ព័ត៌មានថ្មីៗ

ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទក្នុងតំបន់រលួសមានការវិវត្តអ្វីខ្លះ?

បានផ្សាយនៅ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ2018 01:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
តំបន់រលួសត្រូវបានគេស្គាល់ថា ជាអតីតរាជធានីដើមសម័យអង្គរ។ តំបន់នេះមានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃប្រាសាទក្នុងតំបន់នេះរងការខូចខាតជាច្រើន ដែលទាមទារឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា។

លោក តាន់ សុផលអនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញជាតិមួយរូបដែលបានចូលរួមជួសជុលប្រាសាទក្នុងតំបន់រលួសចាប់ពីឆ្នាំ២០០០មកទល់នឹងបច្ចុប្បន្ន បានរៀបរាប់នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ អាយស៊ីស៊ី-អង្គរ កាលពីដើមខែ មិថុនា ឆ្នាំ២០១៨ថា៖ ប្រាសាទក្នុងតំបន់រលួសដែលទទួលបានការជួសជុលមានដូចជា ប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ លោកបន្ថែមថា ការជួសជុលទាំងនោះភាគច្រើនជាការជួសជុលប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុលផ្នែករចនាសម្ពន្ធ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការខូតខាតតទៅមុខទៀត។

១. ការជួសជុលប្រាសាទលលៃ

ការជួសជុលប្រាសាទលលៃគឺចាប់ពីឆ្នាំ២០០០មក ដោយផ្តើមពីកាងារតូច រហូតដល់ការងារធំ។ នៅទីនោះអ្នកជំនាញការខ្មែរបានរៀបចំទល់ទ្រ និងជួសជុលរចនាសម្ពន្ធប្រាសាទឥដ្ឋ។ តួប្រាង្គចំនួន២ ដែលទទួលបានការជួសជុលបានជាង ៥០ភាគរយ ដូចជាប្រាង្គនៅជ្រុងពាយ័ព្យមួយ និងនៅជ្រុងឦសានមួយ ហើយក្រុមការងាររំពឹងថា គម្រោងនេះនឹងអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ។

២. ការជួសជុលប្រាសាទព្រះគោ

ការជួសជុលប្រាសាទព្រះគោ ចាប់ផ្តើមពីឆ្នាំ២០០១មក ដោយបានជួសជុលតួប្រាង្គកណ្តាល ដែលជាប្រាង្គធំជាងគេរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៩។ ចំណែកប្រាង្គនៅជុំវិញទាំង៥ទៀត ក៏ទទួលបានការជួសជុលផ្នែកខ្លះដែរ ដូចជាសសរពេជ្រ និងសសរផ្អោប ហើយនៅឆ្នាំ២០១៦-២០១៧ ការជួសជុលបណ្ណាល័យនៅប្រាសាទព្រះគោ ក៏ត្រូវបានរួចរាល់ជាស្ថាពរ។

៣. ការជួសជុលប្រាសាទបាគង

ប្រាសាទបាគងដូចទៅនឹងប្រាសាទផ្សេងទៀតដែរក្នុងតំបន់រលួស គឺប្រាសាទភាគច្រើនសង់ពីដីឥដ្ឋ។ ការងារជួសជុលនៅប្រាសាទនេះ គឺបានជួសជុលប្រាង្គធំនៅជ្រុងពាយ័ព្យ ដែលជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការអាឡឺម៉ង់ GACP ដែលបានបញ្ចប់នៅដើមឆ្នាំ២០១៨។ បច្ចុប្បន្ន គម្រោងកំពុងបន្តជួសជុលប្រាង្គលេខ៨ ដែលជាប្រាសាទឥដ្ឋ ហើយនេះជាការងារមួយដ៏ធំសម្រាប់អាជ្ញាធរជាតិអប្សរា ដែលត្រូវការទាំងពេលវេលា និងថវិកា ដោយសារនៅទីតាំងនោះមានផ្តែធំមួយបានធ្លាក់នៅឆ្នាំ២០១០។ បច្ចុប្បន្នផ្តែនោះបានជួសជុលរួចរាល់ ហើយយើងនឹងរៀបចំឱ្យមានឡើងវិញ។

បើតាមអ្នកជំនាញការងារជួសជុលប្រាសាទ លោក តាន់ សុផល ការជួសជុលប្រាសាទក្នុងតំបន់រលួស មានជួបបញ្ហាមួយចំនួនផងដែរ។ លោកបញ្ជាក់ថា អ្នកបច្ចេកទេស ត្រូវគិតគូរឱ្យបានល្អិតល្អន់លើផ្នែកអ្វីមួយ ដូចជារចនាសម្ពន្ធ គឺការជួសជុលត្រូវគោរពទៅតាមទម្រង់ដើម ទាំងសោភណ្ឌភាព និងភាពរឹងមាំ គឺត្រូវបញ្ចូលធាតុផ្សំទាំងនេះតែមួយ ទើបការងារជួសជុលទទួលបានជោគជ័យ និងមានភាពយូរអង្វែង៕


















អាជ្ញាធរជាតិអប្សរាកំពុងដំណើរការដាក់ផ្ទាំងស្លាកឈ្មោះប្រាសាទដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ធ្វើពីថ្មភក់ប្រមាណ១១៨ផ្ទាំងដាក់នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឱ្យរួចរាល់ក្នុងរយៈពេល២ខែ។
មន្រ្តី-បុគ្គលិកនៃនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា ទទួលការបណ្ដុះបណ្ដាលលើជំនាញថតរូប ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងបំណងដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបន្ទុកផ្នែកព័ត៌មាននិងថតរូប ឱ្យមានចំណេះដឹងបន្ថែមអំពីរបៀបថតរូប។ ជាមួយគ្នានេះដែរ វគ្គសិក្សានេះគឺជាចំណេះដឹងបន្ថែម សម្រាប់បុគ្គលិកនៃនាយកដ្ឋានផ្សព្វផ្សាយ ឱ្យមានគំនិតចេះថត ដើម្បីយកមកផ្សព្វផ្សាយបម្រើដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា។
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បាននាំយកថវិកា៨លានរៀលជូននាយទាហាន ពលទាហាននៃកងយោធភូមិភាគទី៤ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងវេលាចុះសួរសុខទុក្ខ សំណេះសំណាល ជូនពរឆ្នាំថ្មីជាមួយគណៈប្រតិភូក្រសួងទេសចរណ៍ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានទទួលជួបប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាអំពីគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងសៀមរាបផ្នែកខាងជើង ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចប្រជុំពិភាក្សាបានផ្តោតសំខាន់លើការសិក្សាគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងសៀមរាបផ្នែកខាងជើង ដើម្បីបញ្ជៀសការប៉ះពាល់ដល់រមណីយដ្ឋានអង្គរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទដោយរថយន្តប្រភេទធ្ងន់ ព្រមទាំងបញ្ជៀសការកកស្ទះចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនអ្នកធ្វើដំណើរទូទៅក្នុងក្រុងសៀមរាប។
គម្រោងជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តជាបន្តបន្ទាប់ ស្របទៅតាមគោលការណ៍នៃកិច្ចការអភិរក្ស។ ច្រាំងកសិន្ធុផ្នែកខាងលិចស្លាបខាងជើង ត្រូវបានជួសជុសដោយប្រទេសអ៊ីតាលីប្រវែង៨០ម៉ែត្រ (បញ្ចប់នៅឆ្នាំ ២០១៥) និងជួសជុលដោយអាជ្ញាធរជាតិអប្សរាជំហានដំបូងប្រវែង ៤០ម៉ែត្រ(បញ្ចប់នៅឆ្នាំ២០១៧)។ យ៉ាងណាគម្រោងជួសជុលទាំងពីរកន្លងមកពុំទាន់បានភ្ជាប់គ្នានៅឡើយ ដូច្នេះពេលនេះអាជ្ញាធរជាតិអប្សរាមានគោលបំណងជួសជុលកសិន្ធុប្រាសាទអង្គរវត្តដើម្បីតភ្ជាប់ចន្លោះប្រវែង១០ម៉ែត្រនៃគម្រោងទាំងពីរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4572
ម្សិលមិញ
:
2845
សប្តាហ៍នេះ
:
27365
ខែនេះ
:
0071354
សរុប
:
008442761