ព័ត៌មានថ្មីៗ

អាជីវករជីកដីលក់ប្រគល់វត្ថុបុរាណចំនួន៣ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរថែរក្សា

បានផ្សាយនៅ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ2017 11:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោកពូ នឹម ថន ជាមន្ត្រីចូលនិវត្តន៍ មានអាជីវកម្មជីកដីនិងដឹកដីលក់ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្កុំ ខេត្តសៀមរាប បានយកភាជន៍បុរាណចំនួន៣មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គររក្សាទុក កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។

លោកពូ នឹម ថន បានឱ្យដឹងថា ភាជន៍ទាំង៣នេះរកឃើញនៅទីតាំងផ្សេងគ្នា ពេលលោកពូកាយដីលក់។ ភាជន៍ពណ៌ត្នោតដែលមានរាងប៉ោង ទាប រកឃើញនៅភូមិគោកស្រម៉រ ឃុំល្វា ស្រុកពួក កាលពីខែប្រាំង ឆ្នាំ២០១៦ ពេលយកត្រាក់ទ័រឈូសពង្រាបដី។ ភាជន៍ដែលមានរាងប៉ោងក្រោម ស្តួចលើ រកឃើញនៅភូមិគោកថ្មី ឃុំមុខប៉ែន ស្រុកពួក នៅលើទួលក្រោយផ្ទះអ្នកស្រុក។ ឯភាជន៍មួយទៀត រាងស្រដៀងថូផ្កា មានត្រចៀកលម្អជុំវិញនោះ រកឃើញនៅភូមិតាត្រាវ ឃុំមុខប៉ែន ស្រុកពួក កំឡុងខែមេសា ឆ្នាំ២០១៧។

លោកពូបន្តថា «ចំពោះការប្រគល់វត្ថុបុរាណទាំង៣ជូនសារមន្ទីរជាអ្នកថែរក្សា មិនមែនទុកដាក់នៅផ្ទះជួបរឿងមិនល្អឬមិនសមប្រកបអីនោះទេ តែពូបានឃើញការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានផ្សេងៗទាក់ទងនឹងការប្រគល់វត្ថុបុរាណ ម្យ៉ាងទៀតបើពូទុកប្រើប្រាស់ក៏ប្រើអីមិនកើត ហើយវាជារបស់បុរាណផងនោះ បើយកមកទុកនៅសារមន្ទីរវាល្អ ហើយមានសុវត្ថិភាពជាង»។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់ពីអត្តសញ្ញាណនៃវត្ថុបុរាណទាំង៣នេះថា ជាភាជន៍ដែលធ្វើពីដីដុត ហើយមានភាជន៍២ធ្វើឡើងនៅសម័យអង្គរ។ ភាជន៍មានខ្លួនប៉ោង កស្តួច មានស្រទាប់រលោងពណ៌បៃតង ផលិតនៅស.វទី៩ដល់ទី១០ ឯភាជន៍មានខ្លួនខ្ពស់ រាងដូចថូផ្កា លម្អដោយត្រចៀកសងខាង មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅស.វទី១១ដល់ទី១៣។ ចំណែកភាជន៍ដែលមានខ្លួនប៉ោង ទាប ពណ៌ត្នោតក្រម៉ៅ ជាភាជន៍ផលិតនៅស្រុកចិន មានអាយុកាលផលិតនាដើមស.វទី២០។

បន្ថែមពីនោះ កញ្ញា ឆោម គន្ធា អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តលះបង់របស់លោកពូក្នុងការចូលរួមចំណែកថែរក្សាវត្ថុបុរាណជាមួយអាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ផងដែរ បើគិតពីដើមឆ្នាំ២០១៧ មកដល់ថ្ងៃនេះ គឺមានវត្ថុសិល្បៈបុរាណចំនួន១១ហើយដូចជា ពុទ្ធបដិមា កុលាលភាជន៍ ដែលប្រជាជនក្នុងខេត្តសៀមរាបបានយកមកប្រគល់ជូនសារមន្ទីរ។ គ្រប់វត្ថុសិល្បៈទាំងអស់នឹងទទួលបានការអភិរក្ស ការជួសជុល ការចុះបញ្ជីជីវប្រវត្តិសម្រាប់ផ្តល់ព័ត៌មានអប់រំនិងសម្រាប់តាំងពិព័ណដល់សាធារណជន៕






ក្នុងអំឡុងពេលខែឧសភានេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាចបានចំនួន១៣៨ករណី រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន១៦ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន១៣ករណី ស្រុកពួក អនុញ្ញាតបានចំនួន៤៧ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន៥៣ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន០៩ករណី។
ដំណឹងជ្រើរើសបុគ្គលិក
( ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ2018 )
អាជ្ញាធរអប្សរា អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងតំបន់អង្គរ (www.apsaraauthority.gov.kh) ជូនដំណឹងដល់សិស្ស និស្សិត និងសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា អាជ្ញាធរអប្សរា នឹធ្វើការជ្រើរើស ភា្នក់ងារទេសចរ កម្រិតសញ្ញាបត្រទុតិយភូមិ ចំនួន ១៤រូប ឲ្យបម្រើការនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ។
ប្រជាពលរដ្ឋក្រីក្រក្នុងឃុំបាគង ស្រុកប្រាសាទបាគងនៃរមណីយដ្ឋានអង្គរ បានទទួលអំណោយពីសប្បុរសជនមកពីប្រទេសម៉ាឡេស៊ី តាមរយៈការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា។ ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋប្រមាណ១៧៩គ្រួសារនេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅវត្តលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អ្នកជំនាញអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលស្តីពី ”លក្ខណៈពិសេសនៃបេតិកភណ្ឌខ្មែរ៖ លំនាំសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ និងបដិសាស្រ្តបុរាណ” បង្រៀនដោយលោកសាស្ត្រាចារ្យ Pierre Baptiste អ្នកជំនាញអភិរក្សនិងស្រាវជ្រាវនៃសារមន្ទីរ GUIMET នៃប្រទេសបារាំង។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង ACHA សហការជាមួយអង្គការ IDE (In Partnership Promoting Agribusiness) បានបើកវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារកសិផលដល់ប្រជាកសិករ ជាកសិករគំរូនិងអ្នកធ្វើតាមចំនួន២០គ្រួសារ ដែលស្ថិតនៅភូមិអូរ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករក្នុងការដាំដុះកសិកម្មបន្ថែមទៀត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0790
ម្សិលមិញ
:
8554
សប្តាហ៍នេះ
:
09344
ខែនេះ
:
0150676
សរុប
:
005787982