ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ៖ ស្វែងយល់ពីរបៀបជួសជុលបំណែកកុលាលភាជន៍ខ្មែរបុរាណ

បានផ្សាយនៅ ថ្ងៃទី 09 ខែ មករា ឆ្នាំ2018 12:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សម្ភារៈប្រើប្រាស់បុរាណដែលបុព្វបុរសបានផលិតឡើងពីដីដុតដូចជា ក្អម ខួច ចាន ពែង ជាដើម ត្រូវបានអ្នកស្រាវជ្រាវកំណត់ឈ្មោះជារួមថា កុលាលភាជន៍ (Ceramic)។ រយៈពេលជាង២០ឆ្នាំនៃការធ្វើកំណាយ អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា និងដៃគូបរទេសបានរកឃើញនិងប្រមូលបំណែកកុលាលភាជន៍បានជាង៩ម៉ឺនបំណែក យកមករក្សាទុកក្នុងអង្គភាពកុលាលភាជន៍អង្គរនៃអាជ្ញាធរជាតិអប្សរា។

បច្ចុប្បន្ន ក្រុមការងារនៃអង្គភាពកុលាលភាជន៍អង្គរកំពុងធ្វើការចុះបញ្ជី និងជួសជុលនូវបំណែកធំៗ ដើម្បីឲ្យលេចចេញជារូបរាងដើមនៃកុលាលភាជន៍បុរាណឡើងវិញ។ រហូតមកទល់ពេលនេះ អ្នកជំនាញសម្រេចការជួសជុលបានចំនួន១៩កុលាលភាជន៍ និងកំពុងបន្តជួសជុលនូវបំណែកផ្សេងៗទៀត។

លោក ធី សេរីវុឌ្ឍ មន្ត្រីជំនាញផ្នែកបុរាណវិទ្យា និងទទួលបានការបណ្តុះបណ្តាលបន្ថែមលើការជួសជុលកុលាលភាជន៍បុរាណ ដែលកំពុងបំពេញការងារផ្នែកជួសជុលនៅក្នុងអង្គភាពនេះបានបញ្ជាក់ថា ការងារជួសជុលកុលាលភាជន៍បុរាណត្រូវធ្វើឡើងជា៥ដំណាក់កាល គឺ ការសម្អាត ការតភ្ជាប់ ការបំពេញចន្លោះដោយម្នាងសិលា ការលាបថ្នាំ និងការចុះលេខបញ្ជី។

លោក សេរីវុឌ្ឍ ពន្យល់បន្តថា ដំណាក់កាលទី១ ជាដំណាក់កាលសម្អាតកម្ចាត់សារធាតុអំបិលដែលតោងស្អិតនៅជាប់កុលាភាជន៍ចេញ ដោយយកកុលាលភាជន៍ទៅត្រាំទឹកស្អាត។ ដំណាក់កាលទី២ គឺពង្រឹងមុខកាត់ដែលបែក រួចយកបំណែកកុលាភាជន៍ទាំងនោះមកផ្គុំបញ្ចូលគ្នាដើម្បីរកបំណែកដែលបាត់ ឬខូចខាត។ ដំណាក់កាលទី៣ គឺ ត្រូវប្រើប្រាស់ម្នាងសិលាយកមកបិទបំពេញចន្លោះ ក្នុងករណីដែលបំណែកកុលាភាជន៍មានការបាត់បង់ត្រង់ចំណុចរឹងមាំ។ ដំណាក់កាលទី៤ គឺលាបពណ៌លើម្នាងសិលាដើម្បីអោយពណ៌ស៊ីគ្នានឹងកុលាលភាជន៍។ ដំណាក់កាលទី៥ ដែលជាដំណាក់កាលចុងក្រោយ គឺ អ្នកអភិរក្សត្រូវចុះបញ្ជីសារពើភណ្ឌទៅក្នុងប្រព័ន្ធទិន្នន័យ ស្តីពីប្រវត្តិនៃការជួសជុលកុលាលភាជន៍នីមួយៗដើម្បីទុកជាឯកសារ។

កុលាលភាជន៍ដែលបានជួសជុលហើយ នឹងត្រូវយកទៅដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនា នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ តាមរយៈពិព័រណ៍នេះ នឹងជួយឲ្យសាធារណជនបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌ បណ្តុះចិត្តគំនិតស្រឡាញ់ និងចូលរួមថែរក្សាការពារទាំងអស់គ្នា៕






















ច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច ស្លាបខាងជើងប្រវែង៤០ម៉ែត្រ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរារួចរាល់ជាស្ថាពរកាលពីចុងឆ្នាំ២០១៧ និងកំពុងបន្តជួសជុលប្រវែង២០ម៉ែត្របន្ថែមទៀត នៅក្នុងឆ្នាំ២០១៨។
មនុស្សប្រមាណជាង៤០០នាក់ មកពីវិស័យឯកជនតាមរយៈសមាគមធនធានមនុស្សនិងសមាគមទេសចរណ៍ខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរានៃគម្រោងអប់រំបេតិកភណ្ឌបានជួបជុំគ្នាដាំដើមឈើជាង២០០០ដើមនៅខាងត្បូងបរិវេណប្រាសាទបន្ទាយក្តី កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
នៅក្នុងខែសីហា ឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាចបានចំនួន១០៩ករណី។

គោលដៅទាំងនោះមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន២៨ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន១២ករណី ស្រុកពួក អនុញ្ញាតបានចំនួន០៥ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន៥៤ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន១០ករណី។
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា នៅព្រឹកថ្ងៃទី៣១ ខែសីហា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងរៀបចំខួបលើកទី២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយសីុសីុ-អង្គរ។
លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៨។ ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្ដ សៀមរាប នៅព្រឹកថ្ងៃទី៣០ ខែសីហា លោកជំទាវរដ្ឋមន្រ្ដី បានធ្វើទស្សនកិច្ចរមណីយដ្ឋានអង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិម ជី ស៊ី ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
5266
ម្សិលមិញ
:
2939
សប្តាហ៍នេះ
:
20068
ខែនេះ
:
0051728
សរុប
:
007306159