ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រកម្ពុជាផ្ញើសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude

បានផ្សាយនៅ ថ្ងៃទី 02 ខែ សីហា ឆ្នាំ2018 02:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការអាដហុក (Ad hoc) ផ្នែកអភិរក្ស នៃគណៈកម្មការអាយសីុសីុ-អង្គរ ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នាទីក្រុងប៉ារីស ដោយជំងឺគាំងបេះដូង។ ក្នុងព្រះរាជសារដែលបានផ្ញើទៅលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់លោកសាស្រ្ដាចារ្យ ដែលបានបំពេញបេសកកម្មអន្ដរជាតិដ៏វិសេសវិសាល ចាប់តាំងពីរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២។

ជាមួយគ្នានេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រោសប្រទាននូវមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍ ដល់សពរបស់លោកសាស្រ្ដាចារ្យ Pierre-André Lablaudeដើម្បីឱ្យស័ក្ដិសមចំពោះការលះបង់របស់លោកសាស្រ្ដាចារ្យ ក្នុងការងារជាច្រើនដើម្បីបុព្វហេតុរមណីយដ្ឋានអង្គរ៕







សិលាចារឹក គឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ស្វែងយល់អំពីប្រទេសកម្ពុជាសម័យមុនអង្គរនិងសម័យអង្គរ។ នៅចុងសតវត្សទី១៩ ការសិក្សាអំពីសិលាចារឹកប្រទេសកម្ពុជាបានចាប់ផ្តើមឡើងនិងបន្តជាហូរហែរហូតមកដល់បច្ចុប្បន្ន។ ការសិក្សាទាំងនេះគឺជាការបកស្រាយនៃមនុស្សសម័យថ្មីអំពីសង្គមសម័យចាស់។ ចុះកាលពីពេលគេចារអក្សរថ្មនៅសម័យចាស់ តើមនុស្សម្នាយល់យ៉ាងណាអំពីសិលាចារឹកនោះ? នេះជាសំនួរដែលយើងខ្ញុំនឹងព្យាយាមឆ្លើយក្នុងបាឋកថានេះ ដោយផ្អែកលើទិន្នន័យអត្ថបទចារឹកនិងចម្លាក់។
ដើម្បីលើកកម្ពស់និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមបងប្អូនអាជីវករនិងភ្ញៀវទេសចរទាំងអស់ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ក្នុងរយៈពេល៤៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
នាឱកាសមកបំពេញទស្សនកិច្ចផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ប្រធានាធិបតីស្រីលង្កា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) និងលោកជំទាវ បានអញ្ជើញមកដល់ខេត្តសៀមរាបដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ ដែលក្នុងនោះ ឯកឧត្តមប្រធានាធិបតីនិងលោកជំទាវ បានអញ្ជើញទៅទស្សនាប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរាដែលដឹកនាំដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរមកដល់ខេត្តសៀមរាបរបស់ឯកឧត្តមប្រធានាធិបតីស្រីលង្កា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) និងលោកជំទាវ នៅព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីនិងលោកជំទាវអញ្ជើញមកទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ។ មានវត្តមានក្នុងពិធីនោះ រួមមានថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំង រួមនិងសិស្សានុសិស្សចូលរួមអបអរក្នុងពិធីនោះដ៏អធិកអធម៕
សម្រាប់ឆ្នាំ២០១៩ គឺជាលើកទី៣ហើយនៃកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ នៅរមណីយដ្ឋានអង្គរ ដែលមានយុវជនចូលរួម១៨នាក់ មកពី៨ប្រទេស គឺកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន។ កម្មវិធីនេះមានរយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីសិក្សានិងទទួលបទពិសោធន៍អំពីការងារអភិរក្សនិងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2780
ម្សិលមិញ
:
4193
សប្តាហ៍នេះ
:
13262
ខែនេះ
:
0080871
សរុប
:
008925014