ព័ត៌មានថ្មីៗ

មន្ត្រីជំនាញនិងភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2017 10:30 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មន្ត្រីជំនាញ រួមទាំងប្រធាននិងអនុប្រធានភ្នាក់ងារទេសចរប្រចាំនៅតាមប្រាសាទសរុបចំនួន៦៥រូប បានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោកដោយជោគជ័យ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរជាប្រធានបិទកម្មវិធី។

កម្មវិធីនេះរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងក្របខណ្ឌ Fulbright Specialist Program ចាប់ផ្តើមកាលពីថ្ងៃទី១៧ កក្កដា ដល់ថ្ងៃទី៩ សីហា ឆ្នាំ២០១៧។ កម្មវិធីសិក្សានេះបង្រៀនជាភាសាអង់គ្លេស ដោយលោកស្រីបណ្ឌិត Claudia G.Green ជនជាតិអាមេរិកកាំង មានជំនាញនិងបទពិសោធន៍បង្រៀនច្រើនប្រទេស ច្រើនឆ្នាំ ស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះលោកស្រី Claudia G.Green ដែលបានបំពេញបេសកម្មបង្រៀនដ៏ល្អដល់សិក្ខាកាមទាំងអស់។ ឯកឧត្តមបញ្ជាក់ទៀតថា នេះជាលើកទី២ហើយនៃវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដល់មន្តី្រនៅការិយាល័យ រួមទាំងប្រធានក្រុមនិងអនុប្រធានប្រចាំតាមប្រាសាទនីមួយៗ។ វគ្គសិក្សាបែងចែកជាពីរក្រុម គឺមន្ត្រីជំនាញនឹងសិក្សាអំពីការងារគ្រប់គ្រងទេសចរណ៍ និតិវិធីរៀបចំគម្រោង ស្ថិតិនិងវិធីសាស្ត្រវិភាគទិន្នន័យ និងសិក្សាអំពីបទពិសោធន៍នៃការគ្រប់គ្រងទេសចរណ៍ពិភពលោក ដោយប្រៀបជាមួយនឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ។ ចំណែកភ្នាក់ងារទេសចរនឹងសិក្សាបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេស សិក្សាអំពីសេវាកម្ម ភូមិសាស្ត្រ និងការងារគ្រប់គ្រងលំហូរភ្ញៀវទេសចរ។ ចំពោះមធ្យោបាយបង្រៀន លោកស្រីបណ្ឌិត Claudia G.Green មានច្រើនមធ្យោបាយ ដូចជាឱ្យអានអត្ថបទ ពិភាក្សាក្នុងថ្នាក់ កិច្ចការផ្ទះ និងមានវីដេអូបង្ហាញផងដែរ។

ឯកឧត្តមក៏បានអំពាវនាវដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គសិក្សានេះទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានប្រសើរនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ពិសេសខិតខំរកចំណុចល្អក្នុងន័យធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ដ៏ល្អបំផុត តែផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយដ្ឋានអង្គរ។

លោក ភឿន សុភាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរប្រចាំប្រាសាទភ្នំបាខែង បានសម្តែងនូវការចាប់អារម្មណ៍ថា វគ្គសិក្សានេះធ្វើឱ្យលោកដឹងពីសារៈសំខាន់នៃការធ្វើបដិសណ្ឋារកិច្ច ស្គាល់ពីអាកប្បកិរិយារបស់ភ្ញៀវមួយចំនួនដូចជាភ្ញៀវចិន... ដឹងការផ្តល់សេវាកម្មល្អដល់ភ្ញៀវ ថាត្រូវធ្វើបែបណាខ្លះ ពិសេសយល់ដឹងបន្ថែមផ្នែកភាសារអង់គ្លេស ស្គាល់ភូមិសាស្រ្ត (ប្រទេសដែលភ្ញៀវមក) និងវិធីសាស្ត្រដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការបំពេញការងារប្រចាំថ្ងៃកាន់តែល្អ។

បន្ថែមពីនោះ លោក ឡេង តុលា ប្រធានភ្នាក់ងារប្រចាំប្រាសាទអង្គរវត្តក៏បានលើកឡើងពីឱកាសដ៏ល្អដែលបានសិក្សាជាមួយសាស្ត្រាចារ្យលំដាប់ពិភពលោកដែលមានចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍ យល់ពីស្ថានភាពទេសចរណ៍ពិភពលោក និងឥរិយាបទរបស់ភ្ញៀវ។ តាមការបង្រៀនរបស់គាត់ គឺបានផ្តល់វិធីសា្រស្តល្អៗជាច្រើនក្នុងការអភិវឌ្ឍការងារប្រចាំថ្ងៃ និងជួយបង្កើតប្រសិទ្ធិភាពក្នុងការចែករំលែកចំណេះដឹងបន្តពីភ្នាក់ងារទៅភ្នាក់ងារ និងពីភ្នាក់ងារទៅភ្ញៀវទេសចរផងដែរ៕














នៅក្នុងយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ នៅថ្ងៃទីពីរត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មការចម្រុះបានរាយការណ៍ថា ប្រជាជននៅក្នុងតំបន់គោលដៅទាំង៤ មានក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ភាគច្រើនព្រមទទួលខុសចំពោះការលួចសាងសង់ និងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មាការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធផ្សេងៗ បានចាប់ផ្តើមអនុវត្តការចុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរហើយ។
ក្នុងគម្រោងស្រាវជ្រាវស្តីពីមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បន្តប្រទះឃើញព្រះពុទ្ធបដិមាច្រើនបំណែកទៀត ក្នុងនោះ មានព្រះពុទ្ធបដិមាមួយអង្គ ដែលគេស្គាល់ថា ជាព្រះពោធិ៍សត្វ ដែលមានព្រះនាមហៅថា «ភៃសជ្យគុរុ» ដែលមានន័យថា ព្រះពុទ្ធគ្រូសេ្តចថ្នាំនៅសម័យបុរាណ។
ទឹកកសិន្ធុនៃប្រាសាទអង្គរវត្ត បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឲ្យគយគន់ទស្សនា ជាពិសេសនៅពេលរសៀល។ នៅក្នុងខែវស្សានេះ ទឹកកសិន្ធុ ឡើងពេញច្រាំង មានភាពថ្លាស្រស់ស្អាត គួបផ្សំនឹងដើមឈើធំៗហ៊ុំព័ទ្ធជុំវិញទៀតនោះ ធ្វើឲ្យកសិន្ធុអង្គរ បន្ថែមសម្រស់របស់ខ្លួនមួយកម្រិតទៀត។
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Yoshiaki Ishizawa) កើតនៅឆ្នាំ១៩៣៧ នៅទីក្រុង Obihiro កោះ Hokkaido។ គាត់គឺជា អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សូហ្វីយ៉ា (Sophia) ប្រទេសជប៉ុន និងជាប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សា និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
4549
ម្សិលមិញ
:
3685
សប្តាហ៍នេះ
:
08234
ខែនេះ
:
0112053
សរុប
:
003074207