ព័ត៌មានថ្មីៗ

អបអរសាទរ! ប្រាសាទអង្គរវត្តរបស់ខ្មែរជាប់ចំណាត់ថ្នាក់លេខ១ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ៨ជាគោលដៅទេសចរណ៍លើពិភពលោកក្នុងឆ្នាំ២០១៧

បានផ្សាយនៅ ថ្ងៃទី 04 ខែ មករា ឆ្នាំ2018 10:53 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ៨ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ។

នេះគឺជាឆ្នាំទី៤ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។

នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ៕




























នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី២ វិច្ឆកា ឆ្នាំ២០១៨ រៀបចំឡើងក្នុងគោលបំណងបំពេញចំណេះដឹងបន្ថែមដល់បុគ្គលិកផ្នែកសណ្តាប់ធ្នាប់ចំនួន ៣៦នាក់ និងផ្នែកទេសចរណ៍ចំនួន ៦៤នាក់ដែលទើបចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាឱ្យយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីតម្លៃប្រវត្តិសាស្រ្តខ្មែរ ការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ»ទាំងមូល។
នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមដំណើរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមក្នុងសិក្ខាស្ដីពីលទ្ធផលគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះរៀបចំឡើងដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ Korea Cultural Heritage Foundation និងមានការអញ្ជើញចូលរួមជាកិត្តិយសដោយឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA និងរដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាខាងលើ លោក Jin OK-Sub ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជាទាំងអស់ដែលបានចំណាយពេលចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ។ ការចូលរួមនេះគឺបង្ហាញពីការយកចិត្តទុកដាក់នៃស្ថាប័នជំនាញពាក់ព័ន្ធក្នុងកិច្ចការងារបេតិកភណ្ឌ លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ។

ទាក់ទងនឹងការងារអភិរក្ស និងជួសជុលប្រាសាទនេះដែរ ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានឱ្យដឹងទៀតថា អ្វីដែលជាមោទនភាពបំផុតរបស់កូរ៉េ គឺបានចូលរួមជួយស្ដារឡើងវិញនៃភាពល្បីល្បាញរបស់បេតិកភណ្ឌកម្ពុជា ដែលជាបេតិកភណ្ឌមនុស្សជាតិ និងជួយជំរុញការផ្សព្វផ្សាយការយល់ដឹងលើការងារនេះដល់ប្រជាជនកូរ៉េផងដែរ។

ថ្លែងក្នុងពិធីនោះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានសម្ដែងនូវការអរគុណដល់ស្ថាប័នសំខាន់ៗមួយចំនួនដូចជា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA រដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងកិច្ចសហប្រតិបត្តិការអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរនាពេលកន្លងមក។ ជាពិសេសទៅទៀតនោះ កិច្ចសហប្រតិបត្តិការរវាងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនិងអាជ្ញាធរជាតិអប្សរាបានបង្កើតនូវសមិទ្ធផលយ៉ាងល្អប្រសើ ហើយតែងតែទទួលបានការគាំទ្រនិងកោតសរសើរពីសំណាក់គណៈកម្មាធិការអាយសីុសីុ-អង្គរ។ ដូច្នេះរាល់សមិទ្ធផលទាំងនេះគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។

ជាការចែករំលែកចំណេះដឹង អង្គសិក្ខាសាលាក៏មានការធ្វើបទបង្ហាញគន្លឹះចំនួនពីរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាលើប្រធានបទលើការគ្រប់គ្រងទឹក និងការអភិវឌ្ឍវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ។ ក្នុងនោះដែរ អ្នកជំនាញអន្តរជាតិដែលបានចូលរួមធ្វើការស្រាវជ្រាវនៅក្រុមប្រាសាទព្រះពិធូរក៏បានធ្វើបង្ហាញលើប្រធានបទសំខាន់ៗដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម ប្រវត្តិសិល្បៈ និងការអភិរក្ស។ល។

គួររំឭកដែរថា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានចាប់ផ្តើមគម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរ កាលពីឆ្នាំ២០១៥ និងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមកដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕


























ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4292
ម្សិលមិញ
:
7366
សប្តាហ៍នេះ
:
52847
ខែនេះ
:
0129595
សរុប
:
007528097