កម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរបង្កើនការយល់ដឹងនិងក្តីស្រឡាញ់របស់យុវជនចំពោះមរតកវប្បធម៌ជាតិកាន់តែខ្លាំង! អាជ្ញាធរជាតិអប្សរា

ព័ត៌មានថ្មីៗ

កម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរបង្កើនការយល់ដឹងនិងក្តីស្រឡាញ់របស់យុវជនចំពោះមរតកវប្បធម៌ជាតិកាន់តែខ្លាំង!

បានផ្សាយនៅ ថ្ងៃទី 06 ខែ សីហា ឆ្នាំ2018 02:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរការអស់រយៈពេល៣ខែកន្លងមកនេះ កម្មវិធីអប់រំយុវជនបេតិកភណ្ឌអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងអង្គការគាំពារកេរ្តិ៍មរតក មជ្ឈមណ្ឌលយុវជនជាតិកម្ពុជា និងវិស័យឯកជន បានផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត ក្តីស្រឡាញ់ដល់យុវជនស្ម័គ្រចិត្តក្នុងវិស័យនេះគួរឱ្យកត់សម្គាល់។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបាតជុំ នាថ្ងៃទី០៦ សីហា ២០១៨ ដើម្បីរៀនអំពីការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណនិងរបៀបនៃការគូសប្លង់បាតប្រាសាទ លោក អ៊ុក សុធា នាយកមជ្ឈមណ្ឌលយុវជនជាតិកម្ពុជារបស់ក្រសួងអប់រំ យុជន និងកីឡា បានលើកឡើងថា ការងារអប់រំបេតិកភណ្ឌជាផ្នែកមួយដែលក្រសួងបានយកចិត្តទុកដាក់ដល់ក្មេងៗ ពិសេសនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍សម្បូរប្រាង្គប្រាសាទ។ គោលដៅគឺដើម្បីតម្រង់ទិសសិក្សានិងផ្តល់ចំណេះដឹងបេតិកភណ្ឌវប្បធម៌ដល់ពួកគេ ឱ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌជាតិ ឱ្យចូលរួម និងយកចំណេះដឹងទៅបម្រើសេដ្ឋកិច្ចគ្រួសាររបស់ពួកគេនាអនាគត។ តាមការសង្កេតរបស់លោកកន្លងមក ការអប់រំនេះបានផ្លាស់ប្តូរឥរិយាបទរបស់ក្មេងៗពីការមិនដឹងអ្វីទាំងអស់ មកជាដឹង ហើយស្រឡាញ់ ចូលចិត្ត និងលះបង់ពេលវេលាដើម្បីចូលរួម ទោះបីជិតឆ្ងាយ និងមានការជំរុញពីមាតាបិតាពួកគេជាខ្លាំងផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅក្នុងខែទី៣នេះ យើងបានបង្រៀនយុវសិស្សស្ម័គ្រចិត្តអំពីទ្រឹស្តីនិងការអនុវត្តជាក់ស្តែងលើការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណនិងរបៀបនៃការគូសប្លង់បាតប្រាសាទ។ កិច្ចការនេះ ធ្វើឡើងដើម្បីបង្កើនចំណេះដឹងក្នុងការសង្កេត ការគូសប្លង់ កត់ត្រារបាយការណ៍យ៉ាងលម្អិតទៅលើអ្វីដែលពួកគេបានឃើញ និងចេះពីរបៀបវាស់វែងប្រាសាទឱ្យបានច្បាស់លាស់ ជាជំនួយក្នុងការសិក្សាស្រាវជ្រាវបានល្អប្រសើរ។

យុវជន ម៉ម ម៉ាច ជាសិស្សថ្នាក់ទី១១A នៃវិទ្យាល័យនគរធំ បានចាប់អារម្មណ៍ថា ក្រោយចូលជាយុវជនបេតិកភណ្ឌ គឺខ្លួនបានយល់ដឹងច្រើនមរតកវប្បធម៌ជាតិ ពិសេសការស្រាវជ្រាវដោយផ្ទាល់នៅតាមភូមិសាស្ត្រ មានប្រាសាទបន្ទាយក្តីនិងឡតានី។ ក្រៅពីនោះក៏ចេះពីរបៀបសាកសួរព័ត៌មានក្នុងពិធីបុណ្យផ្សេងៗ ការចងក្រងព័ត៌មាន និងបានយល់ដឹងច្បាស់ពីពិធីបុណ្យនិងប្រវត្តិសាស្ត្រនៃប្រាសាទដែលធ្លាប់ដឹងពីមុនមិនសូវច្បាស់។

យុវតី គឹម នឹង មកពីវិទ្យាល័យនគរធំដែរនោះ បានឱ្យដឹងថា មូលហេតុដែលចូលជាយុវជនបេតិកភណ្ឌ គឺព្រោះចង់យល់ដឹងពីសម្បត្តិដូនតានិងពិធីផ្សេងៗដែលនៅសេសសល់ក្នុងតំបន់អង្គរ ហើយក៏ចង់ចេះចង់ដឹងខ្លួនឯងផង។ ក្នុងការសិក្សានេះ គឺមានការលំបាកបន្តិចពេលរៀនទ្រឹស្តី វាស្មុគ្រស្មាញ តែពេលអនុវត្តមិនជាលំបាកទេ។ បើប្រៀបធៀបកាលពីមុននិងក្រោយពេលចូលជាយុវជនបេតិកភណ្ឌ គឺប្លែកជាខ្លាំងសម្រាប់ប្អូន ព្រោះកាលពីមុនពេលចូលប្រាសាទ គឺមិនដឹងមើលអ្វីឡើយ ហើយក៏មិនស្គាល់ថាវត្ថុនៅក្នុងប្រាសាទគេធ្វើតំណាងឱ្យអ្វី ហើយពេលក្នុងភូមិស្រុកធ្វើពិធីបុណ្យអ្វីមួយក៏សូវចាប់អារម្មណ៍ដែរ តែពេលនេះទាំងពេលចូលប្រាសាទនិងមានពិធីបុណ្យក្នុងភូមិ គឺតែងតែចាប់អារម្មណ៍ថាមានអ្វីដែលសំខាន់ គេធ្វើដើម្បីអ្វី មានតាំងពីពេលណា វាសំខាន់បែបម៉េចក្នុងការរស់នៅនិងមនុស្សជាតិ៕










អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងសប្បុរសជននៅក្នុងខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីអំពីកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារនៅសាលាសិក្សាស្រះស្រង់ចាប់ពីថ្នាក់ទី៥ដល់ទី៦។ កម្មវីធីបណ្តុះបណ្តាលនេះ ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ ពិធីផ្សេងៗនៅក្នុងភូមិ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផងដែរ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការអាដហុក (Ad hoc) ផ្នែកអភិរក្ស នៃគណៈកម្មការអាយសីុសីុ-អង្គរ ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នាទីក្រុងប៉ារីស ដោយជំងឺគាំងបេះដូង។ ក្នុងព្រះរាជសារដែលបានផ្ញើទៅលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់លោកសាស្រ្ដាចារ្យ ដែលបានបំពេញបេសកកម្មអន្ដរជាតិដ៏វិសេសវិសាល ចាប់តាំងពីរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២។
អាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍ក្រៀមក្រំក្រៃលែង ចំពោះមរណភាពរបស់លោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការ adhoc ផ្នែកអភិរក្សនៃគណៈកម្មការអាយសីុសីុ-អង្គរ ហើយលោកសាស្ត្រចារ្យបានបំពេញតួនាទីនេះចាប់ពីវិនាទីដំបូង ដែលរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពោលតាំងពីដើមទស្សវត្តឆ្នាំ១៩៩០មកម្លេះ។
កំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីស្ពាននាគរហូតដល់រង្វង់មូលអាជ្ញាធរជាតិអប្សរា បាន រងនូវការខូចខាតដោយអន្លើដែលបណ្តាលមកពីទឹកភ្លៀងនិងកំណើនចរាចរណ៍ខ្លាំងបង្កឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាជននិងភ្ញៀវទេសចរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
15732
ម្សិលមិញ
:
13557
សប្តាហ៍នេះ
:
29289
ខែនេះ
:
0455260
សរុប
:
006768898