ព័ត៌មានថ្មីៗ

ដំណើរវិវឌ្ឍនៃការងារជួសជុលស្ពានហាលខាងលិច-ប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 03 ខែ មករា ឆ្នាំ2018 03:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយគ្រោងនឹងចំណាយពេល៤ឆ្នាំដើម្បីឲ្យរួចរាល់។ នេះជាគម្រោងសហការជំហានទី២រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន បន្ទាប់ពីដំណាក់កាលទី១នៃគម្រោងសហការដែលបានជួសជុលស្ពានហាលនេះប្រវែង ១០០ម៉ែត្រ រួចរាល់ជាស្ថាពរ(១៩៩៦-២០០៧)។

គម្រោងជួសជុលដំណាក់កាលទី២នេះ ភាគីជប៉ុនបានផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីងាយស្រួលក្នុងកិច្ចការជួសជុល។ ចំណែកអាជ្ញាធរជាតិអប្សរាទទួលបន្ទុក ទាំងថវិកានិងកម្លាំងពលកម្ម ដោយក្នុងនោះ អ្នកជំនាញខ្មែរចំនួន៤នាក់ដែលជាស្ថាបត្យករ បុរាណវិទូ និងពលករជំនាញចំនួន ៥៤នាក់ កំពុងធ្វើការរួមគ្នាជាមួយអ្នកបច្ចេកទេសជប៉ុនមកពីសាកលវិទ្យាល័យសូហ្វីយ៉ា។

លោក អន សុភាព មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការដែលទទួលបន្ទុកលើការគ្រប់គ្រងរួមនិងសម្របសម្រួលទូទៅក្នុងគម្រោង បានបង្ហាញនូវដំណើរវិវឌ្ឍនៃការជួសជុលនេះថា កិច្ចការបឋមៗដែលក្រុមការងារបាននិងកំពុងអនុវត្តសព្វថ្ងៃគឺ ការសិក្សានិងប្រមូលទិន្នន័យទាំងឡាយ ដែលជាប្រយោជន៍សម្រាប់ឯកសារបច្ចេកទេសនៃការជួសជុល រួមមាន -កិច្ចការសម្រង់និងគូរប្លង់ -ការវិនិច្ឆ័យនិងរកដំណោះស្រាយលើវិធីសាស្រ្តនៃការជួសជុល -ការងារស្រាវជ្រាវតាមរយ:ការបើករណ្តៅកំណាយ និងរៀបចំសង់ទំនប់ទប់ទឹកប្រវែង ១៣៣.៥ម៉ែត្រ តាមបណ្តោយជញ្ជាំងខាងជើងនៃស្ពានហាល។

បំណងនិងទស្សនៈរួមផ្នែកបច្ចេកទេសជួសជុលរចនាសម្ព័ន្ធស្ពានហាលនេះ គឺ រក្សាទម្រង់ដើមរបស់សំណង់ រួមទាំងរក្សាប្រវត្តិនៃការជួសជុល បច្ចេកទេសនិងស្នាដៃស្ថាបត្យកម្ម។ ម្យ៉ាងទៀតរាល់ដំណើរការអនុវត្តកិច្ចការជួសជុលនីមួយៗ បានទទួលនូវអនុសាសន៍ណែនាំបន្ថែមពីអ្នកជំនាញ អាដ ហុក នៃគណកម្មាធិការ ICC-Angkor។ ហេតុនេះហើយ ដើម្បីឆ្លើយតបនឹងអនុសាសន៍ទាំងនោះគម្រោងបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន៥កន្លែង ដែលស្ថិតតាមបណ្តោយនៃកម្រាលស្ពានហាល ក្នុងបំណងសិក្សា និងប្រៀធៀបរចនាសម្ព័ន្ធខាងស្ថាបត្យកម្ម ស្វែងយល់ពីប្រវត្តិនិងវាយតម្លៃនូវកម្រិតនៃភាពខូចខាតរបស់ស្ពានហាល។ល។ លទ្ធផលដែលបានពីកំណាយស្រាវជ្រាវ បង្ហាញនូវភាពខុសគ្នាច្រើនដូចជា៖ ប្រវត្តិនៃការជួសជុលកែលំអស្ពានហាលក្នុងសម័យក្រោយអង្គរ (សវទី១៦-១៧) -បច្ចេកទេសនៃការបង្ហាប់គ្រឹះ -ភាពខ្យោយនិងភាពរឹងមាំនៃរចនាសម្ព័ន្ធជញ្ជាំង និងយល់ដឹងអំពីបច្ចេកទេសបុរាណដែលបានសង់ស្ពានហាល។

ក្រុមអ្នកជំនាញខ្មែរនិងអ្នកជំនាញជប៉ុនបានធ្វើការរួមគ្នាលើផ្នែកបច្ចេកទេស ក្នុងនោះលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវគឺជាទិន្ន័យគោលដែលមានប្រយោជន៍ខ្លាំងសម្រាប់យកទៅវិភាគលម្អិត និងកំណត់នូវវិធីសាស្ត្រនៃការជួសជុលពង្រឹងរចនាសម្ព័ន្ធស្ពានហាល។ ចំពោះបច្ចេកទេសនៃការងារជួសជុល គណៈកម្មាធិការ ICC-Angkor ក្នុងកិច្ចប្រជុំចុងក្រោយកាលពីពាក់កណ្តាលខែធ្នូកន្លងទៅនេះ បានកំណត់ឲ្យធ្វើការជួសជុលដោយមិនឲ្យរុះរើជញ្ជាំង ដើម្បីទុកជាស្លាកស្នាមប្រវត្តិសាស្ត្រ។

ឆ្លងកាត់ការជជែកពិភាក្សាជាមួយអ្នកជំនាញការជាន់ខ្ពស់ជាច្រើនរួចមក គណៈកម្មាធិការនេះសម្រេចឲ្យក្រុមការងារធ្វើការជួសជុលសាកល្បងទៅលើចំណុចលំបាកខ្លាំងប្រវែង៤ទៅ៥ម៉ែត្រ ដោយប្រើបច្ចេកទេសមិនរុះរើជញ្ជាំង ដើម្បីដឹងថា តើអ្វីខ្លះជាភាពប្រឈមខ្លាំង និងបន្តរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីដោះស្រាយ។ ដូច្នេះ ក្រុមការងារនឹងអនុវត្តគម្រោងសាកល្បងនេះ ក្នុងរយៈពេលឆាប់ៗខាងមុខ៕














ប្រាសាទភិមានអាកាសអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នឹងត្រូវជួសជុលឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA (Chinese government team for Safegaurding Angkor) នៃសាធារណរដ្ឋប្រជាមានិតចិន។
ប្រាសាទភ្នំបាខែង ក្រៅពីមានសំណង់ស្ថាបត្យកម្មដ៏ល្អវិសេសវិសាលហើយ ទីតាំងប្រាសាទនេះ ក៏ជាកន្លែងមើលទេសភាពប្រាសាទអង្គរវត្ត បារាយណ៍ទឹកថ្លា ជួរភ្នំគូលែន សម្រស់ព្រៃឈើនៅក្នុងឧទ្យានអង្គរ ជាពិសេសអ្វីដែលភ្ញៀវទេសចរជាតិ-អន្តរជាតិតែងតែចង់មើលបំផុត គឺទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិចដ៏ស្រស់ត្រកាលពីលើប្រាសាទនេះ។
អ្នកស្រាវជ្រាវអន្តរជាតិជាច្រើនរូបនៅលើពិភពលោក បានមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍និងចំណេះដឹងដល់បុគ្គលិកអាជ្ញាធរជាតិអប្សរានិងសាធារណជនស្តីអំពីប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈ ឬ CASTING (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គណៈកម្មការចម្រុះនៃអាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាប រួមមាន មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាស្ថិតនៅភូមិធ្លកអណ្តូង(ចុងកៅស៊ូ) សង្កាត់ស្លក្រាម ក្រុងសៀមរាប (តំបន់ផ្លូវ៦០ម៉ែត្រ)។
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កម្លាំងចម្រុះនៃអាជ្ញាធរអប្សរានិងសាលាខេត្តសៀមរាប ដែលមានការចូលរួមពីអាជ្ញាធរក្រុងសៀមរាប មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី អាជ្ញាធរក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត កំពុងចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាស្ថិតនៅតំបន់ផ្លូវ៦០ម៉ែត្រ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1250
ម្សិលមិញ
:
4070
សប្តាហ៍នេះ
:
19890
ខែនេះ
:
0093213
សរុប
:
004456577