ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវអន្តរជាតិចែករំលែកចំណេះដឹងពីបច្ចេកទេសស្លលោហៈដល់បុគ្គលិកអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 12 ខែ មករា ឆ្នាំ2018 02:10 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រាវជ្រាវអន្តរជាតិជាច្រើនរូបនៅលើពិភពលោក បានមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍និងចំណេះដឹងដល់បុគ្គលិកអាជ្ញាធរជាតិអប្សរានិងសាធារណជនស្តីអំពីប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈ ឬ CASTING (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

ពិធីនេះអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិជាច្រើនរូបមកពីប្រទេសបារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសាំបួរ អាហ្សង់ទីន ធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវលោហធាតុដែលបានរកឃើញកន្លងមកទាំងនៅកម្ពុជានិងបណ្តាប្រទេសផ្សេងៗ ចែករំលែកដល់អ្នកសិក្សាជាតិ-អន្តរជាតិជាច្រើនរូប។

លោក Brice Vincent
អ្នកទទួលខុសត្រូវគម្រោង Fondre pour le roi បានឱ្យដឹងថា នេះជាសិក្ខាសាលាលើកទី៣នៃគម្រោងនេះ ដែលលើកទី១ធ្វើនៅអាមេរិក លើកទី២នៅបារាំង និងលើកទី៣នៅកម្ពុជា។ គោលបំណងនៃបទបង្ហាញ គឺដើម្បីប្រមូលផ្តុំនូវរបៀបសិក្សាអំពីលោហធាតុ ដែលមានរយៈពេលពីឆ្នាំ២០១៥-២០២០។

លោកបន្តទៀតថា ក្នុងសិក្ខាសាលានេះឡើង យើងបានសុំឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកបុរាណវិទ្យា ផ្នែកស្ថាបត្យកម្ម មកជួបជុំគ្នានិយាយអំពីរូបមន្តនៃការផលិតលោហធាតុក្នុងប្រទេសផ្សេងគ្នា សម័យកាលដោយឡែកពីគ្នា ហើយរួមគ្នាជាគំនិតមួយ ដើម្បីសិក្សាអំពីការផលិតលោហធាតុសម័យបុរាណ។ តាមរយៈគម្រោងនេះ លោហធាតុដែលយើងស្រាវជ្រាវបានពីកម្ពុជា ពីបារាំង និងអាមេរិកជាដើម នឹងត្រូវយកទៅសិក្សាចងក្រងជាឯកសារផ្សព្វផ្សាយតាមគេហទំព័រនិងបោះពុម្ពផ្សព្វផ្សាយ ដើម្បីអាចឱ្យអ្នកស្រាវជ្រាវ អ្នកអភិរក្ស អ្នកបុរាណវិទ្យា និងនិស្សិតបានរៀនសូត្រ និងយល់ដឹងពីរបៀបអភិរក្សលោហធាតុ។

ឯកឧត្តម ហង់ ពៅ បានសម្តែងនូវការគាំទ្រចំពោះបទបង្ហាញដ៏មានសារៈសំខាន់នេះ ដែលមានអ្នកជំនាញស្រាវជ្រាវអន្តរជាតិល្បីៗលើពិភពលោកមកចែករំលែកបទពិសោធន៍ ចំណេះដឹងរបស់ខ្លួនអំពីការស្រាវជ្រាវទាក់ទងនឹងលោហធាតុ ហើយក៏បានពន្យល់អំពីរបៀបការពារ ថែរក្សា និងរបៀបនៃការសិក្សាអំពីលោហធាតុផងដែរ។

នេះជាឱកាសដ៏ល្អសម្រាប់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលផ្តល់ឱកាសឱ្យបុគ្គលិកជំនាញបានរៀនសូត្រ យល់ដឹង និងដកស្រង់បទពិសោធន៍ពីអ្នកជំនាញទាំងនោះ ហើយនៅថ្ងៃក្រោយអាចបន្តការសិក្សាស្រាវជ្រាវ ការពារ អភិរក្សលោហធាតុដោយខ្លួនឯងបាន ព្រោះយើងមានវត្ថុសិល្បៈមួយផ្នែកធំនៅវត្តរាជបូព៌ ការរកឃើញកន្លែងស្លលោហធាតុនៅអតីតបរមរាជវាំងនៅអង្គរធំ ឧដុង្គ កំពង់ធំ និងខ្វាវ ដែលត្រូវការអ្នកជំនាញសិក្សាស្រាវជ្រាវនិងមើលថែ៕
















ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
12734
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
92332
ខែនេះ
:
0395840
សរុប
:
014838681