ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវអន្តរជាតិចែករំលែកចំណេះដឹងពីបច្ចេកទេសស្លលោហៈដល់បុគ្គលិកអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 12 ខែ មករា ឆ្នាំ2018 02:10 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រាវជ្រាវអន្តរជាតិជាច្រើនរូបនៅលើពិភពលោក បានមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍និងចំណេះដឹងដល់បុគ្គលិកអាជ្ញាធរជាតិអប្សរានិងសាធារណជនស្តីអំពីប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈ ឬ CASTING (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

ពិធីនេះអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិជាច្រើនរូបមកពីប្រទេសបារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសាំបួរ អាហ្សង់ទីន ធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវលោហធាតុដែលបានរកឃើញកន្លងមកទាំងនៅកម្ពុជានិងបណ្តាប្រទេសផ្សេងៗ ចែករំលែកដល់អ្នកសិក្សាជាតិ-អន្តរជាតិជាច្រើនរូប។

លោក Brice Vincent
អ្នកទទួលខុសត្រូវគម្រោង Fondre pour le roi បានឱ្យដឹងថា នេះជាសិក្ខាសាលាលើកទី៣នៃគម្រោងនេះ ដែលលើកទី១ធ្វើនៅអាមេរិក លើកទី២នៅបារាំង និងលើកទី៣នៅកម្ពុជា។ គោលបំណងនៃបទបង្ហាញ គឺដើម្បីប្រមូលផ្តុំនូវរបៀបសិក្សាអំពីលោហធាតុ ដែលមានរយៈពេលពីឆ្នាំ២០១៥-២០២០។

លោកបន្តទៀតថា ក្នុងសិក្ខាសាលានេះឡើង យើងបានសុំឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកបុរាណវិទ្យា ផ្នែកស្ថាបត្យកម្ម មកជួបជុំគ្នានិយាយអំពីរូបមន្តនៃការផលិតលោហធាតុក្នុងប្រទេសផ្សេងគ្នា សម័យកាលដោយឡែកពីគ្នា ហើយរួមគ្នាជាគំនិតមួយ ដើម្បីសិក្សាអំពីការផលិតលោហធាតុសម័យបុរាណ។ តាមរយៈគម្រោងនេះ លោហធាតុដែលយើងស្រាវជ្រាវបានពីកម្ពុជា ពីបារាំង និងអាមេរិកជាដើម នឹងត្រូវយកទៅសិក្សាចងក្រងជាឯកសារផ្សព្វផ្សាយតាមគេហទំព័រនិងបោះពុម្ពផ្សព្វផ្សាយ ដើម្បីអាចឱ្យអ្នកស្រាវជ្រាវ អ្នកអភិរក្ស អ្នកបុរាណវិទ្យា និងនិស្សិតបានរៀនសូត្រ និងយល់ដឹងពីរបៀបអភិរក្សលោហធាតុ។

ឯកឧត្តម ហង់ ពៅ បានសម្តែងនូវការគាំទ្រចំពោះបទបង្ហាញដ៏មានសារៈសំខាន់នេះ ដែលមានអ្នកជំនាញស្រាវជ្រាវអន្តរជាតិល្បីៗលើពិភពលោកមកចែករំលែកបទពិសោធន៍ ចំណេះដឹងរបស់ខ្លួនអំពីការស្រាវជ្រាវទាក់ទងនឹងលោហធាតុ ហើយក៏បានពន្យល់អំពីរបៀបការពារ ថែរក្សា និងរបៀបនៃការសិក្សាអំពីលោហធាតុផងដែរ។

នេះជាឱកាសដ៏ល្អសម្រាប់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលផ្តល់ឱកាសឱ្យបុគ្គលិកជំនាញបានរៀនសូត្រ យល់ដឹង និងដកស្រង់បទពិសោធន៍ពីអ្នកជំនាញទាំងនោះ ហើយនៅថ្ងៃក្រោយអាចបន្តការសិក្សាស្រាវជ្រាវ ការពារ អភិរក្សលោហធាតុដោយខ្លួនឯងបាន ព្រោះយើងមានវត្ថុសិល្បៈមួយផ្នែកធំនៅវត្តរាជបូព៌ ការរកឃើញកន្លែងស្លលោហធាតុនៅអតីតបរមរាជវាំងនៅអង្គរធំ ឧដុង្គ កំពង់ធំ និងខ្វាវ ដែលត្រូវការអ្នកជំនាញសិក្សាស្រាវជ្រាវនិងមើលថែ៕
















នាព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន យុទ្ធនារី នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ដែលប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នឹងមានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈ (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) ពីសំណាក់អ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិផ្នែកបុរាណវិទ្យាមកពីច្រើនប្រទេសដូចជា៖ បារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសាំបួរ ដើម្បីធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវការដ្ឋានស្លសំរឹទ្ធនិងលទ្ធផលដែលបានរកឃើញកន្លងមក។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ កន្លងមក ក្នុងគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS) បានរួមគ្នាធ្វើកំណាយស្រាវជ្រាវនៅក្នុងបរិវេណប្រាសាទទន្លេស្ងួត រកឃើញបដិមាទ្វារបាលដែលមានចំនួន០៦បំណែក មានព្រះកេស ដងខ្លួន បំណែកដៃ ជើង និងក្រវិល ដែលបច្ចុប្បន្នកំពុងជួសជុលនិងអភិរក្សដោយក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា។
ភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៅភូមិធម្មជាតិរុនតាឯក ធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបរបរនៅទីនោះ មានការសាទរ និងកំពុងរស់នៅដោយភាពសប្បាយរីករាយ ជាមួយសមិទ្ធផលដែលពួកគេកំពុងទទួលបាន។ កម្រិតជីវភាពនៅទីនោះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា ពិសេសគឺអាចរកចំណូលចូលគ្រួសារបានគ្រប់គ្រាន់ ធ្វើឱ្យកម្រិតជីវភាពរបស់ពួកគេមានភាពធូរធារជាលំដាប់។
ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ៨ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1227
ម្សិលមិញ
:
4070
សប្តាហ៍នេះ
:
19867
ខែនេះ
:
0093190
សរុប
:
004456554