ព័ត៌មានថ្មីៗ

អាជីវករជីកដីលក់ប្រគល់វត្ថុបុរាណចំនួន៣ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរថែរក្សា

បានផ្សាយនៅ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ2017 11:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោកពូ នឹម ថន ជាមន្ត្រីចូលនិវត្តន៍ មានអាជីវកម្មជីកដីនិងដឹកដីលក់ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្កុំ ខេត្តសៀមរាប បានយកភាជន៍បុរាណចំនួន៣មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គររក្សាទុក កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។

លោកពូ នឹម ថន បានឱ្យដឹងថា ភាជន៍ទាំង៣នេះរកឃើញនៅទីតាំងផ្សេងគ្នា ពេលលោកពូកាយដីលក់។ ភាជន៍ពណ៌ត្នោតដែលមានរាងប៉ោង ទាប រកឃើញនៅភូមិគោកស្រម៉រ ឃុំល្វា ស្រុកពួក កាលពីខែប្រាំង ឆ្នាំ២០១៦ ពេលយកត្រាក់ទ័រឈូសពង្រាបដី។ ភាជន៍ដែលមានរាងប៉ោងក្រោម ស្តួចលើ រកឃើញនៅភូមិគោកថ្មី ឃុំមុខប៉ែន ស្រុកពួក នៅលើទួលក្រោយផ្ទះអ្នកស្រុក។ ឯភាជន៍មួយទៀត រាងស្រដៀងថូផ្កា មានត្រចៀកលម្អជុំវិញនោះ រកឃើញនៅភូមិតាត្រាវ ឃុំមុខប៉ែន ស្រុកពួក កំឡុងខែមេសា ឆ្នាំ២០១៧។

លោកពូបន្តថា «ចំពោះការប្រគល់វត្ថុបុរាណទាំង៣ជូនសារមន្ទីរជាអ្នកថែរក្សា មិនមែនទុកដាក់នៅផ្ទះជួបរឿងមិនល្អឬមិនសមប្រកបអីនោះទេ តែពូបានឃើញការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានផ្សេងៗទាក់ទងនឹងការប្រគល់វត្ថុបុរាណ ម្យ៉ាងទៀតបើពូទុកប្រើប្រាស់ក៏ប្រើអីមិនកើត ហើយវាជារបស់បុរាណផងនោះ បើយកមកទុកនៅសារមន្ទីរវាល្អ ហើយមានសុវត្ថិភាពជាង»។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់ពីអត្តសញ្ញាណនៃវត្ថុបុរាណទាំង៣នេះថា ជាភាជន៍ដែលធ្វើពីដីដុត ហើយមានភាជន៍២ធ្វើឡើងនៅសម័យអង្គរ។ ភាជន៍មានខ្លួនប៉ោង កស្តួច មានស្រទាប់រលោងពណ៌បៃតង ផលិតនៅស.វទី៩ដល់ទី១០ ឯភាជន៍មានខ្លួនខ្ពស់ រាងដូចថូផ្កា លម្អដោយត្រចៀកសងខាង មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅស.វទី១១ដល់ទី១៣។ ចំណែកភាជន៍ដែលមានខ្លួនប៉ោង ទាប ពណ៌ត្នោតក្រម៉ៅ ជាភាជន៍ផលិតនៅស្រុកចិន មានអាយុកាលផលិតនាដើមស.វទី២០។

បន្ថែមពីនោះ កញ្ញា ឆោម គន្ធា អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តលះបង់របស់លោកពូក្នុងការចូលរួមចំណែកថែរក្សាវត្ថុបុរាណជាមួយអាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ផងដែរ បើគិតពីដើមឆ្នាំ២០១៧ មកដល់ថ្ងៃនេះ គឺមានវត្ថុសិល្បៈបុរាណចំនួន១១ហើយដូចជា ពុទ្ធបដិមា កុលាលភាជន៍ ដែលប្រជាជនក្នុងខេត្តសៀមរាបបានយកមកប្រគល់ជូនសារមន្ទីរ។ គ្រប់វត្ថុសិល្បៈទាំងអស់នឹងទទួលបានការអភិរក្ស ការជួសជុល ការចុះបញ្ជីជីវប្រវត្តិសម្រាប់ផ្តល់ព័ត៌មានអប់រំនិងសម្រាប់តាំងពិព័ណដល់សាធារណជន៕






កិច្ចប្រជុំបច្ចេកទេសលើកទី៣០នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordinating Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បានបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
អស់រយៈពេល២៥ឆ្នាំមកហើយ ដែលរមណីយដ្ឋានអង្គរត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្នុងរយៈពេល២៥ឆ្នាំនេះ ពិភពលោកទាំងមូលមានភាពរំជើបរំជួលចំពោះសំណង់ស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត ហើយពីមួយឆ្នាំទៅមួយឆ្នាំ ភ្ញៀវទេសចរកាន់តែច្រើនបានមកទស្សនារមណីយដ្ឋានអង្គរ។
កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ ជាកម្មវិធីសម្រាប់អប់រំកុមារតូចឱ្យយល់ដឹងពីការថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance Organization= JQA) សហការជាមួយអាជ្ញាធរជាតិអប្សរា និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប។ គោលបំណងនៃកម្មវិធីអប់រំនេះ គឺដើម្បីបណ្ដុះគំនិតកុមារទៅលើការថែរក្សាបរិស្ថាន ជំរុញឱ្យការគ្រប់គ្រងបរិស្ថានអង្គរមាននិរន្ដរភាពជានិរន្ដន៍។
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០របស់ខ្លួន នៅថ្ងៃទី០៥និងទី០៦ ខែមិថុនា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
ក្រុមប្រឹក្សាកុមារនិងយុវជនចំនួន៤០០នាក់ ជាបន្តបន្ទាប់បានមកទស្សនាស្វែងយល់អំពីអង្គរនៅក្នុងខែឧសភា ឆ្នាំ២០១៨ ដើម្បីទទួលបានការអប់រំបណ្តុះបណ្តាល និងស្វែងយល់អំពីប្រវត្តិសាស្រ្ត វប្បធម៌ និងបេតិកភណ្ឌអង្គរ។ ដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំដោយនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជននិងកីឡា ដោយសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីបង្ហាត់បង្ហាញដល់កុមារនិងយុវជន ទាំងនៅមជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាបនិងនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0736
ម្សិលមិញ
:
8554
សប្តាហ៍នេះ
:
09290
ខែនេះ
:
0150621
សរុប
:
005787927