ព័ត៌មានថ្មីៗ

សាធារណជនគាំទ្រចំណាត់ការអាជ្ញាធរជាតិអប្សរារៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ត្រកាល

បានផ្សាយនៅ ថ្ងៃទី 11 ខែ តុលា ឆ្នាំ2017 03:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាបានចាត់វិធានការរៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរឱ្យមានភាពស្រស់ត្រកាលដោយបញ្ឈប់សកម្មភាពជួលកន្ទេល អង្រឹង និងលក់គ្រឿងបរិភោគដល់អ្នកមកដើរកម្សាន្ត។ ជាលទ្ធផលវាលស្មៅផ្នែកខាងលិចនៃកសិន្ធុប្រាសាទអង្គរវត្ត ហាក់កំពុងបង្អួតសម្រស់បៃតងស្រស់ស្រងាត់ដល់ភ្ញៀវទេសចរគួរឱ្យចង់គយគន់និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ការអនុវត្តចំណាត់ការនេះបានទទួលការគាំទ្រជាខ្លាំងពីសាធារណជន ជាក់ស្តែងលោកពូ រិទ្ធ ជាងថតរូបនៅប្រាសាទអង្គររយៈពេល២ឆ្នាំមកហើយ បានប្រាប់ថា ការរៀបចំវាលស្មៅមិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រឹងនៅមុខកសិន្ធុប្រាសាទអង្គរវត្ត គឺល្អណាស់ ព្រោះវាមិនមានសំរាមរាយប៉ាយ មិនមានក្លិនឆ្អេះឆ្អាប មិនមានសំឡេងធុងបាស និងផឹកស៊ីឡូឡា ពិសេសគឺរក្សាបាននូវទេសភាពស្អាតពេលថតរូប។

បន្ថែមពីនោះលោក សារ៉ាវី មគ្គុទ្ទេសក៍ភាសាអង់គ្លេស បានបញ្ចេញមតិថា ការបញ្ឈប់មិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រឹងនៅលើវាលស្មៅជាការល្អ ព្រោះប្រជាជនខ្មែរភាគច្រើនមិនសូវមានការយល់ដឹងពីបរិស្ថាន ពិសេសពេលរដូវបុណ្យទានឬមកលេងកម្សាន្តអង្គរ ពួកគាត់តែងចោលសំរាមពេញនៅលើវាលស្មៅពេលបរិភោគរួច ឯអ្នកលក់ក៏សម្អាតមិនអស់បន្សល់នូវកាកសំណល់ ដែលនាំឱ្យប៉ះពាល់ជាខ្លាំងដល់សោភ័ណភាពនិងបរិស្ថាន។ លើសពីនោះគ្រឿងបំពងសំឡេង ការទទួលទានគ្រឿងស្រវឹងនៅតំបន់ប្រាសាទបុរាណ បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើពិភពលោក និងមិនសមជាកន្លែងសក្ការៈបូជាពីបុរាណ ហើយភ្ញៀវទេសចរក៏ធ្លាប់រិះគន់ទាំងបញ្ហាបរិស្ថាននិងទង្វើមិនសមរម្យបែបនេះដែរ។ លោកក៏បានសំណូមពរទាំងអាជ្ញាធរពាក់ព័ន្ធគួររកកន្លែងថ្មីសម្រាប់ម្ចាស់អាជីវកម្ម និងសូមឱ្យអាជីវករ គួរគិតផលប្រយោជន៍ជាតិជាធំ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយរួមគ្នាថែរក្សាអង្គរទាំងអស់គ្នា។

បងស្រី សុខុម មកពីភូមិបន្ទាយចាស់ ក៏មិនបានជំទាស់អ្វីដែរ ចំពោះការបញ្ឈប់សកម្មភាពលក់ដូរម្ហូបអាហារ ការជួលអង្រឹង កន្ទេលនៅលើសួនស្មៅ ព្រោះបើអត់មានអ្នកមកហូបចុក វាលស្មៅនេះក៏ស្អាតម្យ៉ាងដែរ ហើយបើអត់ពីកន្លែងនេះ បងស្រីក៏អាចលក់ចល័តទៅកន្លែងផ្សេងដែរ។

លោកស្រី ចាប្រឹហ្វ ទេសចរជនជាតិអាមេរិក បានប្រាប់ថា នេះជាដំណើរកម្សាន្តលើកទី១នៅប្រទេសកម្ពុជា។ លោកស្រីពិតជាចាប់អារម្មណ៍ខ្លាំងណាស់ចំពោះភាពល្បីល្បាញនៃប្រាសាទអង្គរវត្ត ពិសេសភាពមហិមានៃសំណង់ប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យ។ លើសពីនោះ លោកស្រីពិតជាស្រស់ស្រាយចំពោះភាពស្រស់ស្អាតនៃសោភ័ណភាពនៅប្រាសាទអង្គរនិងភាពរួសរាយរបស់ប្រជាជនខ្មែរ ស័ក្តិសមនឹងបានទទួលបានជាបេតិកភណ្ឌពិភពលោក៕












ក្រសួងអប់រំយុវជន និងកីឡា ក្នុងគម្រោងលើកកម្ពស់ក្រុមយុវជនឆ្នើម បានដឹកនាំក្រុមប្រឹក្សាយុវជនទូទាំង២៥រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៧។
កន្លងមកមានក្រុមអាជីវករមួយចំនួនបានយកវាលស្មៅជាប់កសិន្ធុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល។ល។ និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់​បង់សណ្តាប់​ធ្នាប់និងបរិស្ថានល្អ។
នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយមជ្ឈមណ្ឌល KJ Somaiya មកពីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាមួយដែលស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2357
ម្សិលមិញ
:
8156
សប្តាហ៍នេះ
:
19986
ខែនេះ
:
0152461
សរុប
:
003544240