ព័ត៌មានថ្មីៗ

អាជីវករជីកដីលក់ប្រគល់វត្ថុបុរាណចំនួន៣ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរថែរក្សា

បានផ្សាយនៅ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ2017 11:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោកពូ នឹម ថន ជាមន្ត្រីចូលនិវត្តន៍ មានអាជីវកម្មជីកដីនិងដឹកដីលក់ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្កុំ ខេត្តសៀមរាប បានយកភាជន៍បុរាណចំនួន៣មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គររក្សាទុក កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។

លោកពូ នឹម ថន បានឱ្យដឹងថា ភាជន៍ទាំង៣នេះរកឃើញនៅទីតាំងផ្សេងគ្នា ពេលលោកពូកាយដីលក់។ ភាជន៍ពណ៌ត្នោតដែលមានរាងប៉ោង ទាប រកឃើញនៅភូមិគោកស្រម៉រ ឃុំល្វា ស្រុកពួក កាលពីខែប្រាំង ឆ្នាំ២០១៦ ពេលយកត្រាក់ទ័រឈូសពង្រាបដី។ ភាជន៍ដែលមានរាងប៉ោងក្រោម ស្តួចលើ រកឃើញនៅភូមិគោកថ្មី ឃុំមុខប៉ែន ស្រុកពួក នៅលើទួលក្រោយផ្ទះអ្នកស្រុក។ ឯភាជន៍មួយទៀត រាងស្រដៀងថូផ្កា មានត្រចៀកលម្អជុំវិញនោះ រកឃើញនៅភូមិតាត្រាវ ឃុំមុខប៉ែន ស្រុកពួក កំឡុងខែមេសា ឆ្នាំ២០១៧។

លោកពូបន្តថា «ចំពោះការប្រគល់វត្ថុបុរាណទាំង៣ជូនសារមន្ទីរជាអ្នកថែរក្សា មិនមែនទុកដាក់នៅផ្ទះជួបរឿងមិនល្អឬមិនសមប្រកបអីនោះទេ តែពូបានឃើញការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានផ្សេងៗទាក់ទងនឹងការប្រគល់វត្ថុបុរាណ ម្យ៉ាងទៀតបើពូទុកប្រើប្រាស់ក៏ប្រើអីមិនកើត ហើយវាជារបស់បុរាណផងនោះ បើយកមកទុកនៅសារមន្ទីរវាល្អ ហើយមានសុវត្ថិភាពជាង»។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់ពីអត្តសញ្ញាណនៃវត្ថុបុរាណទាំង៣នេះថា ជាភាជន៍ដែលធ្វើពីដីដុត ហើយមានភាជន៍២ធ្វើឡើងនៅសម័យអង្គរ។ ភាជន៍មានខ្លួនប៉ោង កស្តួច មានស្រទាប់រលោងពណ៌បៃតង ផលិតនៅស.វទី៩ដល់ទី១០ ឯភាជន៍មានខ្លួនខ្ពស់ រាងដូចថូផ្កា លម្អដោយត្រចៀកសងខាង មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅស.វទី១១ដល់ទី១៣។ ចំណែកភាជន៍ដែលមានខ្លួនប៉ោង ទាប ពណ៌ត្នោតក្រម៉ៅ ជាភាជន៍ផលិតនៅស្រុកចិន មានអាយុកាលផលិតនាដើមស.វទី២០។

បន្ថែមពីនោះ កញ្ញា ឆោម គន្ធា អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តលះបង់របស់លោកពូក្នុងការចូលរួមចំណែកថែរក្សាវត្ថុបុរាណជាមួយអាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ផងដែរ បើគិតពីដើមឆ្នាំ២០១៧ មកដល់ថ្ងៃនេះ គឺមានវត្ថុសិល្បៈបុរាណចំនួន១១ហើយដូចជា ពុទ្ធបដិមា កុលាលភាជន៍ ដែលប្រជាជនក្នុងខេត្តសៀមរាបបានយកមកប្រគល់ជូនសារមន្ទីរ។ គ្រប់វត្ថុសិល្បៈទាំងអស់នឹងទទួលបានការអភិរក្ស ការជួសជុល ការចុះបញ្ជីជីវប្រវត្តិសម្រាប់ផ្តល់ព័ត៌មានអប់រំនិងសម្រាប់តាំងពិព័ណដល់សាធារណជន៕






កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1548
ម្សិលមិញ
:
9890
សប្តាហ៍នេះ
:
72436
ខែនេះ
:
0330897
សរុប
:
004020313