ព័ត៌មានថ្មីៗ

ចម្លាក់តោនិងពុទ្ធបដិមាសម័យកណ្តាលនៃប្រាសាទប្រែរូបកំពុងទទួលការអភិរក្សជួសជុលពីមន្ត្រីជំនាញខ្មែរ

បានផ្សាយនៅ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ2017 03:29 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មន្ត្រីជំនាញខ្មែរផ្នែកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី៥ផ្នែកខាងជើងនិងខាងត្បូងនិងបដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គ ស្ថិតក្នុងប្រាង្គកណ្តាល នៃប្រាសាទប្រែរូប ដែលស្ថិតនៅជ្រុងឦសាននៃស្រះស្រង់លើបណ្តោយផ្លូវវង់ធំ។

ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម កំពុងរៀបចំរន្ទា និងស្ទូចចម្លាក់តោដែលបានបាក់ធ្លាក់ពាក់កណ្តាលខ្លួនដើម្បីធ្វើការជួសជុលឡើងវិញ ចំណែកបំណែកដែលបាក់បែកទាំងឡាយ ក៏ត្រូវសម្រង់ចុះបញ្ជី និងសិក្សាប្រភពសម្រាប់យកទៅតភ្ជាប់ស្របតាមទម្រង់ដើមនៃចម្លាក់នីមួយៗ។ គម្រោងជួសជុលចម្លាក់តោ និងព្រះពុទ្ធរូប នឹងគ្រោងចំណាយពេលវេលាសម្រាប់ថែទាំ ជួសជុលប្រមាណ ៦ខែ សម្រាប់ដំណើរជួសជុលរួចរាល់។

បដិមារូបព្រះពុទ្ធអំពីថ្មភក់ដែលទ្រង់ឈរពីរអង្គជាប់គ្នានេះ បានបាត់ព្រះកេសទាំងស្រុង និងដាច់ត្រឹមកជើង ហើយអាចត្រូវបាននាំទៅតម្កល់ក្នុងប្រាសាទនេះក្នុងសម័យកណ្តាល (ស.វទី១៥-១៦) គឺកំឡុងពេលដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

លោក ឡុង ណារី អ្នកដឹកនាំគម្រោងជួសជុលនេះបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ ពីពេលវេលា និងមូលហេតុដែលចម្លាក់តោទាំងនេះបាក់ធ្លាក់ពាក់កណ្តាលខ្លួនទៅជាន់ខាងក្រោមនោះទេ។ ផ្អែកតាមស្លាកស្នាមដែលសេសសល់ ចម្លាក់តោទាំងនេះ គឺកន្លងមកធ្លាប់ទទួលការជួសជុលដោយសាលាបារាំងចុងបូព៌ា (EFEO)។ ស្ថានភាពបច្ចុប្បន្នចម្លាក់តោបង្ហាញ អំពីស្នូលដែកដែលបានប្រើប្រាស់សម្រាប់ពង្រឹង បានរងការពុកផុយខ្លាំង។ ដូចនេះ ចម្លាក់អាចត្រូវរបេះធ្លាក់ដោយសារការថយចុះនៃគុណភាពសម្ភារ:ពង្រឹងទាំងនោះ។

លទ្ធផលលើផ្នែកកិច្ចការថែទាំ អភិរក្សនិងជួសជុលចម្លាក់ បដិមានៅប្រាសាទប្រែរូបក្នុងឆ្នាំ២០១៧គឺបានជួសជុលរួចរាល់នូវចម្លាក់តោចំនួន៣ និងក្បាច់ចម្លាក់ផ្តែរចំនួនពីរនៅប៉មជ្រុងឦសាន និងជ្រុងពាយ័ព្យផ្នែកខាងលើ និងចម្លាក់ពុកផុយលើសសរពេជ្រមួយចំនួនទៀត។

បំណងនិងជម្រើសនៃការជួសជុលចម្លាក់តោ និងចម្លាក់ព្រះពុទ្ធរូបអំពីថ្មភក់នេះ គឺដើម្បីផ្តល់ការលើតម្លៃវត្ថុសិល្បៈ ពិសេស សម្រាប់ផ្នែកសាសនា ហើយរាល់ដំណាក់កាលនីមួយៗនៃដំណើរការជួសជុលត្រូវគោរពនូវបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពោលគឺ រាល់បំណែកថ្មតូចធំទាំងឡាយដែលរបេះដាច់ចេញពីទម្រង់ដើមនៃចម្លាក់ត្រូវការប្រមូល ព្រមទាំងធ្វើកំណត់ត្រាជាក់ច្បាស់ ដោយគិតលើគុណភាពថ្ម និងលទ្ធភាពអាចយកទៅប្រើប្រាស់ឡើងវិញក្នុងការតភ្ជាប់គ្នាតាមទម្រង់ដើមនៃបដិមា។ ដោយឡែក កិច្ចការសម្អាតលើផ្ទៃថ្ម ជាបច្ចេកទេសចាំបាច់សម្រាប់ជម្រះជាតិអំបិលដែលបន្សល់នូវកំណកជាច្រើនស្អិតជាប់នៅលើផ្ទៃថ្មទាំងនោះ។ ក្នុងនោះ ការជួសជុលក៏មានការផ្លាស់ប្តូរសម្ភារៈចាស់ៗដូចជា ដែកទាមដែលពុកផុយ បានផ្លាស់ប្តូរដែកទាមថ្មី និងបិទភ្ជិតបាយអថ្មីចូលក្នុងស្នាមប្រហោងតូចឆ្មា រួមទាំងភ្ជិតស្នាមប្រេះសម្រាប់ការពារនូវជម្រាបទឹក។ ចំពោះព្រះកេសដែលបាត់បង់របស់ព្រះពុទ្ធរូបទាំងពីរ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមដើម្បីនាំយកទៅតភ្ជាប់ឡើងវិញ។

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា ដឹកនាំនិងអនុវត្តការងារផ្ទាល់ដោយកូនខ្មែរ ដែលធ្លាប់ឆ្លងកាត់ការរៀនសូត្រ និងបទពិសោធន៍ជាមួយការដ្ឋានបរទេស ហើយបន្តបច្ចេកទេសនេះសម្រាប់សង្រ្គោះបេតិកភណ្ឌវប្បធម៌ តាមរយៈការជួសជុលរាល់ក្បាច់ចម្លាក់ដែលរងការពុកផុយទាំងឡាយនៅតាមប្រាសាទនានាក្នុងតំបន់អង្គរថ្ម៕












កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង ACHA សហការជាមួយអង្គការ IDE (In Partnership Promoting Agribusiness) បានបើកវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារកសិផលដល់ប្រជាកសិករ ជាកសិករគំរូនិងអ្នកធ្វើតាមចំនួន២០គ្រួសារ ដែលស្ថិតនៅភូមិអូរ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករក្នុងការដាំដុះកសិកម្មបន្ថែមទៀត។
ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។
ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុលសំណង់និងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាជនក្នុងតំបន់អង្គរ ដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ បង្កផលប៉ះពាល់ដល់ទីជម្រកនិងការរស់នៅយ៉ាងខ្លាំង។
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា បង្កើតកម្មវិធីអប់រំថ្មីមួយហៅថា «អប់រំបេតិកភណ្ឌ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងបញ្ជ្រាបតម្លៃបេតិកភណ្ឌ ដល់សិក្សានុសិស្សនៃសាលាបឋមសិក្សានៅក្នុងតំបន់អង្គរ តាមរយៈការបើកវគ្គបណ្តុះបណ្តាល អប់រំខ្លីៗចំនួនមួយឆមាសម្តង។ កម្មវិធីក្នុងជំហានដំបូងបានចាប់ដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាស្រះស្រង់។
ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៨ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង រួមនឹងក្រុមការងារ បានចុះជួបប្រជាពលរដ្ឋ នៅភូមិឪឡោក និងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលជួបគ្រោះធម្មជាតិដោយផ្ទះ និងរោង របស់ពួកគាត់ដួលរាបដល់ដី ដោយសារភ្លៀងមួយមេធំលាយដោយខ្យល់ ព្យុះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ។
ដើមដំបូងមុន12345...162163បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
8756
ម្សិលមិញ
:
18212
សប្តាហ៍នេះ
:
08756
ខែនេះ
:
0228731
សរុប
:
005567311