ព័ត៌មានថ្មីៗ

មន្ត្រីជំនាញនិងភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2017 10:30 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មន្ត្រីជំនាញ រួមទាំងប្រធាននិងអនុប្រធានភ្នាក់ងារទេសចរប្រចាំនៅតាមប្រាសាទសរុបចំនួន៦៥រូប បានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោកដោយជោគជ័យ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរជាប្រធានបិទកម្មវិធី។

កម្មវិធីនេះរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងក្របខណ្ឌ Fulbright Specialist Program ចាប់ផ្តើមកាលពីថ្ងៃទី១៧ កក្កដា ដល់ថ្ងៃទី៩ សីហា ឆ្នាំ២០១៧។ កម្មវិធីសិក្សានេះបង្រៀនជាភាសាអង់គ្លេស ដោយលោកស្រីបណ្ឌិត Claudia G.Green ជនជាតិអាមេរិកកាំង មានជំនាញនិងបទពិសោធន៍បង្រៀនច្រើនប្រទេស ច្រើនឆ្នាំ ស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះលោកស្រី Claudia G.Green ដែលបានបំពេញបេសកម្មបង្រៀនដ៏ល្អដល់សិក្ខាកាមទាំងអស់។ ឯកឧត្តមបញ្ជាក់ទៀតថា នេះជាលើកទី២ហើយនៃវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដល់មន្តី្រនៅការិយាល័យ រួមទាំងប្រធានក្រុមនិងអនុប្រធានប្រចាំតាមប្រាសាទនីមួយៗ។ វគ្គសិក្សាបែងចែកជាពីរក្រុម គឺមន្ត្រីជំនាញនឹងសិក្សាអំពីការងារគ្រប់គ្រងទេសចរណ៍ និតិវិធីរៀបចំគម្រោង ស្ថិតិនិងវិធីសាស្ត្រវិភាគទិន្នន័យ និងសិក្សាអំពីបទពិសោធន៍នៃការគ្រប់គ្រងទេសចរណ៍ពិភពលោក ដោយប្រៀបជាមួយនឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ។ ចំណែកភ្នាក់ងារទេសចរនឹងសិក្សាបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេស សិក្សាអំពីសេវាកម្ម ភូមិសាស្ត្រ និងការងារគ្រប់គ្រងលំហូរភ្ញៀវទេសចរ។ ចំពោះមធ្យោបាយបង្រៀន លោកស្រីបណ្ឌិត Claudia G.Green មានច្រើនមធ្យោបាយ ដូចជាឱ្យអានអត្ថបទ ពិភាក្សាក្នុងថ្នាក់ កិច្ចការផ្ទះ និងមានវីដេអូបង្ហាញផងដែរ។

ឯកឧត្តមក៏បានអំពាវនាវដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គសិក្សានេះទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានប្រសើរនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ពិសេសខិតខំរកចំណុចល្អក្នុងន័យធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ដ៏ល្អបំផុត តែផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយដ្ឋានអង្គរ។

លោក ភឿន សុភាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរប្រចាំប្រាសាទភ្នំបាខែង បានសម្តែងនូវការចាប់អារម្មណ៍ថា វគ្គសិក្សានេះធ្វើឱ្យលោកដឹងពីសារៈសំខាន់នៃការធ្វើបដិសណ្ឋារកិច្ច ស្គាល់ពីអាកប្បកិរិយារបស់ភ្ញៀវមួយចំនួនដូចជាភ្ញៀវចិន... ដឹងការផ្តល់សេវាកម្មល្អដល់ភ្ញៀវ ថាត្រូវធ្វើបែបណាខ្លះ ពិសេសយល់ដឹងបន្ថែមផ្នែកភាសារអង់គ្លេស ស្គាល់ភូមិសាស្រ្ត (ប្រទេសដែលភ្ញៀវមក) និងវិធីសាស្ត្រដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការបំពេញការងារប្រចាំថ្ងៃកាន់តែល្អ។

បន្ថែមពីនោះ លោក ឡេង តុលា ប្រធានភ្នាក់ងារប្រចាំប្រាសាទអង្គរវត្តក៏បានលើកឡើងពីឱកាសដ៏ល្អដែលបានសិក្សាជាមួយសាស្ត្រាចារ្យលំដាប់ពិភពលោកដែលមានចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍ យល់ពីស្ថានភាពទេសចរណ៍ពិភពលោក និងឥរិយាបទរបស់ភ្ញៀវ។ តាមការបង្រៀនរបស់គាត់ គឺបានផ្តល់វិធីសា្រស្តល្អៗជាច្រើនក្នុងការអភិវឌ្ឍការងារប្រចាំថ្ងៃ និងជួយបង្កើតប្រសិទ្ធិភាពក្នុងការចែករំលែកចំណេះដឹងបន្តពីភ្នាក់ងារទៅភ្នាក់ងារ និងពីភ្នាក់ងារទៅភ្ញៀវទេសចរផងដែរ៕














អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3937
ម្សិលមិញ
:
8231
សប្តាហ៍នេះ
:
29797
ខែនេះ
:
0162272
សរុប
:
003554051