ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវបុរាណវិទ្យាអន្តរជាតិចែករំលែកចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈដល់សារធារណជននៅអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 05 ខែ មករា ឆ្នាំ2018 01:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នឹងមានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈ (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) ពីសំណាក់អ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិផ្នែកបុរាណវិទ្យាមកពីច្រើនប្រទេសដូចជា៖ បារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសាំបួរ ដើម្បីធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវការដ្ឋានស្លសំរឹទ្ធនិងលទ្ធផលដែលបានរកឃើញកន្លងមក។

គួរបញ្ជាក់ផងដែរថា នៅស្រុកខ្មែរត្រូវបានគេរកឃើញការដ្ឋានស្លសំរឹទ្ធធំជាងគេបង្អស់នៅក្នុងរាជវាំងអង្គរធំ និងសិក្សាបានលទ្ធផលច្រើនជាងគេផងដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អាស្រ័យហេតុនេះ អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញដល់សាធារណជនទូទៅ សិស្ស និស្សិត មន្ត្រីរាជការ មគ្គុទ្ទេសក៍ទេសចរ អ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ ដែលមានបំណងចង់ស្វែងយល់ចំណេះដឹងបន្ថែមពីបច្ចេកទេសសំយោគលោហៈ សូមចូលរួមស្តាប់ដោយមេត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១១.៣០នាទីថ្ងៃត្រង់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា៕


នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី២ វិច្ឆកា ឆ្នាំ២០១៨ រៀបចំឡើងក្នុងគោលបំណងបំពេញចំណេះដឹងបន្ថែមដល់បុគ្គលិកផ្នែកសណ្តាប់ធ្នាប់ចំនួន ៣៦នាក់ និងផ្នែកទេសចរណ៍ចំនួន ៦៤នាក់ដែលទើបចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាឱ្យយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីតម្លៃប្រវត្តិសាស្រ្តខ្មែរ ការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ»ទាំងមូល។
នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមដំណើរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមក្នុងសិក្ខាស្ដីពីលទ្ធផលគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះរៀបចំឡើងដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ Korea Cultural Heritage Foundation និងមានការអញ្ជើញចូលរួមជាកិត្តិយសដោយឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA និងរដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាខាងលើ លោក Jin OK-Sub ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជាទាំងអស់ដែលបានចំណាយពេលចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ។ ការចូលរួមនេះគឺបង្ហាញពីការយកចិត្តទុកដាក់នៃស្ថាប័នជំនាញពាក់ព័ន្ធក្នុងកិច្ចការងារបេតិកភណ្ឌ លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ។

ទាក់ទងនឹងការងារអភិរក្ស និងជួសជុលប្រាសាទនេះដែរ ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានឱ្យដឹងទៀតថា អ្វីដែលជាមោទនភាពបំផុតរបស់កូរ៉េ គឺបានចូលរួមជួយស្ដារឡើងវិញនៃភាពល្បីល្បាញរបស់បេតិកភណ្ឌកម្ពុជា ដែលជាបេតិកភណ្ឌមនុស្សជាតិ និងជួយជំរុញការផ្សព្វផ្សាយការយល់ដឹងលើការងារនេះដល់ប្រជាជនកូរ៉េផងដែរ។

ថ្លែងក្នុងពិធីនោះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានសម្ដែងនូវការអរគុណដល់ស្ថាប័នសំខាន់ៗមួយចំនួនដូចជា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA រដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងកិច្ចសហប្រតិបត្តិការអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរនាពេលកន្លងមក។ ជាពិសេសទៅទៀតនោះ កិច្ចសហប្រតិបត្តិការរវាងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនិងអាជ្ញាធរជាតិអប្សរាបានបង្កើតនូវសមិទ្ធផលយ៉ាងល្អប្រសើ ហើយតែងតែទទួលបានការគាំទ្រនិងកោតសរសើរពីសំណាក់គណៈកម្មាធិការអាយសីុសីុ-អង្គរ។ ដូច្នេះរាល់សមិទ្ធផលទាំងនេះគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។

ជាការចែករំលែកចំណេះដឹង អង្គសិក្ខាសាលាក៏មានការធ្វើបទបង្ហាញគន្លឹះចំនួនពីរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាលើប្រធានបទលើការគ្រប់គ្រងទឹក និងការអភិវឌ្ឍវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ។ ក្នុងនោះដែរ អ្នកជំនាញអន្តរជាតិដែលបានចូលរួមធ្វើការស្រាវជ្រាវនៅក្រុមប្រាសាទព្រះពិធូរក៏បានធ្វើបង្ហាញលើប្រធានបទសំខាន់ៗដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម ប្រវត្តិសិល្បៈ និងការអភិរក្ស។ល។

គួររំឭកដែរថា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានចាប់ផ្តើមគម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរ កាលពីឆ្នាំ២០១៥ និងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមកដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕


























ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0043
ម្សិលមិញ
:
4353
សប្តាហ៍នេះ
:
52951
ខែនេះ
:
0129699
សរុប
:
007528201