ព័ត៌មានថ្មីៗ

ដំណើរវិវឌ្ឍនៃការងារជួសជុលស្ពានហាលខាងលិច-ប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 03 ខែ មករា ឆ្នាំ2018 03:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយគ្រោងនឹងចំណាយពេល៤ឆ្នាំដើម្បីឲ្យរួចរាល់។ នេះជាគម្រោងសហការជំហានទី២រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន បន្ទាប់ពីដំណាក់កាលទី១នៃគម្រោងសហការដែលបានជួសជុលស្ពានហាលនេះប្រវែង ១០០ម៉ែត្រ រួចរាល់ជាស្ថាពរ(១៩៩៦-២០០៧)។

គម្រោងជួសជុលដំណាក់កាលទី២នេះ ភាគីជប៉ុនបានផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីងាយស្រួលក្នុងកិច្ចការជួសជុល។ ចំណែកអាជ្ញាធរជាតិអប្សរាទទួលបន្ទុក ទាំងថវិកានិងកម្លាំងពលកម្ម ដោយក្នុងនោះ អ្នកជំនាញខ្មែរចំនួន៤នាក់ដែលជាស្ថាបត្យករ បុរាណវិទូ និងពលករជំនាញចំនួន ៥៤នាក់ កំពុងធ្វើការរួមគ្នាជាមួយអ្នកបច្ចេកទេសជប៉ុនមកពីសាកលវិទ្យាល័យសូហ្វីយ៉ា។

លោក អន សុភាព មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការដែលទទួលបន្ទុកលើការគ្រប់គ្រងរួមនិងសម្របសម្រួលទូទៅក្នុងគម្រោង បានបង្ហាញនូវដំណើរវិវឌ្ឍនៃការជួសជុលនេះថា កិច្ចការបឋមៗដែលក្រុមការងារបាននិងកំពុងអនុវត្តសព្វថ្ងៃគឺ ការសិក្សានិងប្រមូលទិន្នន័យទាំងឡាយ ដែលជាប្រយោជន៍សម្រាប់ឯកសារបច្ចេកទេសនៃការជួសជុល រួមមាន -កិច្ចការសម្រង់និងគូរប្លង់ -ការវិនិច្ឆ័យនិងរកដំណោះស្រាយលើវិធីសាស្រ្តនៃការជួសជុល -ការងារស្រាវជ្រាវតាមរយ:ការបើករណ្តៅកំណាយ និងរៀបចំសង់ទំនប់ទប់ទឹកប្រវែង ១៣៣.៥ម៉ែត្រ តាមបណ្តោយជញ្ជាំងខាងជើងនៃស្ពានហាល។

បំណងនិងទស្សនៈរួមផ្នែកបច្ចេកទេសជួសជុលរចនាសម្ព័ន្ធស្ពានហាលនេះ គឺ រក្សាទម្រង់ដើមរបស់សំណង់ រួមទាំងរក្សាប្រវត្តិនៃការជួសជុល បច្ចេកទេសនិងស្នាដៃស្ថាបត្យកម្ម។ ម្យ៉ាងទៀតរាល់ដំណើរការអនុវត្តកិច្ចការជួសជុលនីមួយៗ បានទទួលនូវអនុសាសន៍ណែនាំបន្ថែមពីអ្នកជំនាញ អាដ ហុក នៃគណកម្មាធិការ ICC-Angkor។ ហេតុនេះហើយ ដើម្បីឆ្លើយតបនឹងអនុសាសន៍ទាំងនោះគម្រោងបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន៥កន្លែង ដែលស្ថិតតាមបណ្តោយនៃកម្រាលស្ពានហាល ក្នុងបំណងសិក្សា និងប្រៀធៀបរចនាសម្ព័ន្ធខាងស្ថាបត្យកម្ម ស្វែងយល់ពីប្រវត្តិនិងវាយតម្លៃនូវកម្រិតនៃភាពខូចខាតរបស់ស្ពានហាល។ល។ លទ្ធផលដែលបានពីកំណាយស្រាវជ្រាវ បង្ហាញនូវភាពខុសគ្នាច្រើនដូចជា៖ ប្រវត្តិនៃការជួសជុលកែលំអស្ពានហាលក្នុងសម័យក្រោយអង្គរ (សវទី១៦-១៧) -បច្ចេកទេសនៃការបង្ហាប់គ្រឹះ -ភាពខ្យោយនិងភាពរឹងមាំនៃរចនាសម្ព័ន្ធជញ្ជាំង និងយល់ដឹងអំពីបច្ចេកទេសបុរាណដែលបានសង់ស្ពានហាល។

ក្រុមអ្នកជំនាញខ្មែរនិងអ្នកជំនាញជប៉ុនបានធ្វើការរួមគ្នាលើផ្នែកបច្ចេកទេស ក្នុងនោះលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវគឺជាទិន្ន័យគោលដែលមានប្រយោជន៍ខ្លាំងសម្រាប់យកទៅវិភាគលម្អិត និងកំណត់នូវវិធីសាស្ត្រនៃការជួសជុលពង្រឹងរចនាសម្ព័ន្ធស្ពានហាល។ ចំពោះបច្ចេកទេសនៃការងារជួសជុល គណៈកម្មាធិការ ICC-Angkor ក្នុងកិច្ចប្រជុំចុងក្រោយកាលពីពាក់កណ្តាលខែធ្នូកន្លងទៅនេះ បានកំណត់ឲ្យធ្វើការជួសជុលដោយមិនឲ្យរុះរើជញ្ជាំង ដើម្បីទុកជាស្លាកស្នាមប្រវត្តិសាស្ត្រ។

ឆ្លងកាត់ការជជែកពិភាក្សាជាមួយអ្នកជំនាញការជាន់ខ្ពស់ជាច្រើនរួចមក គណៈកម្មាធិការនេះសម្រេចឲ្យក្រុមការងារធ្វើការជួសជុលសាកល្បងទៅលើចំណុចលំបាកខ្លាំងប្រវែង៤ទៅ៥ម៉ែត្រ ដោយប្រើបច្ចេកទេសមិនរុះរើជញ្ជាំង ដើម្បីដឹងថា តើអ្វីខ្លះជាភាពប្រឈមខ្លាំង និងបន្តរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីដោះស្រាយ។ ដូច្នេះ ក្រុមការងារនឹងអនុវត្តគម្រោងសាកល្បងនេះ ក្នុងរយៈពេលឆាប់ៗខាងមុខ៕














នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គណៈកម្មាធិការជំនាញនៃរដ្ឋសភាសាធារណរដ្ឋកូរ៉េទទួលបន្ទុកការងារអប់រំ កីឡា វប្បធម៌ និងទេសចរណ៍ បានសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងស្វែងយល់ពីគម្រោងជួសជុលប្រាសាទពិធូរ។ គម្រោងជួសជុលប្រាសាទព្រះពិធូរ គឺជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
សេចក្តីប្រកាសព័ត៌មាន
( ថ្ងៃទី 17 ខែ មករា ឆ្នាំ2018 )
អាជ្ញាធរជាតិអប្សរាសូមប្រកាសជូនសាធារណជនដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុនហ្គោលឌែន អ៊ីហ្គល រៀលអ៊ិស្ទេត ខូអិលធីឌី ដែលមានទីតាំងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចំណុចផ្លូវ៦០ម៉ែត្រឬអង្គរឃ្យុងយូ) មកធ្វើការពិនិត្យផ្ទៀងផ្ទាត់ក្បាលដីជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីជៀសវាងការខូចខាតផលប្រយោជន៍ជាយថាហេតុ។ សូមអានសេចក្តីលម្អិតនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) បានបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ ខែមករា ឆ្នាំ២០១៨។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសវនករនៃស្ថាប័ន JQA ចំនួន២រូប គឺលោក Kozo Sakurada និងលោក Yamada Mamoru។​
រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែក អាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់ពិតានឡើងវិញ។ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានរៀបចំបទបង្ហាញស្តីពីលទ្ធផលគម្រោងសាកល្បងទីផ្សារអនាម័យ ដើម្បីចែករំលែកបទពិសោធន៍ ដល់មន្ត្រីបុគ្គលិក៣៥រូបនៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការងារពាក់ព័ន្ធនឹងការអប់រំប្រជាពលរដ្ឋ។
ដើមដំបូងមុន12345...144145បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1182
ម្សិលមិញ
:
4070
សប្តាហ៍នេះ
:
19822
ខែនេះ
:
0093145
សរុប
:
004456509