ព័ត៌មានថ្មីៗ

សិក្ខាកាម២៦រូបបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមនៅអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2017 01:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សិក្ខាកាមចំនួន២៦រូប មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសម្បូរព្រៃគុក នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីស្តីពីវិជ្ជាសង្គ្រោះបឋម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ការបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រៀបចំដោយអាជ្ញាធរជាតិអប្សរា បង្រៀនដោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ វគ្គសិក្សានេះបានផ្តោតសំខាន់លើជំនាញសង្គ្រោះបឋមដូចជា គោលការណ៍គ្រឹះនៃការសង្គ្រោះបឋម ការដាក់ស្ថានភាពដំណេក ភាពស្ហុក សន្លប់បាត់ស្មារតី បាត់ដង្ហើម-គាំងបេះដូង (CPR) ស្លាក់ លង់ទឹក ឆក់ចរន្តអគ្គិសនី រន្ទះបាញ់ ការពុល ការរលាក ការហូរឈាម របួស ការបាក់ឆ្អឹង ការលើកដាក់និងបញ្ជូនជនរងគ្រោះ និងការអនុវត្តផ្ទាល់លើទ្រឹស្តី។

លោក លីវ ឡន គ្រូឧទ្ទេសនៃវគ្គសិក្សាបានលើកឡើងថា ការរៀនវិជ្ជាសង្គ្រោះបឋមត្រឹមតែ៣ថ្ងៃ គ្រាន់តែចេះនិងដឹង តែអ្វីដែលជាក់ស្តែងមានប្រសិទ្ធិភាព គឺការជួយសង្គ្រោះជនរងគ្រោះផ្ទាល់ ហេតុនេះសុំឱ្យសិក្ខាកាមទាំងអស់តាំងចិត្តថា ការសង្គ្រោះមនុស្សជាការធ្វើបុណ្យ កុំខ្លាច ត្រូវអត់ធ្មត់ កុំរើសអើង ឬស្អប់ខ្ពើមជនរងគ្រោះ។ រឿងត្រូវចងចាំ គឺមិនត្រូវផ្តល់ថ្នាំពេទ្យសម្រាប់ការសង្គ្រោះបឋមឡើយ ហើយត្រូវយកចិត្តទុកដាក់លើការពិនិត្យ ព្រោះបើពិនិត្យខុស សន្និដ្ឋានខុស សង្គ្រោះក៏ខុសដែរ ដែលនាំឱ្យជនរងគ្រោះអាចបាត់បង់ជីវិតបាន។ លោកក៏សប្បាយចិត្តផងដែរដែលឃើញសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ខ្លាំងក្នុងការរៀនសូត្រ ហើយសង្ឃឹមថា ចំណេះដឹងដែលទទួលបានក្នុងពេលនេះ ផ្សំនឹងបទពិសោធន៍កន្លងមក នឹងក្លាយជាប្រយោជន៍ធ្វើឱ្យការអនុវត្តន៍ការងារប្រចាំថ្ងៃបានទទួលលទ្ធផលល្អប្រសើរ។

លោក វុធ ជា អនុប្រធានភ្នាក់ងារប្រាសាទភ្នំបាខែងបានចាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ថ្វីត្បិតតែមានរយៈពេលខ្លី តែវាមានសារៈសំខាន់ណាស់សម្រាប់ចូលរួមជួយដល់សហគមន៍មូលដ្ឋាន និងភ្ញៀវទេសចរដែលយើងធ្វើការជាមួយគាត់។ ពីមុនយើងជួបប្រទះបញ្ហាជាច្រើនចំពោះភ្ញៀវ ហើយដោះស្រាយតាមអ្វីដែលយើងធ្លាប់ដឹងមក តែក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ ខ្ញុំបានយល់ច្បាស់ពីការសង្គ្រោះបឋម មានការរុំរបួស ការឃាត់ឈាម ការលើកដាក់ភ្ញៀវឱ្យមានសុវត្ថិភាពបានល្អប្រសើរជាងមុនប្រកបដោយប្រសិទ្ធិភាពនិងអាចទទួលយកបាន។ សិក្ខាកាមរូបនេះក៏សូមសំណូមពរសូមឱ្យអាជ្ញាធរជាតិអប្សរាបង្កើតវគ្គសិក្សានេះឱ្យបានច្រើន និងបានគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសបើពង្រីកដល់សហគមន៍ទៀតកាន់តែល្អ ដើម្បីឱ្យប្រជាជនមានសមត្ថភាពអាចជួយខ្លួនឯង គ្រួសារ និងអ្នកដទៃបានទាន់ពេលនិងត្រឹមត្រូវ។

ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងបង្រៀនយ៉ាងយកចិត្តទុកដាក់ដល់សិក្ខាកាមទាំងអស់របស់លោកគ្រូអ្នកគ្រូជំនាញសង្គ្រោះបឋមមកពីសាខាកាកបាទក្រហមខេត្តសៀមរាប។ ឯកឧត្តមបន្តទៀតថា ការសង្គ្រោះបឋមជាចំណេះដឹងមូលដ្ឋានដែលត្រូវដឹងគ្រប់គ្នា ហើយមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ ដែលបុគ្គលិកបម្រើការងារគ្រប់រូបត្រូវចេះ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវដែលមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជាទទួលបានភាពកក់ក្តៅនិងសុខសុវត្ថិភាព។ ជាទិសដៅទៅអនាគតផងដែរ អាជ្ញាធរជាតិអប្សរា ពិសេសនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នឹងបង្កើតឱ្យមានវគ្គសិក្សានេះបន្តទៀតឱ្យបានទូលំទូលាយជាងមុនដើម្បីបង្កើនចំណេះដឹងផ្នែកសង្គ្រោះបឋមដល់មន្ត្រី-បុគ្គលិកឱ្យអនុវត្តន៍ការងារបានល្អប្រសើរ ថែមទាំងមានប្រសិទ្ធិភាពពេលត្រូវការ៕
























កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តល់បទពិសោធន៍ការងារកសិកម្ម ដល់សហគមន៍កសិកម្មមួយដែលមកពីភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សហគមន៍កសិកម្មភូមិដំណាក់ខ្ចាស់ ជាសហគមន៍វ័យក្មេងដែលទើបបង្កើតឡើងបានជាងមួយឆ្នាំ ផ្តោតសំខាន់លើការងារកសិកម្ម និងចិញ្ចឹមសត្វ ដែលជាការបង្កើតឡើងដោយប្រជាពលរដ្ឋក្នុងភូមិផ្ទាល់។ ការមកទទួលយកបទពិសោធន៍ពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិតាឯកនៅពេលនេះ គឺក្នុងគោលបំណងពង្រឹងចំណេះដឹងលើវិស័យកសិកម្ម និងជាពិសេសគឺការធ្វើជីធម្មជាតិ។
ក្រោមការរៀបចំរបស់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងក្របខណ្ឌគម្រោងអភិរក្សប្រាទព្រះពិធូរ មន្ត្រីជំនាញ១០រូបនៃអាជ្ញាធរជាតិអប្សរា ត្រូវបានអញ្ជើញទៅកាន់ប្រទេសកូរ៉េរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៦។ បេសកកម្មនេះ គឺផ្តោតទៅលើការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍អំពីការងារគ្រប់គ្រងបេតិកភណ្ឌនៃប្រទេសទាំងពីរ។
អាជ្ញាធរជាតិអប្សរាបានផ្តល់បច្ចេកទេសធ្វើជីកំប៉ុស្តិ៍កសិកម្មតាមបែបធម្មជាតិដល់ប្រជាពលរដ្ឋ ដែលភាគច្រើនជាប្រជាកសិករធ្វើស្រែចំការកំពុងរស់នៅក្នុងតំបន់អង្គរ ដើម្បីឲ្យពួកគាត់ចេះរបៀបធ្វើជីកំប៉ុស្តិ៍ដោយខ្លួនឯង ។ ការផ្តល់បច្ចេកទេសធ្វើជីកំប៉ុស្តិ៍នេះគឺ ដើម្បីថែរក្សា ការពារ និងអភិរក្សនូវរបៀបរបបធ្វើកសិកម្មតាមបែបធម្មជាតិរបស់បុព្វបុរសខ្មែរនាសម័យអាណាចក្រអង្គរដ៏រុងរឿងផង និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរនាពេលបច្ចុប្បន្នឲ្យមានជីវភាពធូរធារឡើងផង ក្រោមទស្សនវិស័យថា«អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស»។
អ្នកស្រុកអង្គរមានទំនៀមទម្លាប់និងជំនឿពីបុរាណជាច្រើនដែលនៅតែបន្តធ្វើរហូតដល់សព្វថ្ងៃ។ ពិធីខ្លះ ក៏មានប្រជាជនខ្មែរនិយមធ្វើពេញប្រទេសដូចអ្នកស្រុកអង្គរដែរ គឺពិធីប្រុងពាលី បួងសួងសែនចងដៃ មុននឹងសាងសង់អ្វីមួយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0709
ម្សិលមិញ
:
8554
សប្តាហ៍នេះ
:
09263
ខែនេះ
:
0150594
សរុប
:
005787900