ព័ត៌មានថ្មីៗ

សាធារណជនគាំទ្រចំណាត់ការអាជ្ញាធរជាតិអប្សរារៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ត្រកាល

បានផ្សាយនៅ ថ្ងៃទី 11 ខែ តុលា ឆ្នាំ2017 03:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាបានចាត់វិធានការរៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរឱ្យមានភាពស្រស់ត្រកាលដោយបញ្ឈប់សកម្មភាពជួលកន្ទេល អង្រឹង និងលក់គ្រឿងបរិភោគដល់អ្នកមកដើរកម្សាន្ត។ ជាលទ្ធផលវាលស្មៅផ្នែកខាងលិចនៃកសិន្ធុប្រាសាទអង្គរវត្ត ហាក់កំពុងបង្អួតសម្រស់បៃតងស្រស់ស្រងាត់ដល់ភ្ញៀវទេសចរគួរឱ្យចង់គយគន់និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ការអនុវត្តចំណាត់ការនេះបានទទួលការគាំទ្រជាខ្លាំងពីសាធារណជន ជាក់ស្តែងលោកពូ រិទ្ធ ជាងថតរូបនៅប្រាសាទអង្គររយៈពេល២ឆ្នាំមកហើយ បានប្រាប់ថា ការរៀបចំវាលស្មៅមិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រឹងនៅមុខកសិន្ធុប្រាសាទអង្គរវត្ត គឺល្អណាស់ ព្រោះវាមិនមានសំរាមរាយប៉ាយ មិនមានក្លិនឆ្អេះឆ្អាប មិនមានសំឡេងធុងបាស និងផឹកស៊ីឡូឡា ពិសេសគឺរក្សាបាននូវទេសភាពស្អាតពេលថតរូប។

បន្ថែមពីនោះលោក សារ៉ាវី មគ្គុទ្ទេសក៍ភាសាអង់គ្លេស បានបញ្ចេញមតិថា ការបញ្ឈប់មិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រឹងនៅលើវាលស្មៅជាការល្អ ព្រោះប្រជាជនខ្មែរភាគច្រើនមិនសូវមានការយល់ដឹងពីបរិស្ថាន ពិសេសពេលរដូវបុណ្យទានឬមកលេងកម្សាន្តអង្គរ ពួកគាត់តែងចោលសំរាមពេញនៅលើវាលស្មៅពេលបរិភោគរួច ឯអ្នកលក់ក៏សម្អាតមិនអស់បន្សល់នូវកាកសំណល់ ដែលនាំឱ្យប៉ះពាល់ជាខ្លាំងដល់សោភ័ណភាពនិងបរិស្ថាន។ លើសពីនោះគ្រឿងបំពងសំឡេង ការទទួលទានគ្រឿងស្រវឹងនៅតំបន់ប្រាសាទបុរាណ បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើពិភពលោក និងមិនសមជាកន្លែងសក្ការៈបូជាពីបុរាណ ហើយភ្ញៀវទេសចរក៏ធ្លាប់រិះគន់ទាំងបញ្ហាបរិស្ថាននិងទង្វើមិនសមរម្យបែបនេះដែរ។ លោកក៏បានសំណូមពរទាំងអាជ្ញាធរពាក់ព័ន្ធគួររកកន្លែងថ្មីសម្រាប់ម្ចាស់អាជីវកម្ម និងសូមឱ្យអាជីវករ គួរគិតផលប្រយោជន៍ជាតិជាធំ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយរួមគ្នាថែរក្សាអង្គរទាំងអស់គ្នា។

បងស្រី សុខុម មកពីភូមិបន្ទាយចាស់ ក៏មិនបានជំទាស់អ្វីដែរ ចំពោះការបញ្ឈប់សកម្មភាពលក់ដូរម្ហូបអាហារ ការជួលអង្រឹង កន្ទេលនៅលើសួនស្មៅ ព្រោះបើអត់មានអ្នកមកហូបចុក វាលស្មៅនេះក៏ស្អាតម្យ៉ាងដែរ ហើយបើអត់ពីកន្លែងនេះ បងស្រីក៏អាចលក់ចល័តទៅកន្លែងផ្សេងដែរ។

លោកស្រី ចាប្រឹហ្វ ទេសចរជនជាតិអាមេរិក បានប្រាប់ថា នេះជាដំណើរកម្សាន្តលើកទី១នៅប្រទេសកម្ពុជា។ លោកស្រីពិតជាចាប់អារម្មណ៍ខ្លាំងណាស់ចំពោះភាពល្បីល្បាញនៃប្រាសាទអង្គរវត្ត ពិសេសភាពមហិមានៃសំណង់ប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យ។ លើសពីនោះ លោកស្រីពិតជាស្រស់ស្រាយចំពោះភាពស្រស់ស្អាតនៃសោភ័ណភាពនៅប្រាសាទអង្គរនិងភាពរួសរាយរបស់ប្រជាជនខ្មែរ ស័ក្តិសមនឹងបានទទួលបានជាបេតិកភណ្ឌពិភពលោក៕












តំបន់រមណីយដ្ឋានអង្គរមានផ្ទៃដី៤០១ម៉ែត្រក្រឡា មាន១១២ភូមិ ២១ឃុំសង្កាត់ និង៥ស្រុក ក្រុង។ តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលមានតួនាទីភារកិច្ចថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរនេះដូចមានចែងក្នុងខ្លឹមសារនៃព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ១៩៩៤ ស្តីពីការកំណត់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ។ ស្របតាមខ្លឹមសារនេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះទៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់ ដើម្បីផ្សព្វផ្សាយពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរបានយល់។ ដូច្នេះ តើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានសិទ្ធិអ្វីខ្លះលើដីធ្លីរបស់ខ្លួន?
កម្មវិធីកសាងសមត្ថភាពរបស់និស្សិតនិងបុគ្គលិកវ័យក្មេងនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ ត្រូវបានប្រារព្ធពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរាជាមួយមហាវិទ្យាល័យ Komatus នៃប្រទេសជប៉ុន បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
អត្ថបទ ៖  បណ្ឌិត Alison Kyra Carter
អ្នកស្រាវជ្រាវមួយក្រុមសាកល្បងស្វែងយល់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសម័យអង្គរ
និស្សិតជប៉ុនចំនួន១០នាក់ ដែលចុះកម្មសិក្សានៅតំបន់អង្គរ២សប្តាហ៍ បាននាំគ្នាដាំកូនឈើនៅភូមិធម្មជាតិរុនតាឯក ខណៈចុះទៅទស្សនកិច្ចសិក្សានៅទីនោះកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដើម្បីរួមចំណែកការពារបរិស្ថាន និងលម្អសោភ័ណភាពភូមិរុនតាឯកឱ្យកាន់តែស្រស់ស្អាត។
ការអភិរក្សប្រាង្គប្រាសាទប្រកបដោយចីរភាព ប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចក្នុងតំបន់រមណីយដ្ឋានអង្គរជាតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា។ ដូច្នេះហើយ អាជ្ញាធរជាតិអប្សរាបានបង្កើនការយកចិត្តទុកដាក់ លើកិច្ចការងារទាំងនោះ យ៉ាងខ្លាំងជាមួយនឹងប្រាង្គប្រាសាទនានា និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
7038
ម្សិលមិញ
:
10149
សប្តាហ៍នេះ
:
71755
ខែនេះ
:
0252725
សរុប
:
006189616