ព័ត៌មានថ្មីៗ

ក្រោយប្រតិបត្តិការកន្លះខែ ក្រុមការងារចម្រុះសម្រេចការរុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរបានជាង៤៥%

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2017 03:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គិតត្រឹមថ្ងៃទី២៨ ខែសីហានេះ ក្រុមការងារចម្រុះដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរសម្រេចបានចំនួន២៣៩ករណី ក្នុងចំណោមចំណោមសំណង់ខុសច្បាប់ទាំងអស់៥២១ករណី។ ប្រតិបត្តិការរុះរើនេះគឺក្នុងគោលដៅការពារឲ្យបាននូវតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាសម្បត្តិដ៏មានតម្លៃមហាសាលរបស់ប្រជាជាតិខ្មែរ និងមនុស្សជាតិទាំងមូល។

តាមរបារយការណ៍របស់ក្រុមការងារចម្រុះ ដែលចេញនៅថ្ងៃទី២៨ ខែសីហានេះ សំណង់ខុសច្បាប់ដែលបានរុះរើទាំងស្រុងចាប់ពីថ្ងៃទី១០ ខែសីហាមកគឺ ក្រុងសៀមរាបសម្រេចបាន៩២ករណី ស្រុកបាគងបានចំនួន៤១កណី ស្រុកអង្គរធំបានចំនួន៣១ករណី។ ដោយឡែកស្រុកពីរដែលបានបញ្ចប់ការរុះរើជាស្ថាពរហើយនោះគឺ ស្រុកបន្ទាយស្រីចំនួន៧១ករណី និងស្រុកពួកចំនួន៤ករណី។

តាមការឲ្យដឹងពីគណៈកម្មការចម្រុះ ប្រតិបត្តិការរុះរើនេះបានដំណើរការដោយរលូន ដោយគ្មានអំពើហិង្សា ឬការប្រទូស្តរាយណាមួយកើតឡើងឡើយ។ ជាពិសេស ប្រជាពលរដ្ឋជាម្ចាស់សំណង់ភាគច្រើនបំផុត បានសហការជាមួយក្រុមការងារ ដោយបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ហើយក្រុមការងារចូលជួយតែតាមការស្នើសុំប៉ុណ្ណោះ លើកលែងតែករណីតិចតួចបំផុត ដែលម្ចាស់សំណង់មិនព្រមផ្តល់កិច្ចសហការទើបក្រុមការងារសម្រេចរុះរើផ្ទាល់។

ដោយឡែក ម្ចាស់សំណង់ខុសច្បាប់មួយចំនួន ដែលជាអ្នកស្រុកដើមរស់នៅយូរមកហើយក្នុងតំបន់អង្គរ ដែលបានសាងសង់បន្ថែមនូវផ្នែកខ្លះនៃផ្ទះចាស់ដែលមានស្រាប់ដូចជា តសំយ៉ាប ប្តូរជញ្ជាំង និងផ្លាស់ដំបូលជាដើម ដោយមិនបានសុំច្បាប់ ក្រុមការងារបានជួយសម្របសម្រួលផ្លូវច្បាប់ជូនពួកគាត់ ជំនួសឲ្យការរុះរើ និងណែនាំឲ្យពួកគាត់ដាក់ពាក្យស្នើសុំត្រឹមត្រូវក្នុងករណីមានការសាងសង់ក្រោយៗទៀត ជៀសវាងការលួចសាងសង់ដោយគ្មានច្បាប់ទម្លាប់ ហើយប្រឈមនឹងការរុះរើនាំឲ្យខាតបង់ទ្រព្យសម្បត្តិ។

សូមបញ្ជាក់ថា ប្រតិបត្តិការរុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ដែលធ្វើឡើងដោយក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានបានដំណើរការរយៈពេលជាងកន្លះខែមកហើយ ដោយសម្រេចរុះរើរាល់សំណង់ខុសច្បាប់ទាំងអស់ ដែលសាងសង់ឡើងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤កន្លងទៅថ្មីៗនេះ៕




















នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្រុមគណៈកម្មការចម្រុះ រួមមាន មន្ត្រីអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះរុះរើរបងថ្មព័ទ្ធលួសបន្លា រោងចាំដីរបស់ឈ្មោះ ហួន សីហា និងបក្ខពួកខ្លួនស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងត្បូងក្រោលសេះ។
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណ»។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីជនាញនៃបណ្តានាយកដ្ឋានក្នុងអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុកជាដើម។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូនៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករង និងសាស្ត្រាចារ្យ Azedine Beschaouch លេខាវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងជាទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចូលរួមកិច្ចប្រជុំបច្ចេកទេសស្តីពីការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត នៅសាកលវិទ្យាល័យសូហ្វីយ៉ា-ជប៉ុន ក្នុងទីក្រុងតូក្យូ។
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តំណាងសមាគមមគ្គុទេសភាសាចិន-កម្ពុជា លោក ធៀម ធឿន ដែលមានទីលំនៅរស់នៅភូមិវាល ឃុំគោកចក បានយកកុលាលភាជន៍ ដែលមានដូចជាថូ និងបំណែកក្រឡមួយចំនួន យកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា។ តាមការលើកឡើងរបស់លោក ធៀម ធឿន កុលាលភាជន៍នេះ ត្រូវបានអ្នកជិតខាងរបស់លោក រើសបានដោយចៃដន្យនៅពេលគាត់ជីកដីគាស់ដើមចេកលើដីរបស់ខ្លួន អំឡុងខែកក្កដា ឆ្នាំ២០១៧។
គណៈប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកជួសជុលនិងអភិរក្សបេតិកភណ្ឌក្នុងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
4712
ម្សិលមិញ
:
7435
សប្តាហ៍នេះ
:
67438
ខែនេះ
:
0165533
សរុប
:
004706131