ព័ត៌មានថ្មីៗ

លោកជំទាវ ម៉ែន សំអន អំពាវនាវឱ្យពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍»

បានផ្សាយនៅ ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ2018 10:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍» ទើបធ្វើឱ្យវិស័យទេសចរណ៍មាននិរន្តរភាព​ «ធានាយ៉ាងណា កុំឱ្យវិស័យទេសចរណ៍បំពាន ទៅលើវប្បធម៌ ចំណុចនេះដែលយើងតែងតែរំឭកដាស់តឿនថា បេតិកភណ្ឌពិភពលោកដូចជា ប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងសំបូរព្រៃគុក មិនត្រូវបានបំពានណាមួយនោះទេ»។ ជាពិសេស តាមរយៈទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌ដែលជាវិស័យកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ដោយបាននាំមកនូវចំណូលរាប់ពាន់លានដុល្លារទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើវិស័យវប្បធម៌ និងគិតគូរយ៉ាងច្បាស់លាស់ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផ្ទេរមរតកដ៏មានតម្លៃនេះដល់យុវជនជំនាន់ក្រោយៗទៀត។

ជាក់ស្តែងចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ និងការដាក់ចេញនូវគោលនយោបាយផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជាទទួលបានសមិទ្ធផលយ៉ាងច្រើន ជាបន្តបន្ទាប់នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាដែលគេធ្លាប់ស្គាល់ថា ជាវាលពិឃាតមកជាព្រះរាជាណាចក្រនៃវប្បធម៌ ជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក និងធ្លាប់ទទួលបានជោគជ័យជាច្រើនលើករួចមកហើយ ក្នុងការស្នើសុំដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូមានដូចជា៖ រមណីយដ្ឋានអង្គរ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ល្ខោនស្រមោលស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងថ្មីៗនេះតំបន់ប្រាសាទសំបូរព្រៃគុក។

អាជ្ញាធរជាតិអប្សរាដែលមានតួនាទីថែរក្សា ការពារអភិរក្សតំបន់អង្គរ បានប្រែក្លាយមរតកបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់មួយនេះ ទៅជារមណីយដ្ឋានបេតិកភណ្ឌពេញលេញនិងធ្វើឱ្យអង្គរក្លាយជាចំណុចស្នូលក្នុងការទាក់ទាញភ្ញៀវទេចរឱ្យចូលមកកម្សាន្តទស្សនាជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ ។

ម្យ៉ាងទៀត តម្លៃជាសាកលរបស់តំបន់បេតិកភណ្ឌអង្គរក្តី ព្រះវិហារ សម្បូរព្រៃគុកក្តី គឺជាល្បាយបញ្ចូលគ្នារវាងស្នាដៃឯករបស់បុព្វបុរសខ្មែរ ជាសំណង់ប្រាសាទដ៏វិសេសវិសាល រួមទាំងប្រពៃណីរបស់អ្នកស្រុក ជាមួយនឹងបរិស្ថានជុំវិញប្រាសាទ ជាចំណុចធ្វើឱ្យតំបន់បេតិកភណ្ឌទាំងនេះមានការទាក់ទាញបំផុតសម្រាប់ទេសចរ និងធ្វើឱ្យអង្គរបានក្លាយជាគោលដៅទេសចរណ៍ទី១ដល់ទៅ៣ឆ្នាំជាប់គ្នាតាមការបោះឆ្នោតជាសាកលពីសំណាក់ភ្ញៀវទេសចរណ៍លើពិភពលោក។ ភាពរីករចម្រើននិងការអភិវឌ្ឍនៅក្នុងតំបន់បុរាណដ្ឋានដ៏ល្បីល្បាញនេះ ឱ្យក្លាយជាប្រភពសេដ្ឋកិច្ចចូលជាតិដ៏សំខាន់៕
















នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នាស្នាក់ការអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្ដុះបណ្តាលស្ដីពីជំនាញសរសេរព័ត៌មានដល់មន្រ្តីនិងបុគ្គលិកតាមនាយកដ្ឋានចំណុះ ក្នុងបំណងពង្រឹងការសរសេរព័ត៌មានបម្រើដល់ស្ថាប័នរបស់ខ្លួន។ សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្តាលនេះ គឺជាមន្រ្តីនិងបុគ្គលិកនៅនាយកដ្ឋាននានារបស់អាជ្ញាធរជាតិអប្សរា ដែលសរុបមានចំនួន ២៩រូប។
មានរយៈពេល៣ថ្ងៃនៅលើទឹកដីអង្គរ នាថ្ងៃទី៤ ទី៥ ទី៦ ខែឧសភា ឆ្នាំ២០១៨ យុវជនស្ម័គ្រចិត្តបេតិកភណ្ឌបន្ទាយឆ្មារ ជាសិស្សថ្នាក់ទី១០ ១១ និង១២ ចំនួន១៨នាក់ បានមកចែករំលែកបទពិសោធន៍ទាក់ទងនឹងការការពារ ថែរក្សា និងស្រាវជ្រាវបេតិកភណ្ឌក្នុងតំបន់ខ្លួនដល់សិស្សានុស្សវិទ្យាល័យស្រះស្រង់ និងស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតំបន់អង្គរពីសំណាក់អ្នកជំនាញអាជ្ញាធរជាតិអប្សរាផង។
ឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យប្រតិភូក្រុង Datong ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Feng Sujing អភិបាលរងក្រុង Datong ចូលជួបសំណេះសំណាលការងារ មុននឹងឈានដល់កិច្ចព្រមព្រៀងចុះអនុស្សារណៈយោគយល់គ្នា ស្តីអំពីការចងសម្ពន្ធមេត្រីភាពរវាងតំបន់បេតិកភណ្ឌពិភពលោកនៃប្រទេសទាំងពីរ គឺខេត្តសានស៊ីនិងខេត្តសៀមរាប។
ដោយមើលឃើញពីសក្តានុពលនៃយុវជនក្នុងវិស័យបេតិកភណ្ឌដែលត្រូវជាអ្នកបន្តវេនពីមនុស្សចាស់ អាជ្ញាធរជាតិអប្សរាបានបង្កើតគម្រោងអប់រំបេតិកភណ្ឌមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ទី៥ ទី៦ ខែឧសភា ឆ្នាំ២០១៨ ជាការបណ្តុះគំនិតស្មារតី ចិត្តស្រឡាញ់ និងការស្រាវជ្រាវលើបេតិកភណ្ឌវប្បធម៌ដល់សាលាគោលដៅក្នុងតំបន់អង្គរ ដើម្បីរកអ្នកស្ម័គ្រចិត្តការពារ ថែរក្សាមរតកដូនតាដែលខ្លួនមាន។
រយៈពេល៤ខែនៃឆ្នាំ២០១៨កន្លងមកនេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ និងជួសជុលសំណង់តូចតាចបានចំនួន៣៥៤ករណី រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន៧២ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន៧១ករណី ស្រុកពួក អនុញ្ញាតបានចំនួន៥៩ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន១០៧ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន៤៥ករណី។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0294
ម្សិលមិញ
:
5482
សប្តាហ៍នេះ
:
05776
ខែនេះ
:
0142807
សរុប
:
005481387