ព័ត៌មានថ្មីៗ

កម្មសិក្សាការី១០ប្រទេសបានបញ្ចប់វគ្គសិក្សារយៈពេលខ្លីនៅតាមការដ្ឋានអំពីប្រវត្តិសាស្រ្តខ្មែរនិងការស្រាវជ្រាវបុរាណវិទ្យានៅលើទឹកដីអង្គរ

បានផ្សាយនៅ ថ្ងៃទី 13 ខែ សីហា ឆ្នាំ2017 07:25 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អស់រយៈពេល១៥ថ្ងៃនៃកម្មសិក្សានៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរនិងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទទន្លេស្ងួត ក្រុមសិក្ខាកាមជាតិ-អន្តរជាតិចំនួន១៥រូប មានកម្ពុជា សិង្ហបុរី អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី អាមេរិក ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានបញ្ចប់ទស្សនកិច្ចចុងក្រោយនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

គម្រោងកម្មសិក្សានេះ រៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ីភាគអាគ្នេយ៍នៃប្រទេសសិង្ហបុរី ដែលមានលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ និងលោកបណ្ឌិត Kyle Latinis ជាសហប្រធានតំណាងអាជ្ញាធរជាតិអប្សរានិងសិង្ហបុរី។

តាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ា ដារិទ្ធ បានឱ្យដឹងថា កម្មសិក្សានេះធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលអ្នកស្រាវជ្រាវនៅអាស៊ីអាគ្នេយ៍ជាមួយប្រទេសសិង្ហបុរី អាមេរិក ឥណ្ឌា ជប៉ុន និងកូរ៉េ។ នេះជាគម្រោងទី៥ហើយដែលបានសហការគ្នារវាងកម្ពុជានិងសិង្ហបុរី ដែលលើកមុនមានធ្វើនៅជើងឯក ភ្នំពេញ ភ្នំគូលែន កោះកែរ និងប្រាសាទទន្លេស្ងួត។

លោកបណ្ឌិតបន្តទៀតថា ក្នុងរយៈពេល១៥ថ្ងៃ យើងបានបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់លើផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរ ដោយទស្សនកិច្ចតាមប្រាសាទនានាដូចជា សម្បូរព្រៃគុក ប្រាសាទក្នុងតំបន់អង្គរ និងការអភិរក្សប្រាសាទរបស់អាជ្ញាធរជាតិអប្សរា។ បន្ថែមពីនោះក៏បានទៅសិក្សានៅតាមសារមន្ទីរកុលាលភាជន៍ភូមិតានី មើលរចនាសម្ពន្ធសម័យអង្គរ រួមទាំងប្រាសាទដែលជាមន្ទីរពេទ្យនិងសាលាសំណាក់សម័យបុរាណ និងការសិក្សាស្វែងយល់អំពីការជួសជុលបំណែកថ្មភក់ វត្ថុធ្វើពីសំរិទ្ធិ និងទៅមើលផ្ទាល់អំពីការជួសជុលរូបចម្លាក់នៅសារមន្ទីរនរោត្តមសីហនុ-អង្គរផងដែរ។ ក្រៅពីការសិក្សាលើផ្នែកទ្រឹស្តី យើងក៏មានការអនុវត្តលើផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យាដោយផ្ទាល់នៅប្រាសាទទន្លេស្ងួតអតីតមន្ទីរពេទ្យមួយក្នុងរាជ្យព្រះបាទជ័យរវ្ម័នទី៧ទៀតផង ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរ។ លទ្ធផលដែលរកឃើញទាំងនោះត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ និងយកទៅធ្វើបទបង្ហាញនៅប្រទេសសិង្ហបុរីបន្តទៀត ចាប់ពីថ្ងៃទី១៣ដល់១៦សីហា ឆ្នាំ២០១៧។

លោកបណ្ឌិត Kyle Latinis ក៏បានលើកឡើងដែរថា គម្រោងនេះបានទទួលការឧបត្ថម្ភថវិការពីក្រសួងការបរទេសប្រទេសសិង្ហបុរីនិងអាជ្ញាធរជាតិអប្សរាបានរួមចំណែកក្នុងការចំណាយលើថវិការរបស់បុគ្គលិកខ្លួន និងសម្រួលដល់សំបុត្រចេញចូលអង្គររបស់សិក្ខាកាមអន្តរជាតិទាំងអស់។ គម្រោងនេះនឹងបន្តសហការស្រាវជ្រាវបន្តទៀត យើងរីករាយណាស់ដែលបានធ្វើការរួមគ្នានិងបានរកឃើញរូបទ្វារបាល រួមទាំងបំណែកព្រះពុទ្ធរូបជាច្រើនដែលជាភស្តុតាងដ៏ប្រសើរសម្រាប់ការសិក្សាបុរាណវិទ្យានិងប្រវត្តិសាស្ត្រខ្មែរ។ នេះក៏ជាគម្រោងអាទិភាពមួយដែរដោយផ្តល់ឱកាសដល់អ្នកស្រាវជ្រាវខ្មែរលើកគម្រោងស្រាវជ្រាវដោយខ្លួនឯង ហើយជាអ្នកដឹកនាំគម្រោងស្រាវជ្រាវ ជាអ្នកបង្រៀនកម្មសិក្សាការីបរទេសទាំងអស់ផង។

កញ្ញា Natalie Khoo និស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យ Cambridge ប្រទេសសិង្ហបុរី បានលើកឡើងថា វគ្គសិក្សានេះមានសារៈសំខាន់ណាស់បានផ្តល់ឱកាសឱ្យពួកយើងបានសិក្សាបុរាណវិទ្យាជាមួយអ្នកជំនាញកម្ពុជាជាច្រើន ហើយបានផ្លាស់ប្តូរចំណេះដឹងផ្នែកនេះជាមួយនិស្សិតអន្តរជាតិផ្សេងៗទៀត។ ចំណែកលោក Amir Husni និស្សិតវិទ្យាសាស្ត្រ ផ្នែកបុរាណវិទ្យាមកពីប្រទេសឥណ្ឌូនេស៊ី បានចាប់អារម្មណ៍ថា សម្រាប់ការសិក្សាផ្នែកបុរាណវិទ្យា យើងគួរសិក្សានៅប្រទេសកម្ពុជា ដោយសារទីនេះមានសំណល់នៃវត្ថុបុរាណនិងបុរាណដ្ឋានជាច្រើនសម្រាប់ការសិក្សាដ៏ល្អដល់យើង។ វគ្គសិក្សានេះបានផ្តល់ឱកាសឱ្យយើងបានសិក្សាពីប្រាសាទជាច្រើនក្នុងតំបន់អង្គរ និងប្រវត្តិសាស្ត្ររបស់ខ្មែរ ពិសេសបានសិក្សាពីការគូរផែនទី ការធ្វើកំណាយ ការជីកដី និងទទួលបានចំណេះវិជ្ជាជាច្រើនពីសាស្ត្រាចារ្យខ្មែរ៕



















សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
24125
ម្សិលមិញ
:
33216
សប្តាហ៍នេះ
:
241609
ខែនេះ
:
0241609
សរុប
:
015311412