ព័ត៌មានថ្មីៗ

រមណីយដ្ឋានអង្គរនឹងបង្កើនបណ្តាញប្រព័ន្ធទូរសព្ទកាន់តែទូលំទូលាយ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ2018 07:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជាយូរមកហើយដែលតំបន់អង្គរពុំសូវមានសេវាទូរសព្ទគ្រប់គ្រាន់ ដោយសារតំបន់នេះគ្របដណ្តប់ដោយប្រាសាទ និងព្រៃឈើជាច្រើន។ ក្រុមហ៊ុនទូរសព្ទជាច្រើនធ្លាប់បានស្នើមកអាជ្ញាធរជាតិអប្សរា សុំលើកបង្គោលអង់តែន ក្នុងតំបន់អង្គរ ដើម្បីបង្កើនប្រព័ន្ធសេវារបស់ខ្លួន។

ដោយតម្រូវការបច្ចុប្បន្នលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិតកាន់តែខ្លាំង ជាពិសេស ដើម្បីសម្រួលដល់ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាតំបន់អង្គរ អាជ្ញាធរជាតិអប្សរា តាមរយៈការពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ជាពិសេស ក្រោយឆ្លងយោបល់ ជាមួយ គណៈកម្មាធិការ ICC-Angkor រួចមក បានអនុញ្ញាតឲ្យមានការសាងសង់បង្គោលសិប្បនិមិត្ត ដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុនទូរសព្ទផ្សេងៗ អាចបំពាក់ប្រព័ន្ធសេវាទូរសព្ទរបស់ខ្លួនបាន។

កាលពីឆ្នាំ២០១៦ បង្គោលសិប្បនិមិត្តនេះត្រូវសាងសង់ឡើងចំនួន៦ទីតាំងសំខាន់ៗនៅក្នុងតំបន់អង្គរ និងមានក្រុមហ៊ុនទូរសព្ទចំនួន៤ក្នុងប្រទេសកម្ពុជាបានជួលបំពាក់សេវា។ ប៉ុន្តែ ចំនួនបង្គោលនេះ នៅតែមិនអាចផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់អង្គរបានគ្រប់គ្រាន់នៅឡើយ។ នៅក្នុងកិច្ចប្រជុំបច្ចេកទេស ICC-Angkor នាដើមខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ អាជ្ញាធរអប្សរាបានស្នើយោបល់ជូនគណៈកម្មាធិការនេះ ដើម្បីសាងសង់បង្គោលសិប្បនិមិត្តចំនួន១២ទីតាំងបន្ថែមទៀត។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងប្រធានក្រុមការងារអន្តរក្រសួងទាក់ទងការរៀបចំដំឡើងអង់តែនក្នុងតំបន់អង្គរ មានប្រសាសន៍ថា ទោះបីជាការងារនេះមានភាពស្មុគស្មាញ ដោយអាជ្ញាធរជាតិអប្សរា ត្រូវធ្វើការជាមួយដៃគូជាតិ និងអន្តរជាតិអស់រយៈពេលយូរក៏ដោយ តែយើងបាន ស្វែងរកឃើញនូវចំណុចរួមគ្នាពាក់ព័ន្ធនឹងបច្ចេកទេស សម្ភារៈ និងមធ្យោបាយជាដើម ដើម្បីរក្សានូវទេសភាពវប្បធម៌នៃតំបន់អង្គរ និងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមបន្ថែមថា នេះជាការងារសំខាន់សម្រាប់អង្គរ ដើម្បីបម្រើការងារអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់អង្គរ ព្រមទាំងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។ ការងារនេះនឹងជួយដល់កិច្ចការប្រចាំថ្ងៃក្នុងការទំនាក់ទំនង និងជួយសម្រួលដល់បញ្ហាសន្តិសុខក្នុងតំបន់អង្គរផងដែរ។

ឆ្លងតាមកិច្ចពិភាក្សាយ៉ាងល្អិតល្អន់រួចមក គណៈកម្មាធិការ ICC-Angkor បានអនុញ្ញាតលើគម្រោងសាងសង់បង្គោលថ្មីនេះ ជាមួយនឹងអនុសាសន៍ណែនាំឲ្យអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវផ្នែកបុរាណវិទ្យាជាមុននៅគ្រប់ទីតាំងដែលគ្រោងនឹងសាងសង់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ផ្នែកបុរាណវិទ្យា និងតម្រូវឲ្យរចនាបង្គោលនិងពណ៌ ស៊ីគ្នានឹងស្ថានភាពជាក់ស្តែងនៃដើមឈើធម្មជាតិដែលមាននៅទីនោះ ក្នុងន័យថែរក្សានូវទេសភាពវប្បធម៌ដែលមានស្រាប់។

ចំពោះទីតាំងដែលត្រូវដំឡើងអង់តែនដើមឈើសិប្បនិមិត្តទាំង១២កន្លែងស្ថិតនៅទីតាំងនៃតំបន់ការពារទី១ និងតំបន់ការពារទី២នៃរមណីយដ្ឋានអង្គរ ដូចជា នៅភូមិស្រះស្រង់ ភូមិប្រដាក ភូមិគោកស្នួល ជិតចំណតភ្នំបាខែង ភូមិលាងដៃ ភូមិមណ្ឌល៣ ជិតព្រះលានជល់ដំរី ក្បែរព្រលានយន្តហោះ ជិតចំណតនាគព័ន្ធ តាមបណ្តោយផ្លូវជាតិលេខ៦A ភូមិទឹកវិល និងក្បែរប្រាសាទបាយ័ន។ បង្គោលទាំងនេះមានកម្ពស់ចន្លោះពី១៨ម ទៅ៤០ តាមស្ថានភាពជាក់ស្តែង និងមានទ្រង់ទ្រាយដូចដើមឈើនៅក្បែរៗនោះស្រាប់។

បច្ចុប្បន្ន ក្រុមការងារកំពុងពិភាក្សាលម្អិតជាមួយក្រុមហ៊ុនដំឡើងបង្គោល ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងមួយ ហើយអាចនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ មិនយូរទៀតទេ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងតំបន់អង្គរ នឹងទទួលបានសេវាអ៊ិនធើណិតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់លើប្រព័ន្ធទូរសព្ទ និងតម្រូវការផ្សេងៗទៀត។ នេះជាផ្នែកមួយនៃការអភិវឌ្ឍរមណីយដ្ឋានអង្គរ ដែលផ្តោតលើការផ្តល់ជូននូវសុខដុមភាពដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ហើយរក្សាបាននូវតម្លៃអង្គរដោយចីរភាព៕





ជាលទ្ធផលការចុះតាមដានភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នៃសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015 មកពីគ្រប់យកដ្ឋាន និងអង្គភាពចំណុះទាំង១៦របស់អាជ្ញាធរជាតិអប្សរា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៩ មកដល់នេះ ទទួលបានការវាយតម្លៃ បង្ហាញថា សូន្យភាពមិនអនុលោម ២ចំណុចតាមសង្កេត ២៥អនុសាសន៍ និង៥ចំណុចប្រសើរ។
បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យជួសជុល កែលម្អគេហដ្ឋាន ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស អ្នកស្រុកបានធ្វើការជួសជុល កែលម្អគេហដ្ឋាន ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស ខុសពីលិខិតអនុញ្ញាត ដែលធ្វើឱ្យសំណង់របស់ពួកគេក្លាយជាសំណង់ខុសច្បាប់ទៅវិញ។
ប្រាសាទព្រហ្មកិល ជាមន្ទីរពេទ្យបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ កសាងអំពីថ្មភក់ ចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ នាពេលបច្ចុប្បន្នប្រាសាទនេះមានសភាពទ្រុឌទ្រោម រងការខូចខាតជាខ្លាំង ដោយជញ្ជាំងប្រាសាទមួយផ្នែកនៅជ្រុងនិរតីបានដួលរលំ និងខឿនប្រាសាទរលុះស្ទើរតែទាំងស្រុង។
ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០នៃអង្គការយូណេស្កូ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បាននាំយកទៅជាមួយនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ដើម្បីបំពាក់ជូនមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃអង្គការយូណេស្កូដែលបានខិតខំជួយជ្រោមជ្រែងកម្ពុជាឲ្យសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើននាពេលកន្លងមក។
ប្រតិភូអចិន្ត្រៃយ៍រងនៃស្ថានប្រតិភូអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ ឯកឧត្តម ដេវីត មាសកេត ត្រូវបានជ្រើសរើសធ្វើជាអ្នករាយការណ៍សម្រាប់គណៈកម្មការទី៤ទទួលបន្ទុកកិច្ចការវប្បធម៌និងបេតិកភណ្ឌក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌ក្នុងខណៈដែលវេទិកានេះកំពុងតែប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0624
ម្សិលមិញ
:
14863
សប្តាហ៍នេះ
:
86730
ខែនេះ
:
0218856
សរុប
:
009687613