ព័ត៌មានថ្មីៗ

វាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តត្រូវបានរៀបចំឱ្យមានភាពស្រស់ត្រកាល

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2017 02:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កន្លងមកមានក្រុមអាជីវករមួយចំនួនបានយកវាលស្មៅជាប់កសិន្ធុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល។ល។ និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់​បង់សណ្តាប់​ធ្នាប់និងបរិស្ថានល្អ។

សកម្មភាពទាំងនោះបានបង្កឱ្យមានសំរាមរាយប៉ាយពាសពេញលើវាលស្មៅ បាត់បង់សោភ័ណភាពសាធារណ:និងខ្យល់អាកាសបរិសុទ្ធនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏មានតម្លៃនិងល្បីល្បាញក្នុងសកលលោក។

ដើម្បីរៀបចំសណ្តាប់ធ្នាប់និងបង្កើនភាពស្រស់ត្រកាលឡើងវិញ ជាពិសេសបង្កើនភាពទាក់ទាញនិងលើកកម្ពស់គុណភាពនៃការទស្សនារបស់ភ្ញៀវទេសចរ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានសណ្តាប់ធ្នាប់​និង​​សហប្រតិបត្តិការនៃអគ្គនាយកដ្ឋាន​អាជ្ញាធរជាតិអប្សរា បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យា​ជាមួយ​​ក្រុមអាជីវករលក់ដូរដែលបាន​ធ្វើ​អាជីវ​កម្ម​លើវាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តឱ្យបញ្ឈប់សកម្មភាព​ជួល​កន្ទេល ដាក់អង្រឹង និងលក់ដូរចំណីអាហារ ទទួល​បាន​លទ្ធផលល្អ មិនមានការលក់ដូរនៅលើវាល​ស្មៅ​បន្តទៀត​ឡើយ ។

សកម្មភាពរបស់ក្រុមអាជីវករទាំងអស់ មិនត្រឹមតែជាការបង្ហាញនូវស្មារតីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតាទៀតផង៕
























អាជ្ញាធរជាតិអប្សរាដោយសហការជាមួយសាកលវិទ្យាល័យស៊ីដនី នឹងរៀបចំធ្វើបទបង្ហាញស្តីពីលទ្ធផលកំណាយស្រាវជ្រាវជាបឋមមួយ នៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត ដោយផ្តោតសំខាន់លើការតាំងទីលំនៅរស់នៅរបស់ប្រជាជននាសម័យអង្គរ ដោយលោកស្រីបណ្ឌិត Alison Carter នៅថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០ នាទីព្រឹក នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា។
ខ្លឹមសារនៃពិធីដាក់បាត្រ
( ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ2016 )
ពិធីដាក់បាត្រជាទំនៀមទម្លាប់ប្រពៃណីបុរាណតាមបែបព្រះពុទ្ធសាសនា របស់ប្រជាពលរដ្ឋខ្មែរមួយក្នុងចំណោមទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែបផ្សេងៗទៀត ដែលមានអាយុកាលយូរល់ងណាស់មកហើយ។ ទំនៀមទម្លាប់នេះ គេសង្កេតឃើញប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធពិធីដាក់បាត្រនេះ នៅគ្រប់ពិធីបុណ្យទាំងអស់មិនពិធីបុណ្យតូចឬធំនោះទេ ដើម្បីបង្ហាញឬបញ្ជាក់ប្រាប់ឲ្យសាធារណជនដឹងថាពិធីបុណ្យនេះឆ្លងឬបញ្ចប់នៅថ្ងៃហ្នឹងហើយ។ ហេតុនេះហើយទើបមានពាក្យដែលអ្នកស្រុកនិយាយជាទូទៅថា ដាក់បាត្រឆ្លង។
ទំនៀមទម្លាប់ប្រពៃណីគឺជាអត្តសញ្ញាណមួយ ដែលធ្វើឲ្យអ្នកអង្គរមានភាពប្លែកពីតំបន់ដទៃទៀត។ បើនិយាយពីប្រពៃណីរបស់អ្នកអង្គរសព្វថ្ងៃ យើងសឹងតែអាចនិយាយបានថា វាជាផ្នែកមួយនៃអវៈយវៈរបស់ពួកគាត់ទៅហើយ ពោលគឺ មិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ ពេលខ្លះ យើងសង្កេតឃើញថា បើគាត់រវល់ណាស់ធ្វើអ្វីធំដុំមិនទាន់ ក៏គង់ធ្វើអ្វីតូចមួយមកជំនួសឲ្យសមនឹងកិច្ចពិធីនោះៗដែរ។ តែទោះយ៉ាងណា ក៏មិនចោលទំនៀមទម្លាប់ប្រពៃណីដែរ។
ពិព័រណ៍ការងារដើម្បីតម្រង់ទិសក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ត្រូវបានរៀបចំឡើង ដោយអង្គការថែរក្សាដើម្បីកម្ពុជា Caring for Cambodia(CFC) និងវិទ្យាល័យផ្សេងៗ ព្រមទាំងមានការចូលរួមពីបណ្តាស្ថាប័នជាច្រើន។ ពិព័រណ៍បានរៀបចំនៅវិទ្យាល័យបាគង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមចំពោះការផ្សព្វផ្សាយនេះ ដោយមានមន្ត្រីជំនាញជាអ្នកពន្យល់ដោយផ្ទាល់ លើការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦នេះ  បាននាំយកនូវសម្ភារៈ  និងគ្រឿងបរិភោគមួយចំនួន  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
64560
ម្សិលមិញ
:
98152
សប្តាហ៍នេះ
:
64560
ខែនេះ
:
0064560
សរុប
:
015134363