ព័ត៌មានថ្មីៗ

លោកជំទាវ ម៉ែន សំអន អំពាវនាវឱ្យពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍»

បានផ្សាយនៅ ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ2018 10:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍» ទើបធ្វើឱ្យវិស័យទេសចរណ៍មាននិរន្តរភាព​ «ធានាយ៉ាងណា កុំឱ្យវិស័យទេសចរណ៍បំពាន ទៅលើវប្បធម៌ ចំណុចនេះដែលយើងតែងតែរំឭកដាស់តឿនថា បេតិកភណ្ឌពិភពលោកដូចជា ប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងសំបូរព្រៃគុក មិនត្រូវបានបំពានណាមួយនោះទេ»។ ជាពិសេស តាមរយៈទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌ដែលជាវិស័យកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ដោយបាននាំមកនូវចំណូលរាប់ពាន់លានដុល្លារទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើវិស័យវប្បធម៌ និងគិតគូរយ៉ាងច្បាស់លាស់ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផ្ទេរមរតកដ៏មានតម្លៃនេះដល់យុវជនជំនាន់ក្រោយៗទៀត។

ជាក់ស្តែងចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ និងការដាក់ចេញនូវគោលនយោបាយផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជាទទួលបានសមិទ្ធផលយ៉ាងច្រើន ជាបន្តបន្ទាប់នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាដែលគេធ្លាប់ស្គាល់ថា ជាវាលពិឃាតមកជាព្រះរាជាណាចក្រនៃវប្បធម៌ ជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក និងធ្លាប់ទទួលបានជោគជ័យជាច្រើនលើករួចមកហើយ ក្នុងការស្នើសុំដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូមានដូចជា៖ រមណីយដ្ឋានអង្គរ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ល្ខោនស្រមោលស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងថ្មីៗនេះតំបន់ប្រាសាទសំបូរព្រៃគុក។

អាជ្ញាធរជាតិអប្សរាដែលមានតួនាទីថែរក្សា ការពារអភិរក្សតំបន់អង្គរ បានប្រែក្លាយមរតកបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់មួយនេះ ទៅជារមណីយដ្ឋានបេតិកភណ្ឌពេញលេញនិងធ្វើឱ្យអង្គរក្លាយជាចំណុចស្នូលក្នុងការទាក់ទាញភ្ញៀវទេចរឱ្យចូលមកកម្សាន្តទស្សនាជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ ។

ម្យ៉ាងទៀត តម្លៃជាសាកលរបស់តំបន់បេតិកភណ្ឌអង្គរក្តី ព្រះវិហារ សម្បូរព្រៃគុកក្តី គឺជាល្បាយបញ្ចូលគ្នារវាងស្នាដៃឯករបស់បុព្វបុរសខ្មែរ ជាសំណង់ប្រាសាទដ៏វិសេសវិសាល រួមទាំងប្រពៃណីរបស់អ្នកស្រុក ជាមួយនឹងបរិស្ថានជុំវិញប្រាសាទ ជាចំណុចធ្វើឱ្យតំបន់បេតិកភណ្ឌទាំងនេះមានការទាក់ទាញបំផុតសម្រាប់ទេសចរ និងធ្វើឱ្យអង្គរបានក្លាយជាគោលដៅទេសចរណ៍ទី១ដល់ទៅ៣ឆ្នាំជាប់គ្នាតាមការបោះឆ្នោតជាសាកលពីសំណាក់ភ្ញៀវទេសចរណ៍លើពិភពលោក។ ភាពរីករចម្រើននិងការអភិវឌ្ឍនៅក្នុងតំបន់បុរាណដ្ឋានដ៏ល្បីល្បាញនេះ ឱ្យក្លាយជាប្រភពសេដ្ឋកិច្ចចូលជាតិដ៏សំខាន់៕
















សន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៧ និងលើកទិសដៅការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ថ្ងៃពុធ ០៧រោច និងថ្ងៃព្រហស្បតិ៍ ០៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលចតុម្មុខ។
តាមការចុះផ្សាយនៃបទយកការណ៍ពិសេសរបស់កាសែតបារាំង Le Monde កាសែតដ៏ល្បីមួយក្នុងពិភពលោក ថែមទាំងមានសុក្រិត្យភាពបំផុត ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ២០១៨ ក្រោមចំណងជើងថា «អង្គរ ការប្រឈមនៃការកើនឡើងយ៉ាងគំហុកនៃវិស័យទេសចរណ៍» បានបង្ហាញពីបញ្ហាជាច្រើននៅក្នុងតំបន់អង្គរ មានទាំងការអភិរក្ស ជួសជុលសំណង់ប្រាសាទ បរិស្ថាន ការគ្រប់គ្រងទេសចរ ចំណូលអង្គរ ការរីករាលដាលនៃសំណង់ក្នុងឧទ្យានអង្គរ ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើតគណៈកម្មាធិការគ្រប់គ្រងតំបន់អង្គរ កសិកម្ម និងការវិនិយោគទុនផ្សេងៗ។ល។
យោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចេញផ្សាយនានៅចុងឆ្នាំ២០១៧ កន្លងមក បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ បានចុះទៅពិនិត្យ អនុញ្ញាតសាងសង់ និងជួសជុលសំណង់តូចតាចក្នុងឧទ្យានអង្គរបានចំនួន៤៧៥ករណី។
អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញមកបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជប៉ុន និងអឺរ៉ុបជាដើម បានមកជួបជុំគ្នានៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា តាមរយៈសិក្ខាសាលាអន្តរជាតិស្តីពី និរន្តរភាព និងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក ដែលសហការរៀបចំដោយអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌល SEAMEO SPAFA។
ពានរង្វាន់បាល់ទាត់ខេត្តសៀមរាប ដែលប្រមូលផ្តុំដោយក្រុមកីឡាករមកពីបណ្តាមន្ទីរនិងស្ថាប័នជុំវិញខេត្តសៀមរាបលើកទី៣បានបិទបញ្ចប់ហើយ ដោយក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាទទួលបានជើងឯករង ក្រោយបរាជ័យក្រោមថ្វីជើងរបស់ក្រុមកីឡាបាល់ទាត់ក្រុងសៀមរាប ក្នុងលទ្ធផល១-១ ក្នុងម៉ោងធម្មតា និង០-២ ដោយបាល់១១ម៉ែត្រកាត់សេចក្តី ក្នុងវគ្គផ្តាច់ព្រ័ត្រនាព្រលប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
5572
ម្សិលមិញ
:
6854
សប្តាហ៍នេះ
:
35917
ខែនេះ
:
0205363
សរុប
:
004745961