានទេសចរណ៍ផ្សេងៗ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។
ក្រោយពេលសម្រាលកូនមួយឬពីរសប្តាហ៍អ្នកស្រុកអង្គរ តែងរៀបចំពិធីមួយសម្រាប់ទារកដែលទើបកើត។ ពិធីនោះ គឺពិធីកាត់សក់ទារក។ ជាមួយគ្នានឹងពិធីកាត់សក់ គេនាំគ្នាគោរពយាយម៉បនិងជូនវត្ថុរបស់ផ្សេងៗ ចំពោះរូបគាត់តាមលទ្ធភាពក្នុងន័យសម្តែងនូវការអរគុណ និងខមាទោសចំពោះរូបគាត់ដែលបានជួយខ្វល់ក្នុងការសម្រាលកូនកន្លងមក។ ពិធីនេះគេហៅជាប់គ្នាថា កាត់សក់បង្កក់ឆ្មប។
នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាបានរៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ឃួន ឃុននាយ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីរាត្រីម៉ោង៨.១៥នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្នុងអាយុ៧៩ឆ្នាំ ដោយរោគាពាធនៅប្រទេសកាណាដា។
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលហើយ ដោយគោរពតាមអនុសាសន៍ពីគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC-Angkor។ មុនដំណើរការជួសជុលស្ពានបុរាណមួយនេះ គឺត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ពីទិន្នន័យបុរាណវិទ្យា ក៏ដូចជារចនាសម្ព័ន្ធរបស់ស្ពានហាលទាំងមូល ចៀសវាងហានិភ័យផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់បេតិកភណ្ឌទាំងផ្នែកសោភ័ណភាព និងបុរាណវិទ្យា។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
5314
Yesterday
:
11554
This Week
:
129169
This Month
:
0214025
Total
:
012039656