ព័ត៌មានថ្មីៗ

ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ អ្នកស្រុកគោកដូងបានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

បានផ្សាយនៅ ថ្ងៃទី 30 ខែ សីហា ឆ្នាំ2017 09:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោក ប៉ុក វណ្ណា ប្រធានសេវាកម្មប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរាថែរក្សានិងអភិរក្សដើម្បីទុកជាសម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល១៥ឆ្នាំ។

លោក វណ្ណា បានឱ្យដឹងថា «ក្រឡទាំងពីរនេះឪពុកក្មេកខ្ញុំទេជាអ្នករកឃើញកាលពី១៥ឆ្នាំមុននៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាបក្នុងរណ្តៅដែលគាត់ជីកដីលក់។ បន្ទាប់មកគាត់ក៏ប្រគល់វាមកឱ្យខ្ញុំជាអ្នករក្សាទុកវិញពេលដែលខ្ញុំរៀបការហើយមកធ្វើផ្ទះរស់នៅក្រុងសៀមរាប។ ម្តាយក្មេកខ្ញុំក៏បានប្រាប់ដែរ ពេលឃើញដំបូងគឺមានក្រឡចំនួន៣តម្រៀបគ្នា សុទ្ធតែមានគម្របទាំងអស់ តែបានបែកអស់មួយ រួមនឹងគម្របផងដោយសារកម្មករបំបោកសាកមើលក្រែងមានកំណប់នៅក្នុងនោះ លុះចុងក្រោយមានតែដីទាំងអស់ ហើយក្រឡដែលនៅសល់ឪពុកក្មេកខ្ញុំក៏រក្សាទុករហូត»។

លោក វណ្ណា បានបញ្ជាក់ទៀតថា លោកមិនដែលមានបំណងលក់ដូរវត្ថុបុរាណទាំង២នេះទេ ម្យ៉ាងក្រោយពីយកក្រឡនេះទុកក្នុងផ្ទះក៏មិនមានរឿងអ្វីអាក្រក់កើតឡើងដែរ បើទោះតាមជំនឿបុរាណគេតែងនិយាយថាអាចនឹងមានរឿងមិនល្អកើតឡើងនៅក្នុងគ្រួសារនោះ នៅពេលមានវត្ថុបុរាណរក្សាទុកក្នុងផ្ទះក៏ដោយ។ ចំពោះមូលហេតុដែលស្ម័គ្រចិត្តប្រគល់ក្រឡទាំង២នេះជូនអាជ្ញាធរជាតិអប្សរារក្សាទុក ក៏ព្រោះលោកយល់ថា វានឹងមានសុវត្ថិភាពជាងទុកនៅផ្ទះ ដែលអាចនឹងបែកបាក់នៅពេលណាមួយដោយសារកូនចៅរត់ប៉ះជាដើម។ ក្នុងនោះលោកក៏បានឃើញព័ត៌មានផ្សព្វផ្សាយអំពីពលរដ្ឋយកវត្ថុបុរាណផ្សេងៗដែលជីកបានទៅប្រគល់ឱ្យអាជ្ញាធរជាតិអប្សរារក្សាទុកផង ក៏ចង់ចូលរួមចំណែកថែរក្សាមរកតដូនតាឱ្យមានតម្លៃជាសាកល ជាជាងរក្សាទុកនៅផ្ទះដែលល្អតែម្នាក់ឯង ហើយគ្មានជំនាញថែរក្សាវាទៀត បើបែកបាក់ មានតែបោះចោលឥតការ។

ទាក់ទិននឹងក្រឡទាំង២នេះ អ្នកជំនាញកុលាលភាជន៍របស់អាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរអះអាងថា វាពិតជាក្រឡដែលបានផលិតឡើងនៅក្នុងសម័យអង្គរកំឡុងស.វទី៩ដល់ទី១៣នៃគ.ស។ បើទោះបីវាបាត់បង់លក្ខណៈសម្គាល់ខ្លះដោយសារវាកប់ក្នុងដីយូរ ហើយត្រូវបានជាតិអំបិលផ្ទាត់ស្រទាប់រលោងខាងលើក្រឡជិតអស់ ប៉ុន្តែយើងអាចមើលដឹងខ្លះៗតាមរយៈស្លាកស្នាមដែលនៅសេសសល់ គឺស្ថិតក្នុងសម័យអង្គរដូចគ្នា តែខុសកាលបរិច្ឆេទគ្នាបន្តិច។ ក្រឡមួយគឺមានស្រទាប់រលោងពណ៌បៃតងផលិតនៅចន្លោះស.វទី៩ដល់ទី១០ មានទីតាំងផលិតនៅភ្នំគូលែន អាចនៅឡឫស្សីឬឡអន្លង់ធំ។ ឯមួយទៀតមានស្រទាប់រលោងពណ៌ត្នោត លម្អទៅដោយត្រចៀក៤ជុំវិញផលិតឡើងនៅស.វទី១១ដល់ទី១៣នៃគ.ស។

លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបងប្រុស ប៉ុក វណ្ណា ដែលបានរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិកុំឱ្យបាត់បង់ទៅថ្ងៃក្រោយ នេះជាមោទនភាពណាស់សម្រាប់ការលះបង់របស់បងប្រុស ដែលមានឧត្តមគតិស្រឡាញ់មរតកវប្បធម៌ជាតិខ្ពស់ដូច្នេះ ពិតជាគួរឱ្យកោតសរសើរនិងគោរពឱ្យតម្លៃ។

គួរបញ្ជាក់ថា ពិធីប្រគល់ក្រឡបុរាណនេះ ធ្វើនៅថ្ងៃទី២៥ សីហា ឆ្នាំ២០១៧។ បន្ទាប់មក អ្នកជំនាញនឹងយកក្រឡទាំងនេះទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីឱ្យអ្នកជំនាញសម្អាតយកជាតិអំបិលចេញ ពង្រឹងស្រទាប់រលោង និងចុះបណ្ណសម្គាល់ដើម្បីទុកតាំងបង្ហាញក្នុងសារមន្ទីរ រួមទាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវផងដែរ៕









ពានរង្វាន់បាល់ទាត់ខេត្តសៀមរាប ដែលប្រមូលផ្តុំដោយក្រុមកីឡាករមកពីបណ្តាមន្ទីរនិងស្ថាប័នជុំវិញខេត្តសៀមរាបលើកទី៣បានបិទបញ្ចប់ហើយ ដោយក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាទទួលបានជើងឯករង ក្រោយបរាជ័យក្រោមថ្វីជើងរបស់ក្រុមកីឡាបាល់ទាត់ក្រុងសៀមរាប ក្នុងលទ្ធផល១-១ ក្នុងម៉ោងធម្មតា និង០-២ ដោយបាល់១១ម៉ែត្រកាត់សេចក្តី ក្នុងវគ្គផ្តាច់ព្រ័ត្រនាព្រលប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះរួមមាន មន្ត្រីអាជ្ញាធរជាតិអប្សរា មន្ត្រីសាលាក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ក្រោមការសម្របស្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះប្រតិបត្តិការរុះរើបង្គោលរបងព័ទ្ធលួសបន្លាខុសច្បាប់របស់ឈ្មោះ ហួន សីហា នៅលើទីតាំងចំនួន២ក្បាលដី ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ជាកម្មសិទ្ធិឯកជនរបស់រដ្ឋគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលលោក ហួន សីហា និងបក្ខពួកបានសាងសង់ឡើងវិញកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨
រឿង «ព្រះនាងកែវប្រាំពីរពណ៌» ជារឿងព្រេងខ្មែរទាក់ទងនឹងប្រវត្តិសាស្ត្រ បូជនីយដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តសៀមរាប បានចេញផ្សាយហើយ និងតម្កល់ទុកនៅបណ្តាល័យអាជ្ញាធរជាតិអប្សរា។
គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានសម្រចការងារក្នុងការចុះពិនិត្យ សំណើសុំជួសជុលតូចៗ ដោយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៥៤ ករណី។
នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្រុមគណៈកម្មការចម្រុះ រួមមាន មន្ត្រីអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះរុះរើរបងថ្មព័ទ្ធលួសបន្លា រោងចាំដីរបស់ឈ្មោះ ហួន សីហា និងបក្ខពួកខ្លួនស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងត្បូងក្រោលសេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
5409
ម្សិលមិញ
:
7413
សប្តាហ៍នេះ
:
52323
ខែនេះ
:
0221769
សរុប
:
004762367