ព័ត៌មានថ្មីៗ

អ្នកជំនាញបុរាណវិទ្យា៤ស្ថាប័នបញ្ចប់វគ្គសិក្សាអំពីការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ2018 11:16 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សិក្ខាកាម២២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពី ការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។

វគ្គសិក្សានេះបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បង្រៀនដោយលោកសាស្រ្តាចារ្យ ជនជាតិបារាំង Jean-Christophe SIMON អ្នកជំនាញផ្នែកស្ថាបត្យកម្មបេតិកភណ្ឌ។

ថ្លែងក្នុងពិធីបិទវគ្គនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ លោកសាស្ត្រាចារ្យ Jean-Christophe SIMON បានឱ្យដឹងថា វគ្គសិក្សានេះធ្វើឡើងក្នុងបំណងពង្រឹងការធ្វើការងារជាក្រុម និងការចែករំលែកព័ត៌មាន ដើម្បីរៀបចំឯកសារផែនការមេដែលជារឿងដ៏មានសារៈសំខាន់សម្រាប់ការរៀបចំផែនការអភិរក្សប្រាសាទនិងអភិវឌ្ឍន៍រមណីយដ្ឋាន។ លើសពីនោះទៀត វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឱ្យកាន់តែប្រសើរនូវការអភិរក្សប្រាសាទតាមរយៈការវិភាគពីផលប៉ះពាល់លើសម្ភារៈសំណង់ រៀបចំគោលនយោបាយសម្រាប់ទេសចរណ៍ ដើម្បីអាចទទួលបានសេវាចាំបាច់មួយចំនួន និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅក្នុងតំបន់នោះ។

លោកសាស្ត្រាចារ្យបន្តទៀតថា ក្នុងការសិក្សាគឺផ្តោតសំខាន់លើទ្រឹស្តីផងនិងការអនុវត្តតាមទីតាំងជាក់ស្តែងផង ទៅលើគោលដៅ២កន្លែង គឺប្រាសាទបាគងនិងប្រាសាទព្រះគោ ដោយបែងចែកសិក្ខាកាមជា៣ក្រុម គឺក្រុមទី១ សិក្សាអំពីការខូចខាតរបស់ប្រាសាទ ក្រុមទី២ សិក្សាអំពីជីវភាពសហគមន៍នៅជុំវិញប្រាសាទ និងក្រុមទី៣ សិក្សាអំពីទេសភាពវប្បធម៌ក្នុងតំបន់។

លោក សយ សុភារិន្ទ បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកឡើងថា ក្រុមលោកបានសិក្សាអំពីរចនាសម្ព័ន្ធប្រាសាទព្រះគោ ដោយសង្កេតរកមូលហេតុនៃការពុកផុយ ការបាក់ស្រុត និងការបំផ្លាញដោយកត្តាផ្សេងៗមកលើថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ សិក្សាលើកត្តាទឹកដែលនៅជុំវិញប្រាសាទ ឬទឹកដក់នៅតាមប្រាសាទ និងសិក្សាការប៉ះពាល់បណ្តាលមកពីរុក្ខជាតិដែលដុះតាមប្រាសាទ និងរិះរកវិធីសាស្រ្តដើម្បីកាត់បន្ថយការបំផ្លាញ ហើយរកដំណោះស្រាយជាបន្ទាន់ដើម្បីស្រោចស្រង់ និងរៀបចំផែនការមេសម្រាប់ជួសជុល។

លោក រ៉េត សុផល បុគ្គលិកនាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ តំណាងឱ្យក្រុមទី២ បានឱ្យដឹងថា ក្រុមលោកបានបែងចែកជា២សំខាន់គឺ សកម្មភាពសហគមន៍បម្រើផលប្រយោជន៍ឱ្យសហគមន៍ និងសកម្មភាពសហគមន៍បម្រើផលប្រយោជន៍ឱ្យវិស័យទេសចរណ៍។ ក្រុមនេះសិក្សាអំពីមុខរបរ ការដាំដុះសម្រាប់គ្រួសារ និងលក់ទៅលើទីផ្សារ រួមទាំងសកម្មភាពមួយចំនួនទៀតដូចជាតម្បាញ ចម្លាក់ អាហារដ្ឋានសម្រាប់បម្រើភ្ញៀវទេសចរដើម្បីរកចំណូលបន្ថែម។

លោក សុខ សូសិលា បុគ្គលិកបច្ចេកទេស នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ ក៏បានលើកឡើងដែរ ក្រុមលោកសិក្សាអំពីទេសភាពវប្បធម៌ ផ្តោតសំខាន់ទៅលើតំបន់ជុំវិញទាំងមូល មានប្រភេទដើមឈើ សំណង់ផ្ទះប្រជាជន ផ្ទះបុរាណ សម្ភារៈសំណង់ និងរបងដែលសង់អំពីបង្គោលឈើឬថ្មជាដើម ដើម្បីធ្វើយ៉ាងណាជៀសវាងការប៉ះពាល់តម្លៃលេចធ្លោរបស់ប្រាសាទ។

គួររំឭកដែរថា នេះជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលរបៀបនេះឡើងដល់អ្នកជំនាញខ្មែរ ឱ្យកាន់តែមានភាពប្រសើរឡើងក្នុងជំនាញរបស់ខ្លួនលើវិស័យបេតិកភណ្ឌ។ សិក្ខាកាមក៏សំណូមពរដល់ថ្នាក់ដឹកឱ្យរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តទៅទៀត ដោយមានគ្រូបង្គោលទាំងខ្មែរនិងបរទេស មកបង្ហាត់បង្ហាញធ្វើឱ្យពួកគាត់ទទួលចំណេះដឹងថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងប្រាសាទ និងការគ្រប់គ្រងរមណីយដ្ឋានទាំងមូល៕

















កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង ACHA សហការជាមួយអង្គការ IDE (In Partnership Promoting Agribusiness) បានបើកវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារកសិផលដល់ប្រជាកសិករ ជាកសិករគំរូនិងអ្នកធ្វើតាមចំនួន២០គ្រួសារ ដែលស្ថិតនៅភូមិអូរ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករក្នុងការដាំដុះកសិកម្មបន្ថែមទៀត។
ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។
ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុលសំណង់និងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាជនក្នុងតំបន់អង្គរ ដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ បង្កផលប៉ះពាល់ដល់ទីជម្រកនិងការរស់នៅយ៉ាងខ្លាំង។
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា បង្កើតកម្មវិធីអប់រំថ្មីមួយហៅថា «អប់រំបេតិកភណ្ឌ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងបញ្ជ្រាបតម្លៃបេតិកភណ្ឌ ដល់សិក្សានុសិស្សនៃសាលាបឋមសិក្សានៅក្នុងតំបន់អង្គរ តាមរយៈការបើកវគ្គបណ្តុះបណ្តាល អប់រំខ្លីៗចំនួនមួយឆមាសម្តង។ កម្មវិធីក្នុងជំហានដំបូងបានចាប់ដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាស្រះស្រង់។
ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៨ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង រួមនឹងក្រុមការងារ បានចុះជួបប្រជាពលរដ្ឋ នៅភូមិឪឡោក និងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលជួបគ្រោះធម្មជាតិដោយផ្ទះ និងរោង របស់ពួកគាត់ដួលរាបដល់ដី ដោយសារភ្លៀងមួយមេធំលាយដោយខ្យល់ ព្យុះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
9084
ម្សិលមិញ
:
10837
សប្តាហ៍នេះ
:
69376
ខែនេះ
:
0210707
សរុប
:
005848013