ព័ត៌មានថ្មីៗ

ចម្លាក់ទ្វារបាលរកឃើញនៅប្រាសាទទន្លេស្ងួតកំពុងទទួលបានការជួសជុលពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 05 ខែ មករា ឆ្នាំ2018 01:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ កន្លងមក ក្នុងគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS) បានរួមគ្នាធ្វើកំណាយស្រាវជ្រាវនៅក្នុងបរិវេណប្រាសាទទន្លេស្ងួត រកឃើញបដិមាទ្វារបាលដែលមានចំនួន០៦បំណែក មានព្រះកេស ដងខ្លួន បំណែកដៃ ជើង និងក្រវិល ដែលបច្ចុប្បន្នកំពុងជួសជុលនិងអភិរក្សដោយក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា។

លោក ឮ ចាន់ណូរ៉ា បុគ្គលិកជំនាញផ្នែកជួសជុលនិងអភិរក្សថ្ម មកពីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាសមាជិកនៃក្រុមអ៊ីតាលីយ៉ាប្រចាំការនៅមន្ទីរពិសោធន៍ក្នុងអភិរក្សដ្ឋានអង្គរ បានឱ្យដឹងថា៖ មុនពេលទទួលបានរូបចម្លាក់ទ្វារបាលពីសារមន្ទីរព្រះសីហនុ-អង្គរ ក្រុមការងារបានធ្វើការសិក្សាទាក់ទងនឹងប្រវត្តិរបស់វត្ថុសិល្បៈ បានគូររូបទាក់ទងនឹងក្បាច់លម្អ និងការខូចខាតរបស់បដិមា។ បន្ទាប់មកប្រើម៉ាស៊ីនម៉ាយក្រូស្កុប (Microscope) ដើម្បីដឹងពីការខូចខាតលើផ្ទៃ ការពុកផុយផ្នែកខាងក្នុង និងវត្ថុធាតុដែលជាប់លើផ្ទៃបដិមា។ បន្ថែមពីនោះក្រុមការងារក៏ធ្វើការវិភាគលម្អិតលើវត្ថុផ្សេងៗដែលជាប់នឹងបដិមាត្រង់ផ្ទៃខាងលើ កម្រិតការខូចខាតនៃថ្មផ្នែកខាងក្នុង វាស់សីតុណ្ហភាពនិងសំណើមរបស់ថ្ម និងបរិស្ថានជុំវិញបដិមា រួមនឹងបំណែកវត្ថុសិល្បៈនីមួយៗផងដែរ។

ការជួសជុសត្រូវបានបែងចែកជា២វគ្គ គឺការសម្អាត (Cleaning Treatment) និងការជួសជុល (Intervention)។ មុនសម្អាត ចាំបាច់ធ្វើការសាកល្បងលើវត្ថុធាតុមួយចំនួនមានដូចជា ក្រដាសជប៉ុន (Japanese paper) Compress (ម្សៅក្រដាសលាយម្សៅដីឥដ្ឋ) និង Algar Algar gel ដើម្បីពិនិត្យមើលលទ្ធភាព ប្រសិទ្ធភាពនៃការសម្អាត និងបង្ការផលប៉ះពាល់ដល់សាច់ថ្មដែលកំពុងពុកផុយ។ ផ្អែកតាមលទ្ធផលសម្អាតសាកល្បង ទាំងធូលីនិងអំបិលក្នុងរន្ធថ្មត្រូវបានសម្អាតនៅត្រង់ចំណុចបែកដើម្បីរក្សាគុណភាពថ្មបានយូរនៅពេលតភ្ជាប់រួចរាល់។ រីឯផ្ទៃខាងក្រៅគឺសម្អាតតែធូលីនិងស្នាមប្រឡាក់ដែលដិតជាប់ប៉ុណ្ណោះ ព្រោះដើម្បីរក្សាភាពដើមនិងតម្លៃបុរាណវិទ្យានៃបដិមា។ ម្យ៉ាងទៀតក៏ដើម្បីបង្ហាញថាបដិមានេះត្រូវបានរកឃើញដោយកំណាយបុរាណវិទ្យា។

បច្ចុប្បន្នការសម្អាតបានប្រហែល៥០% លុះសម្អាតរួចរាល់អ្នកជំនាញនឹងធ្វើការសម្លាប់ប្រភេទពួកស្លែជីវសាស្រ្តដោយប្រើ Biocide ពង្រឹងផ្នែកពុកផុយ និងផ្នែកត្រូវតភា្ជប់។ ឯការតភ្ជាប់ឡើងវិញ ត្រូវបិទបាយអបំពេញស្នាមប្រេះ និងផាត់ពណ៌បន្ស៊ី។

លោក ណូរ៉ា បញ្ជាក់ថា យើងមិនអាចកំណត់កាលបរិច្ឆេទនៃការរួចរាល់បាននោះទេពេលនេះ ព្រោះការងារទាំងនេះត្រូវការពេលវេលាយូរដើម្បីធ្វើការសិក្សានិងជួសជុលដោយប្រុងប្រយ័ត្នបំផុត៕












នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី២ វិច្ឆកា ឆ្នាំ២០១៨ រៀបចំឡើងក្នុងគោលបំណងបំពេញចំណេះដឹងបន្ថែមដល់បុគ្គលិកផ្នែកសណ្តាប់ធ្នាប់ចំនួន ៣៦នាក់ និងផ្នែកទេសចរណ៍ចំនួន ៦៤នាក់ដែលទើបចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាឱ្យយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីតម្លៃប្រវត្តិសាស្រ្តខ្មែរ ការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ»ទាំងមូល។
នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមដំណើរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមក្នុងសិក្ខាស្ដីពីលទ្ធផលគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះរៀបចំឡើងដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ Korea Cultural Heritage Foundation និងមានការអញ្ជើញចូលរួមជាកិត្តិយសដោយឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA និងរដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាខាងលើ លោក Jin OK-Sub ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជាទាំងអស់ដែលបានចំណាយពេលចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ។ ការចូលរួមនេះគឺបង្ហាញពីការយកចិត្តទុកដាក់នៃស្ថាប័នជំនាញពាក់ព័ន្ធក្នុងកិច្ចការងារបេតិកភណ្ឌ លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ។

ទាក់ទងនឹងការងារអភិរក្ស និងជួសជុលប្រាសាទនេះដែរ ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានឱ្យដឹងទៀតថា អ្វីដែលជាមោទនភាពបំផុតរបស់កូរ៉េ គឺបានចូលរួមជួយស្ដារឡើងវិញនៃភាពល្បីល្បាញរបស់បេតិកភណ្ឌកម្ពុជា ដែលជាបេតិកភណ្ឌមនុស្សជាតិ និងជួយជំរុញការផ្សព្វផ្សាយការយល់ដឹងលើការងារនេះដល់ប្រជាជនកូរ៉េផងដែរ។

ថ្លែងក្នុងពិធីនោះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានសម្ដែងនូវការអរគុណដល់ស្ថាប័នសំខាន់ៗមួយចំនួនដូចជា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA រដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងកិច្ចសហប្រតិបត្តិការអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរនាពេលកន្លងមក។ ជាពិសេសទៅទៀតនោះ កិច្ចសហប្រតិបត្តិការរវាងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនិងអាជ្ញាធរជាតិអប្សរាបានបង្កើតនូវសមិទ្ធផលយ៉ាងល្អប្រសើ ហើយតែងតែទទួលបានការគាំទ្រនិងកោតសរសើរពីសំណាក់គណៈកម្មាធិការអាយសីុសីុ-អង្គរ។ ដូច្នេះរាល់សមិទ្ធផលទាំងនេះគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។

ជាការចែករំលែកចំណេះដឹង អង្គសិក្ខាសាលាក៏មានការធ្វើបទបង្ហាញគន្លឹះចំនួនពីរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាលើប្រធានបទលើការគ្រប់គ្រងទឹក និងការអភិវឌ្ឍវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ។ ក្នុងនោះដែរ អ្នកជំនាញអន្តរជាតិដែលបានចូលរួមធ្វើការស្រាវជ្រាវនៅក្រុមប្រាសាទព្រះពិធូរក៏បានធ្វើបង្ហាញលើប្រធានបទសំខាន់ៗដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម ប្រវត្តិសិល្បៈ និងការអភិរក្ស។ល។

គួររំឭកដែរថា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានចាប់ផ្តើមគម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរ កាលពីឆ្នាំ២០១៥ និងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមកដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕


























ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4291
ម្សិលមិញ
:
7366
សប្តាហ៍នេះ
:
52846
ខែនេះ
:
0129594
សរុប
:
007528096