ព័ត៌មានថ្មីៗ

កីឡាការិនីជិត២០០នាក់ចូលរួមព្រឹត្តិការណ៍កីឡាRAID Amazones ជាលើកទី២នៅទឹកដីអង្គរ

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិនា ឆ្នាំ2018 01:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រឹត្តិការណ៍កីឡាRAID Amazones ដែលប្រមូលផ្តុំដោយអ្នកចូលរួមសុទ្ធតែជាស្ត្រីបានចាប់ផ្តើមហើយនៅព្រឹកព្រលឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅលើទឹកដីអង្គរខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ១៧៤នាក់ ចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក។

ក្នុងពិធីបើកព្រឹត្តិការណ៍ជាផ្លូវការព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Eva Nguyen Bin ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកឧត្តម ង៉ាន់ ភិរុណ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី និងក្រុមកីឡារិនីទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះនៅលើទឹកដីខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ឯកឧត្តមក៏បានជូនពរកីឡារិនីបានទទួលបទពិសោធន៍ល្អៗពីការមកកាន់កម្ពុជានៅពេលនេះ៕

ឯកឧត្តម សុខ សង្វារ បានថ្លែងអំណរគុណគណៈអធិបតី សមត្ថកិច្ចពាក់ព័ន្ធ និងដៃគូសហការទាំងអស់ដែលបានផ្តួចផ្តើមឲ្យមានព្រឹត្តិការណ៍នេះឡើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំឭកផងដែរអំពីសុខសន្តិភាពដ៏ពេញលេញនៅកម្ពុជាបច្ចុប្បន្ន ដែលកត្តានេះធ្វើឲ្យកម្ពុជាអាចទទួលរៀបចំនូវព្រឹត្តិការណ៍លំដាប់អន្តរជាតិផ្សេងៗ ដូចជាព្រឹត្តិការណ៍RAID Amazonesនៅពេលនេះជាដើម។ ឯកឧត្តមសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយលើឆាកអន្តរជាតិនូវព្រឹត្តិការណ៍ដ៏ធំនេះ ប្រជាពលរដ្ឋរាប់លាននាក់ជុំវិញពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេស គឺអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យរបស់កម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវ Eva Nguyen Bin ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក៏បានថ្លែងកីឡារិនីទាំងអស់ ដែលបានធ្វើដំណើរយ៉ាងវែងឆ្ងាយមកចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះនៅទឹកដីអង្គររបស់កម្ពុជា។ លោកជំទាវក៏បានជូនពរកីឡារិនីទាំងអស់ភ្ជាប់នឹងថ្ងៃ៨មីនា ដែលជាទិវាសិទ្ធិនារីដ៏សំខាន់លើពិភពលោកផងដែរ៕

ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី៣នេះប្រព្រឹត្តទៅរយៈ៥ថ្ងៃ ដោយថ្ងៃដំបូងនេះ គឺរត់ប្រណាំងក្នុងតំបន់អង្គរក្នុងចម្ងាយ១៧,៥គម ចេញពីកន្លែងលក់សំបុត្រទៅដល់ខ្លោងទ្វារចូលខាងលិចនៃប្រាសាទបាយ័ន។ ក្រៅពីនេះ RAID Amazones នឹងមានសកម្មភាពកីឡាផ្សេងទៀតដូចជា ការជិះកង់ និងការជិះទូកជាដើម ព្រមទាំងការទស្សនាស្វែងយល់ពីវប្បធម៌ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ។

គួររំឭកថា RAID Amazones ជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក មានសុទ្ធតែនារីជាអ្នកចូលរួម។ កីឡានេះ បង្កើតឡើងដោយអតីតពិធីករទូរទស្សន៍ជនជាតិបារាំងឈ្មោះ ALEXANDER DEBANNE មានរយៈពេល១៥ឆ្នាំមកហើយ និងបានធ្វើនៅតាមបណ្តាប្រទេសជាច្រើន។

នេះជាលើកទី២សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ ដែលរៀបចំឡើងនៅលើទឹកដីអង្គរ។ លើកទី១ គឺកាលពីខែធ្នូឆ្នាំ២០១៤ និងលើកទី២ចែកជា២ដំណាក់កាលដោយកត្តាអ្នកចូលរួមច្រើនលើសលុបគឺកាលពីខែធ្នូ ឆ្នាំ២០១៧មួយដំណាក់កាល និងខែមីនានេះមួយដំណាក់កាល។ ព្រឹត្តិការណ៍នេះ សហការរៀបចំដោយអាជ្ញាធរជាតិអប្សរា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី និងក្រុមហ៊ុនបារាំងឈ្មោះ ZBO រួមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានបារាំង។

ការរៀបចំព្រឹត្តិការណ៍ RAID Amazones នៅលើទឹកដីអង្គរ គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញអំពីសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាលើការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលមិនត្រឹមគិតគូរលើការងារអភិរក្សប៉ុណ្ណោះទេ តែក៏ផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការរៀបចំកម្មវិធីអន្តរជាតិល្បីៗ ដើម្បីទាក់ទាញទេសចរមកកាន់កម្ពុជាកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ៕















ច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច ស្លាបខាងជើងប្រវែង៤០ម៉ែត្រ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរារួចរាល់ជាស្ថាពរកាលពីចុងឆ្នាំ២០១៧ និងកំពុងបន្តជួសជុលប្រវែង២០ម៉ែត្របន្ថែមទៀត នៅក្នុងឆ្នាំ២០១៨។
មនុស្សប្រមាណជាង៤០០នាក់ មកពីវិស័យឯកជនតាមរយៈសមាគមធនធានមនុស្សនិងសមាគមទេសចរណ៍ខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរានៃគម្រោងអប់រំបេតិកភណ្ឌបានជួបជុំគ្នាដាំដើមឈើជាង២០០០ដើមនៅខាងត្បូងបរិវេណប្រាសាទបន្ទាយក្តី កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
នៅក្នុងខែសីហា ឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាចបានចំនួន១០៩ករណី។

គោលដៅទាំងនោះមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន២៨ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន១២ករណី ស្រុកពួក អនុញ្ញាតបានចំនួន០៥ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន៥៤ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន១០ករណី។
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា នៅព្រឹកថ្ងៃទី៣១ ខែសីហា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងរៀបចំខួបលើកទី២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយសីុសីុ-អង្គរ។
លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៨។ ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្ដ សៀមរាប នៅព្រឹកថ្ងៃទី៣០ ខែសីហា លោកជំទាវរដ្ឋមន្រ្ដី បានធ្វើទស្សនកិច្ចរមណីយដ្ឋានអង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិម ជី ស៊ី ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
5184
ម្សិលមិញ
:
2939
សប្តាហ៍នេះ
:
19986
ខែនេះ
:
0051646
សរុប
:
007306077