ព័ត៌មានថ្មីៗ

រមណីយដ្ឋានអង្គរនឹងបង្កើនបណ្តាញប្រព័ន្ធទូរសព្ទកាន់តែទូលំទូលាយ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ2018 07:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជាយូរមកហើយដែលតំបន់អង្គរពុំសូវមានសេវាទូរសព្ទគ្រប់គ្រាន់ ដោយសារតំបន់នេះគ្របដណ្តប់ដោយប្រាសាទ និងព្រៃឈើជាច្រើន។ ក្រុមហ៊ុនទូរសព្ទជាច្រើនធ្លាប់បានស្នើមកអាជ្ញាធរជាតិអប្សរា សុំលើកបង្គោលអង់តែន ក្នុងតំបន់អង្គរ ដើម្បីបង្កើនប្រព័ន្ធសេវារបស់ខ្លួន។

ដោយតម្រូវការបច្ចុប្បន្នលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិតកាន់តែខ្លាំង ជាពិសេស ដើម្បីសម្រួលដល់ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាតំបន់អង្គរ អាជ្ញាធរជាតិអប្សរា តាមរយៈការពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ជាពិសេស ក្រោយឆ្លងយោបល់ ជាមួយ គណៈកម្មាធិការ ICC-Angkor រួចមក បានអនុញ្ញាតឲ្យមានការសាងសង់បង្គោលសិប្បនិមិត្ត ដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុនទូរសព្ទផ្សេងៗ អាចបំពាក់ប្រព័ន្ធសេវាទូរសព្ទរបស់ខ្លួនបាន។

កាលពីឆ្នាំ២០១៦ បង្គោលសិប្បនិមិត្តនេះត្រូវសាងសង់ឡើងចំនួន៦ទីតាំងសំខាន់ៗនៅក្នុងតំបន់អង្គរ និងមានក្រុមហ៊ុនទូរសព្ទចំនួន៤ក្នុងប្រទេសកម្ពុជាបានជួលបំពាក់សេវា។ ប៉ុន្តែ ចំនួនបង្គោលនេះ នៅតែមិនអាចផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់អង្គរបានគ្រប់គ្រាន់នៅឡើយ។ នៅក្នុងកិច្ចប្រជុំបច្ចេកទេស ICC-Angkor នាដើមខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ អាជ្ញាធរអប្សរាបានស្នើយោបល់ជូនគណៈកម្មាធិការនេះ ដើម្បីសាងសង់បង្គោលសិប្បនិមិត្តចំនួន១២ទីតាំងបន្ថែមទៀត។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងប្រធានក្រុមការងារអន្តរក្រសួងទាក់ទងការរៀបចំដំឡើងអង់តែនក្នុងតំបន់អង្គរ មានប្រសាសន៍ថា ទោះបីជាការងារនេះមានភាពស្មុគស្មាញ ដោយអាជ្ញាធរជាតិអប្សរា ត្រូវធ្វើការជាមួយដៃគូជាតិ និងអន្តរជាតិអស់រយៈពេលយូរក៏ដោយ តែយើងបាន ស្វែងរកឃើញនូវចំណុចរួមគ្នាពាក់ព័ន្ធនឹងបច្ចេកទេស សម្ភារៈ និងមធ្យោបាយជាដើម ដើម្បីរក្សានូវទេសភាពវប្បធម៌នៃតំបន់អង្គរ និងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមបន្ថែមថា នេះជាការងារសំខាន់សម្រាប់អង្គរ ដើម្បីបម្រើការងារអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់អង្គរ ព្រមទាំងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។ ការងារនេះនឹងជួយដល់កិច្ចការប្រចាំថ្ងៃក្នុងការទំនាក់ទំនង និងជួយសម្រួលដល់បញ្ហាសន្តិសុខក្នុងតំបន់អង្គរផងដែរ។

ឆ្លងតាមកិច្ចពិភាក្សាយ៉ាងល្អិតល្អន់រួចមក គណៈកម្មាធិការ ICC-Angkor បានអនុញ្ញាតលើគម្រោងសាងសង់បង្គោលថ្មីនេះ ជាមួយនឹងអនុសាសន៍ណែនាំឲ្យអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវផ្នែកបុរាណវិទ្យាជាមុននៅគ្រប់ទីតាំងដែលគ្រោងនឹងសាងសង់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ផ្នែកបុរាណវិទ្យា និងតម្រូវឲ្យរចនាបង្គោលនិងពណ៌ ស៊ីគ្នានឹងស្ថានភាពជាក់ស្តែងនៃដើមឈើធម្មជាតិដែលមាននៅទីនោះ ក្នុងន័យថែរក្សានូវទេសភាពវប្បធម៌ដែលមានស្រាប់។

ចំពោះទីតាំងដែលត្រូវដំឡើងអង់តែនដើមឈើសិប្បនិមិត្តទាំង១២កន្លែងស្ថិតនៅទីតាំងនៃតំបន់ការពារទី១ និងតំបន់ការពារទី២នៃរមណីយដ្ឋានអង្គរ ដូចជា នៅភូមិស្រះស្រង់ ភូមិប្រដាក ភូមិគោកស្នួល ជិតចំណតភ្នំបាខែង ភូមិលាងដៃ ភូមិមណ្ឌល៣ ជិតព្រះលានជល់ដំរី ក្បែរព្រលានយន្តហោះ ជិតចំណតនាគព័ន្ធ តាមបណ្តោយផ្លូវជាតិលេខ៦A ភូមិទឹកវិល និងក្បែរប្រាសាទបាយ័ន។ បង្គោលទាំងនេះមានកម្ពស់ចន្លោះពី១៨ម ទៅ៤០ តាមស្ថានភាពជាក់ស្តែង និងមានទ្រង់ទ្រាយដូចដើមឈើនៅក្បែរៗនោះស្រាប់។

បច្ចុប្បន្ន ក្រុមការងារកំពុងពិភាក្សាលម្អិតជាមួយក្រុមហ៊ុនដំឡើងបង្គោល ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងមួយ ហើយអាចនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ មិនយូរទៀតទេ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងតំបន់អង្គរ នឹងទទួលបានសេវាអ៊ិនធើណិតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់លើប្រព័ន្ធទូរសព្ទ និងតម្រូវការផ្សេងៗទៀត។ នេះជាផ្នែកមួយនៃការអភិវឌ្ឍរមណីយដ្ឋានអង្គរ ដែលផ្តោតលើការផ្តល់ជូននូវសុខដុមភាពដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ហើយរក្សាបាននូវតម្លៃអង្គរដោយចីរភាព៕





តាមរយៈកម្មវិធីអប់រំបេតិកភណ្ឌកុមារតំបន់អង្គរ កុមារសាលាបឋមសិក្សាស្រះស្រង់ប្រមាណ៧០នាក់ចុះទស្សនសិក្សាស្វែងយល់បន្ថែមអំពីចង្វាក់ផលិតកម្មចម្លាក់ឈើ ចម្លាក់ថ្មកែវ ថ្មភក់ ចម្លាក់ស្ពាន់ ចម្លាក់បិទមាស គំនូរលើសូត្រ លើក្តារ កុលាលភាជន៍ និងតម្បាញសូត្រដែលធ្វើដោយដៃនៅសិប្បកម្មអង្គរ ហៅកាត់ថា (Artisans d’Angkor) ដើម្បីឱ្យកុមារយល់ដឹងដំណើរការផលិតវត្ថុសិល្បៈ ដែលជាផ្នែកមួយបញ្រ្ជាបចំណេះដឹងឱ្យកុមារចូលរួមថែរក្សា និងលើកតម្លៃសម្បត្តិបេតិកភណ្ឌ។
ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ។
ម្ចាស់សំណង់ឈ្មោះ ក្រួច ចាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ត្រូវបានក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះបញ្ឈប់សកម្មភាពការសាងសង់សំណង់ ដែលមានច្បាប់អនុញ្ញាតលេខ. ៦៦៤/១៩ សសរអញ ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៩។ មូលហេតុនៃការបញ្ឈប់នេះ គឺម្ចាស់សំណង់បានធ្វើខុសគោលការណ៍ច្បាប់អនុញ្ញាតដែលចេញដោយអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីកុលាលភាជន៍ កិច្ចការអភិរក្ស និងចងក្រងឯកសារ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌបានចូលរួមសិក្សាកុលាលភាជន៍ធ្វើបទបង្ហាញ ដោយលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានៅមជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងអនុវត្តជាក់ស្តែងអំពីការជួសជុល អភិរក្ស និងរក្សាទុកទិន្នន័យនៅអង្គភាពកុលាលភាជន៍អង្គរដែលជាផ្នែកមួយនៃកម្មវិធីសម្រាប់សិក្សាស្វែងយល់នូវសកម្មភាពអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានរបស់យុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ។
សិលាចារឹក គឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ស្វែងយល់អំពីប្រទេសកម្ពុជាសម័យមុនអង្គរនិងសម័យអង្គរ។ នៅចុងសតវត្សទី១៩ ការសិក្សាអំពីសិលាចារឹកប្រទេសកម្ពុជាបានចាប់ផ្តើមឡើងនិងបន្តជាហូរហែរហូតមកដល់បច្ចុប្បន្ន។ ការសិក្សាទាំងនេះគឺជាការបកស្រាយនៃមនុស្សសម័យថ្មីអំពីសង្គមសម័យចាស់។ ចុះកាលពីពេលគេចារអក្សរថ្មនៅសម័យចាស់ តើមនុស្សម្នាយល់យ៉ាងណាអំពីសិលាចារឹកនោះ? នេះជាសំនួរដែលយើងខ្ញុំនឹងព្យាយាមឆ្លើយក្នុងបាឋកថានេះ ដោយផ្អែកលើទិន្នន័យអត្ថបទចារឹកនិងចម្លាក់។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0973
ម្សិលមិញ
:
2464
សប្តាហ៍នេះ
:
03437
ខែនេះ
:
0071046
សរុប
:
008915189