ព័ត៌មានថ្មីៗ

ពិធីបិទគម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារប្រចាំឆ្នាំ២០១៨នៅបន្ទាយឆ្មារ

បានផ្សាយនៅ ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ2018 06:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងអប់រំបេតិកភណ្ឌកុមារប្រចាំឆ្នាំ២០១៨ នៅបន្ទាយឆ្មារ បានបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ ប៉ុក ណាឌី អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក យឹម សារារិទិ្ធ អគ្គនាយករងបេតិកភណ្ឌ តំណាងលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអាជ្ញាធរជាតិអប្សរា រួមទាំងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន២៦០នាក់។

លោក អ៊ុន មុណីនីតា នាយកប្រតិបត្តិនៃអង្គការគាំពារកេរមរតក បានជម្រាបថា៖ ឆ្នាំ២០១៨ គឺជាឆ្នាំទី៤នៃកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារ ដែលមានកុមារចូលរួមសរុបចំនួន១៧០នាក់ ចាប់ពីថ្នាក់ទី៥និងថ្នាក់ទី៦ មានអាយុចន្លោះពី១០ទៅ១៥ឆ្នាំ ហើយកុមារម្នាក់ៗអាចទទួលបានការបណ្ដុះបណ្ដាលក្នុងកម្មវិធីអប់រំនេះចំនួន២ឆ្នាំ មុននឹងបន្តទៅសិក្សាថ្នាក់អនុវិទ្យាល័យ។ សរុប៤ឆ្នាំមកនេះ កម្មវិធីបានបណ្ដុះចំណេះដឹងនិងបណ្ដុះគំនិតដល់កុមារបានចំនួន៣៦៥នាក់ ឱ្យចេះស្រឡាញ់បេតិកភណ្ឌ និងចូលរួមថែរក្សាមរតកវប្បធម៌ដូនតារបស់ខ្លួនបានយ៉ាងល្អ។

លោក អ៊ឹម សុខរិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលអង្គការគាំពារកេរមរតកនិងជាអនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌនៅអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងពីគោលបំណងនៃគម្រោង គឺដើម្បីឱ្យកុមារដែលកើតនិងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ បានយល់ដឹងនូវកេរមរតកវប្បធ៌មរបស់ខ្លួន ព្រមទាំងបណ្ដុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធម៌ឱ្យចេះស្រឡាញ់ ចេះថែរក្សាការពារ។ ជាពិសេស កុមារទាំងនេះអាចធ្វើជាអ្នកស្នងតំណរនៅសហគមន៍របស់ខ្លួនលើវិស័យថែរក្សាការពារ និងគ្រប់គ្រងកេរមរតកវប្បធ៌មនាពេលអនាគត។

លោកបន្តថា មេរៀននិងសកម្មភាពសិក្សា រៀបចំដោយក្រុមគ្រូបង្រៀនដែលបង្រៀននៅមហាវិទ្យាល័យជិត២០ឆ្នាំមកហើយ និងអ្នកស្រាវជ្រាវផ្នែកសង្គមវប្បធម៌ នរវិទ្យា និងបុរាណវិទ្យា។ ការបង្រៀនម្តងៗ ក៏មានអញ្ជើញលោកគ្រូ អ្នកគ្រូ ចូលរួមស្តាប់ឱ្យបានជ្រួតជ្រាបអំពីមូលដ្ឋានគ្រឹះនៃបេតិកភណ្ឌវប្បធម៌ និងការចូលរួមរបស់សហគមន៍ចំពោះការថែរក្សា-ការពារបេតិកភណ្ឌវប្បធម៌ជាមុនសិន ដើម្បីឱ្យងាយស្រួលក្នុងការជួយជំរុញកុមារសិក្សាតាមគោលការណ៍ណែនាំ និងតម្រូវការនៃកម្មវិធីនេះ។

ចំពោះការអប់រំបេតិកភណ្ឌ គឺមានទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ដោយបញ្ជូនកុមារឱ្យចុះសិក្សាតាមរមណីយដ្ឋាននានាក្នុងតំបន់ និងនៅសារមន្ទីរខេត្តបន្ទាយមានជ័យ ព្រមទាំងឱ្យកុមាររៀនអានសៀវភៅនិទានសម្រាប់កុមារដូចជា៖ រឿង “មនុស្សនិងផ្នូរបុរាណ” និងរឿង “វាចាថ្ម” ដែលជាប្រភេទរឿងនិទានទាក់ទងការរួមគ្នារបស់សហគមន៍ជួយគ្នាថែរក្សាការពារ ទប់ស្កាត់ការបំផ្លិចបំផ្លាញ ការជីកកកាយ និងការជួញដូរវត្ថុបុរាណ ព្រមទាំងឱ្យកុមារចេះគូរគំនូរ និងផាត់ពណ៌ជាដើម។

ការអប់រំនេះ ក៏ជំរុញឱ្យកុមារយល់ពីទម្រង់ផ្សេងៗគ្នានៃបេតិកភណ្ឌទាំងមរតករូបី និងមរតកអរូបី យល់ពីតម្លៃ និងសារៈសំខាន់ៗនៃបេតិកភណ្ឌវប្បធម៌ ឱ្យកុមារចេះពិចារណាលើបញ្ហាទាក់ទងនឹងការជីកកកាយ ការលួចវត្ថុបុរាណ ការបំផ្លិចបំផ្លាញទីតាំងបុរាណដ្ឋាន ឬការឈូសឆាយទីទួលបុរាណធ្វើស្រែចំការ ឬភាពមិនអើពើររបស់សហគមន៍ចំពោះស្ថានីយ៏វប្បធ៌ម-ប្រវត្តិសាស្ត្រ ព្រមទាំងឱ្យកុមារចេះលើកឡើងនូវការថែរក្សាការពារដើម្បីទុកជាផលប្រយោជន៍រួមក្នុងសហគមន៍ និងអាចទទួលបានចំណូលជាប្រចាំតាមរយៈវិស័យទេសចរណ៍វប្បធម៌នាពេលអនាគត។

សូមបញ្ជាក់ថា កម្មវិធីនេះកើតឡើងបានដោយមានការអនុញ្ញាតនិងការជួយជ្រោមជ្រែងគាំទ្រយ៉ាងសកម្មពីសាលាខេត្តបន្ទាយមានជ័យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរអប់រំខេត្ត គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារដែលផ្តួចផ្តើមទ្បើងដោយអង្គការគាំពារកេរមរតក (Heritage Watch) និងក្រុមស្រាវជ្រាវផ្លូវបុរាណរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តគម្រោង នៅសាលាបឋមសិក្សាបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ពីឆ្នាំ២០១៥។

ពិសេសជាងឆ្នាំមុន ឆ្នាំនេះក៏មានសប្បុរសជនខ្មែរនៃក្រុមយុវជននៅសៀមរាប (ភ្នាក់ងារឯកជន) មាន៖ ជាងបាក់វណ្ណហុង ថេមផលគ្រុប ម៉េម៉រនិងស្ប៉ា បានជួយឧបត្ថម្ភជាជំនួយសម្ភារៈសិក្សា រៀបចំអាហារទទួលសម្រាប់កម្មវិធីបិទនេះ ផ្តល់កាបូបស្ពាយចំនួន២០ដល់សិស្សវិទ្យាល័យ និងកង់ចំនួន១០ដល់សិស្សបឋមសិក្សាដែលខ្វះខាតនិងរៀនពូកែ។ នេះជាសញ្ញាវិជ្ជមានខ្លាំង ដែលខ្មែរចាប់ផ្តើមជួយខ្មែរលើវិស័យអប់រំនិងការពារបេតិកភណ្ឌ ហើយជាទីគួរឱ្យមានមោទនៈខ្លាំង ដែលក្រុមយុវជននេះ ក៏បាននិងកំពុងរួមចំណែកដល់ការងារអប់រំបេតិកភណ្ឌនៅអង្គរផងដែរ៕
















នារាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សិល្បៈស្បែកធំខ្មែរនិងសិល្បៈ Arirang របស់កូរ៉េ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់មនុស្សជាតិត្រូវបានបង្ហាញរួមគ្នា ដើម្បីអបអរការបញ្ចប់គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនារាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដែលព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាយស៊ីស៊ី-អង្គរ និងព្រះរាជពិធីលៀងសាយភោជន៍ នៅព្រះលានជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាមានកិត្ដិយសដោយបានចូលរួមថ្វាយបដិសណ្ឋារកិច្ច និងថ្វាយដំណើរយាងនិវត្តរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេច មហាក្សត្រី នរោត្តម មុនីនាថ សីហនុ តាមព្រះទីនាំងពិសេសត្រឡប់ទៅរាជធានីភ្នំពេញវិញបន្ទាប់ពីបំពេញព្រះរាជកិច្ចដ៏ថ្លៃថ្លាមួយចំនួននៅខេត្តសៀមរាប។
កិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ បានបិទបញ្ចប់ជាមួយនឹងលទ្ធផលដ៏គួរឱ្យមោទនភាព។ កិច្ចប្រជុំ ដែលអមជាមួយនឹងការប្រារព្ធខួប ២៥ឆ្នាំ របស់អាយស៊ីស៊ី-អង្គរ ដែលមានការចូលរួមពីព្រះវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសាទរពីភ្ញៀវជាតិ និងអន្ដរជាតិ។
នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ នាសាលសន្និសីទសុខាសៀមរាប បានប្រារព្ធពិធីចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរីនៅក្នុងទីក្រុងអង្គរធំ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា សហប្រធានអាយស៊ីស៊ី-អង្គរ រួមទាំងអ្នកជំនាញជាតិនិងអន្តរជាតិជាច្រើនទៀត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1658
ម្សិលមិញ
:
2569
សប្តាហ៍នេះ
:
07411
ខែនេះ
:
0100570
សរុប
:
007691269