ព័ត៌មានថ្មីៗ

កុលាលភាជន៍ដែលទទួលបានពីប្រជាពលរដ្ឋទទួលបានការអភិរក្សពីអ្នកជំនាញ អាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2017 12:04 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាមរយៈការផ្សព្វផ្សាយនិងការស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ក្នុងរយៈពេល២ខែកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានទទួលភាជន៍បុរាណចំនួន៦ ដែលបច្ចុប្បន្នភាជន៍ចំនួន៤ (២រក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ) បានរក្សាទុក ធ្វើការអភិរក្ស និងជួសជុលដោយអ្នកជំនាញនៃមជ្ឈមណ្ឌលអន្តរជាតិនិងតម្កល់ឯកសារអង្គរ។

ភាជន៍ទាំង៤ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋជាច្រើនតំបន់នៅក្នុងខេត្តសៀមរាបដូចជា៖ ភាជន៍ទី១មានស្រទាប់រលោងពណ៌ត្នោត បែកមាត់បន្តិច រកឃើញនៅភូមិនគរក្រៅ សង្កាត់គោកចក ពេលឈូសឆាយដីដាំពោត ម្ចាស់រក្សាទុករយៈពេល៣ខែ។ ភាជន៍ទី២ មានស្រទាប់រលោងពណ៌បៃតង មានទំហំតូច បែកមាត់ទាំងស្រុង រកឃើញនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ពេលជីកបង្គោលធ្វើរោងចិញ្ចឹមទាកាប៉ា ម្ចាស់រក្សាទុក៣ខែ។ ភាជន៍ទី៣ ទី៤ មានស្រទាប់រលោងពណ៌ត្នោតទាំងពីរ មួយក្នុងចំណោមនោះមានត្រចៀកព័ទ្ធជុំវិញ មានសភាពល្អ ត្រូវបានរកឃើញនៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្នុងការដ្ឋានជីកដីលក់ ហើយម្ចាស់រក្សាទុករយៈពេល១៥ឆ្នាំមុនប្រគល់ឱ្យអាជ្ញាធរជាតិអប្សរា។ ភាជន៍ទាំងនោះ គឺផលិតឡើងនៅចន្លោះស.វទី៩ដល់១៥នៃគ.ស។ បើទោះជាភាជន៍ទាំងអស់មានរូបរាងនៅល្អ តែសភាពខាងក្រៅខូចខាតដោយសារអាយុកាលដ៏យូរនិងការកប់ក្នុងដីធ្វើឱ្យស្លែនិងជាតិអំបិលផ្ទាត់ស្រទាប់រលោងទាំងនោះចេញអស់ ដូច្នេះទាមទាឱ្យមានការអភិរក្សជាចាំបាច់ ដើម្បីពង្រឹងស្រទាប់រលោងឱ្យនៅបានយូរ កាត់បន្ថយការខូចខាតកាន់តែធ្ងន់ធ្ងរ។

លោក ធី សេរីវុឌ្ឍ អ្នកជំនាញអភិរក្សនិងជួសជុលភាជន៍នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ បានរៀបរាប់ពីរបៀបនៃការអភិរក្សភាជន៍ទាំងនោះថា ដំបូងឡើយគឺយើងធ្វើការសម្អាតភាជន៍ទាំងអស់នេះសិនដើម្បីយកដី ស្លែនិងផ្កាអំបិលចេញ រួចហើយយកវាទៅត្រាំក្នុងទឹកសុទ្ធដែលមានជាតិរ៉ែទាបបំផុតរយៈពេល៣ថ្ងៃដកជាតិអំបិល ហើយមួយថ្ងៃពិនិត្យមើលម្តងរហូតដល់សាបជាតិអំបិលអស់។ បន្ទាប់មកយកវាទុកឱ្យស្ងួត ហើយដោយសារស្រទាប់រលោងមានបញ្ហា យើងត្រូវពង្រឹងការពារកុំឱ្យរបកទៀត ដោយប្រើកាវB៧២និងB42លាយជាមួយអាស៊ីតោនឱ្យរាវដើម្បីលាបលើភាជន៍ទាំងនោះម្តងមួយស្រទាប់ៗរហូតដល់អាចប្រើការបាននិងធានានូវរយៈពេលយូរ។ ដោយសារតែភាជន៍ទាំងនេះមិនមានអ្វីត្រូវជួសជុល ទើបមិនចំណាយពេលច្រើន។ ភាជន៍ទាំងអស់ក៏បានធ្វើការកត់ត្រានូវកាលបរិច្ឆេទ ទីតាំងដែលរកឃើញ និងប្រវត្តិផងដែរ ដើម្បីទុកជាឯកសារនិងការសិក្សាស្រាវជ្រាវ ក៏ដូចជាយកទៅតាំងពិព័រណ៌នៅតាមសារមន្ទីរពេលត្រូវការ។

គួរបញ្ជាក់ផងដែរថា រយៈពេលមួយឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ជួសជុលនិងអភិរក្សបានភាជន៍ជាង១០ហើយដោយអ្នកជំនាញ ហើយភាជន៍ទាំងអស់ក៏បានតាំងបង្ហាញនៅមជ្ឈមណ្ឌលផងដែរ៕




គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។
ភ្នាក់ងារទេសចរដែលបំពេញការងារនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project បង្រៀនដោយអ្នកជំនាញជប៉ុន៩រូប។
សិក្ខាកាម២២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពី ការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍» ទើបធ្វើឱ្យវិស័យទេសចរណ៍មាននិរន្តរភាព​
មន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ ដែលមកពីបណ្តាប្រទេសផ្សេងៗចំនួន១៧ ក្នុងកិច្ចប្រជុំស្តីពី និរន្តរភាព និងការគ្រប់គ្រងទេសចរណ៍ក្នុងរមណីយដ្ឋានបុរាណវិទ្យា និងបេតិកភណ្ឌ បានបង្ហាញការយល់ឃើញផ្សេងៗគ្នាលើដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក្រោយពីបានស្តាប់បទបង្ហាញ ពិភាក្សាផ្លាស់ប្តូរយោបល់ និងចុះបំពេញទស្សនកិច្ចសិក្សានៅទីតាំងសំខាន់ៗមួយចំនួននៃរមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
6887
ម្សិលមិញ
:
6854
សប្តាហ៍នេះ
:
37232
ខែនេះ
:
0206678
សរុប
:
004747276