ព័ត៌មានថ្មីៗ

ចម្លាក់តោនិងពុទ្ធបដិមាសម័យកណ្តាលនៃប្រាសាទប្រែរូបកំពុងទទួលការអភិរក្សជួសជុលពីមន្ត្រីជំនាញខ្មែរ

បានផ្សាយនៅ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ2017 03:29 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មន្ត្រីជំនាញខ្មែរផ្នែកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី៥ផ្នែកខាងជើងនិងខាងត្បូងនិងបដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គ ស្ថិតក្នុងប្រាង្គកណ្តាល នៃប្រាសាទប្រែរូប ដែលស្ថិតនៅជ្រុងឦសាននៃស្រះស្រង់លើបណ្តោយផ្លូវវង់ធំ។

ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម កំពុងរៀបចំរន្ទា និងស្ទូចចម្លាក់តោដែលបានបាក់ធ្លាក់ពាក់កណ្តាលខ្លួនដើម្បីធ្វើការជួសជុលឡើងវិញ ចំណែកបំណែកដែលបាក់បែកទាំងឡាយ ក៏ត្រូវសម្រង់ចុះបញ្ជី និងសិក្សាប្រភពសម្រាប់យកទៅតភ្ជាប់ស្របតាមទម្រង់ដើមនៃចម្លាក់នីមួយៗ។ គម្រោងជួសជុលចម្លាក់តោ និងព្រះពុទ្ធរូប នឹងគ្រោងចំណាយពេលវេលាសម្រាប់ថែទាំ ជួសជុលប្រមាណ ៦ខែ សម្រាប់ដំណើរជួសជុលរួចរាល់។

បដិមារូបព្រះពុទ្ធអំពីថ្មភក់ដែលទ្រង់ឈរពីរអង្គជាប់គ្នានេះ បានបាត់ព្រះកេសទាំងស្រុង និងដាច់ត្រឹមកជើង ហើយអាចត្រូវបាននាំទៅតម្កល់ក្នុងប្រាសាទនេះក្នុងសម័យកណ្តាល (ស.វទី១៥-១៦) គឺកំឡុងពេលដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

លោក ឡុង ណារី អ្នកដឹកនាំគម្រោងជួសជុលនេះបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ ពីពេលវេលា និងមូលហេតុដែលចម្លាក់តោទាំងនេះបាក់ធ្លាក់ពាក់កណ្តាលខ្លួនទៅជាន់ខាងក្រោមនោះទេ។ ផ្អែកតាមស្លាកស្នាមដែលសេសសល់ ចម្លាក់តោទាំងនេះ គឺកន្លងមកធ្លាប់ទទួលការជួសជុលដោយសាលាបារាំងចុងបូព៌ា (EFEO)។ ស្ថានភាពបច្ចុប្បន្នចម្លាក់តោបង្ហាញ អំពីស្នូលដែកដែលបានប្រើប្រាស់សម្រាប់ពង្រឹង បានរងការពុកផុយខ្លាំង។ ដូចនេះ ចម្លាក់អាចត្រូវរបេះធ្លាក់ដោយសារការថយចុះនៃគុណភាពសម្ភារ:ពង្រឹងទាំងនោះ។

លទ្ធផលលើផ្នែកកិច្ចការថែទាំ អភិរក្សនិងជួសជុលចម្លាក់ បដិមានៅប្រាសាទប្រែរូបក្នុងឆ្នាំ២០១៧គឺបានជួសជុលរួចរាល់នូវចម្លាក់តោចំនួន៣ និងក្បាច់ចម្លាក់ផ្តែរចំនួនពីរនៅប៉មជ្រុងឦសាន និងជ្រុងពាយ័ព្យផ្នែកខាងលើ និងចម្លាក់ពុកផុយលើសសរពេជ្រមួយចំនួនទៀត។

បំណងនិងជម្រើសនៃការជួសជុលចម្លាក់តោ និងចម្លាក់ព្រះពុទ្ធរូបអំពីថ្មភក់នេះ គឺដើម្បីផ្តល់ការលើតម្លៃវត្ថុសិល្បៈ ពិសេស សម្រាប់ផ្នែកសាសនា ហើយរាល់ដំណាក់កាលនីមួយៗនៃដំណើរការជួសជុលត្រូវគោរពនូវបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពោលគឺ រាល់បំណែកថ្មតូចធំទាំងឡាយដែលរបេះដាច់ចេញពីទម្រង់ដើមនៃចម្លាក់ត្រូវការប្រមូល ព្រមទាំងធ្វើកំណត់ត្រាជាក់ច្បាស់ ដោយគិតលើគុណភាពថ្ម និងលទ្ធភាពអាចយកទៅប្រើប្រាស់ឡើងវិញក្នុងការតភ្ជាប់គ្នាតាមទម្រង់ដើមនៃបដិមា។ ដោយឡែក កិច្ចការសម្អាតលើផ្ទៃថ្ម ជាបច្ចេកទេសចាំបាច់សម្រាប់ជម្រះជាតិអំបិលដែលបន្សល់នូវកំណកជាច្រើនស្អិតជាប់នៅលើផ្ទៃថ្មទាំងនោះ។ ក្នុងនោះ ការជួសជុលក៏មានការផ្លាស់ប្តូរសម្ភារៈចាស់ៗដូចជា ដែកទាមដែលពុកផុយ បានផ្លាស់ប្តូរដែកទាមថ្មី និងបិទភ្ជិតបាយអថ្មីចូលក្នុងស្នាមប្រហោងតូចឆ្មា រួមទាំងភ្ជិតស្នាមប្រេះសម្រាប់ការពារនូវជម្រាបទឹក។ ចំពោះព្រះកេសដែលបាត់បង់របស់ព្រះពុទ្ធរូបទាំងពីរ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមដើម្បីនាំយកទៅតភ្ជាប់ឡើងវិញ។

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា ដឹកនាំនិងអនុវត្តការងារផ្ទាល់ដោយកូនខ្មែរ ដែលធ្លាប់ឆ្លងកាត់ការរៀនសូត្រ និងបទពិសោធន៍ជាមួយការដ្ឋានបរទេស ហើយបន្តបច្ចេកទេសនេះសម្រាប់សង្រ្គោះបេតិកភណ្ឌវប្បធម៌ តាមរយៈការជួសជុលរាល់ក្បាច់ចម្លាក់ដែលរងការពុកផុយទាំងឡាយនៅតាមប្រាសាទនានាក្នុងតំបន់អង្គរថ្ម៕












អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) ទើបនឹងទទួលបានវិញ្ញាបនបត្រថ្មីពីស្ថាប័ន JQA (Japan Quality Assurance) ដែលជាស្ថាប័នវាយតម្លៃកម្រិតស្ដង់ដា ISO ផ្នែកបរិស្ថាន។ វិញ្ញាបនបត្រថ្មីនេះ ជាកម្រិតស្ដង់ដា ដែល EMS ទើបនឹងទទួលបាននៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨ ជាប្រភេទស្ដង់ដា ISO 14001 ឆ្នាំ2015។
ដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ គម្រោង ACHA នៃអាជ្ញាធរជាតិអប្សរាផ្នែកកសិកម្មសហការជាមួយអង្គរ IDE (In Partnership Promoting Agribusiness) បើកវគ្គបណ្តុះបណ្តាលដល់ប្រជាជន៣០នាក់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្តីអំពី «សុវត្ថិភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំគីមីលើដំណាំកសិកម្ម» កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
ភូមិធម្មជាតិរុនតាឯក ដែលមានទីតាំងនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងទទួលបានការឧបត្ថម្ភអាគារសិក្សាមួយខ្នងស្មើ៥បន្ទប់ពីអង្គការ ARK BeaBeautiful Earth for Children។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ពិធីបញ្ចុះបឋមសិលាបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ស៊ុម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី សាន ណារី តំណាងអង្គការ ARK Beautiful Earth for Children របស់ប្រទេសជប៉ុន។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៨ ឧសភា ពិភពលោកបានប្រារព្ធទិវាសារមន្ទីរអន្ដរជាតិ។ ប្រធានបទសម្រាប់អបអរទិវាសារមន្ទីរជាតិនៅឆ្នាំនេះ គឺ «សារមន្ទីរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ វិធីសាស្រ្តថ្មី សាធារណជនថ្មី»។ សារមន្ទីរវាយនភណ្ឌអាស៊ី អិម ជី ស៉ី ក៏បានចូលរួមអបអរសាទរក្នុងទិវាដ៏មានសារប្រយោជន៍នេះដែរ។

ដើម្បីជាការអបអរទិវាសារមន្ទីរអន្ដរជាតិ (International Museum Day)
នៅរសៀលថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងសារមន្ទីររដ្ឋធានីរបស់ចិន ដើម្បីធ្វើការរួមគ្នាលើវិស័យសារមន្ទីរ។ គោលបំណងនៃអនុស្សរណៈនេះក៏មានបំណងដើម្បីផ្លាស់ប្ដូរការតាំងពិព័រណ៌ ការស្រាវជ្រាវ និងផ្លាស់ប្ដូរបទពិសោធន៍ ព្រមទាងបណ្ដុះបណ្តាលអ្នកជំនាញផ្នែកសារមន្ទីរផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
12376
ម្សិលមិញ
:
18212
សប្តាហ៍នេះ
:
12376
ខែនេះ
:
0232351
សរុប
:
005570931