ព័ត៌មានថ្មីៗ

ចម្លាក់បដិមាដ៏ធំត្រូវបានរកឃើញនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំ

បានផ្សាយនៅ ថ្ងៃទី 30 ខែ កក្កដា ឆ្នាំ2017 09:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងគម្រោងសិក្សាស្រាវជ្រាវស្វែងយល់ពីមន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ អ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរានិង មហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បានប្រទះឃើញបដិមាដ៏ធំមួយ ដែលសន្និដ្ឋានជាបឋមថាជាទ្វារបាល។ ការប្រទះឃើញនេះស្ថិតនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំប្រហែល១គីឡូម៉ែត្រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

តាមការវាស់វែង បដិមានេះមានកម្ពស់១,៩០ម៉ែត្រ និងស្មាទទឹង០,៥៨ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន។ បដិមានេះកំបុតដៃទាំងពីរត្រឹមស្មា កំបុតជើងស្តាំត្រឹមកជើង និងជើងឆ្វេងត្រឹមគល់ភ្លៅ។ ចំណែកដងខ្លួននិងព្រះកេសនៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បាំងសក់នៅស្អាតទាំងអស់។ បដិមានេះកប់ជ្រៅក្នុងដីប្រមាណត្រឹម៤តឹកប៉ុណ្ណោះក្នុងពេលអ្នកស្រាវជ្រាវធ្វើកំណាយរកឃើញ ដោយដេកផ្ងារពោះបែរព្រះកេសទៅទិសខាងលិចទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។

លោក ខៀន ច័ន្ទ មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នៅការដ្ឋានកំណាយនេះបញ្ជាក់ថា វាជាការប្រទះដោយចៃដន្យក្នុងពេលដែលក្រុមការងារធ្វើកំណាយដើម្បីសិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។ ការប្រទះឃើញចម្លាក់ដ៏ធំនេះក៏ចាត់ថាជាសំណាងល្អមួយ ដែលអាចឲ្យយើងយកទៅរក្សាទុកក្នុងទីកន្លែងសមរម្យ ហើយងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ដើម្បីសិក្សាលម្អិតបន្ថែមទៀត។

លោកបន្ថែមថា បន្ទាប់ពីអ្នកជំនាញធ្វើកំណត់ត្រារួចរាល់ បដិមានេះនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរដើម្បីរក្សាសុវត្ថិភាព សម្អាតដុសលាង ព្យាបាលផ្នែកខ្លះ ជាពិសេស គឺការយកជាតិអំបិលចេញដើម្បីកុំឲ្យមានការខូចគុណភាពថ្ម ឬរងប្រតិកម្មនៅពេលដែលចម្លាក់ត្រូវដាក់តាំងក្នុងលំហបរិយាសថ្មី។ លើសពីនេះទៀត បដិមានឹងត្រូវដាក់តាំងបង្ហាញសម្រាប់ភ្ញៀវទេសចរបានចូលទស្សនា។

តាមការសន្និដ្ឋាន លោក ខៀវ ច័ន្ទ បដិមានេះស្ថិតក្នុងរចនាបថបាយ័ន និងអាចជាទ្វារបាលនៃមន្ទីរពេទ្យនេះផ្ទាល់តែម្តង មិនមែនមកពីកន្លែងផ្សេងនោះទេ។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់អំពីការតាំងរូបរបៀបនេះមាននៅក្នុងមន្ទីរពេទ្យបុរាណទាំងអស់ឬយ៉ាងណានោះទេ គឺស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ តែចំពោះការរៀបចំរដ្ឋបាលនៃមន្ទីរពេទ្យបុរាណវិញ តាមសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកឃើញ គឺដូចគ្នាទាំងអស់គ្រប់មន្ទីរពេទ្យ ដូចជា ការកំណត់ចំនួនគ្រូពេទ្យ តម្រូវការសម្រាប់មន្ទីរពេទ្យ និងការផ្គត់ផ្គង់ថ្នាំជាដើម។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួតក្នុងជំហានទី១ ដែលផ្តោតលើការសិក្សាអំពីផ្នែកខាងមុខនៃមន្ទីរពេទ្យ ដែលមានទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខឿននៃមន្ទីរពេទ្យចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ ក្រោយបញ្ចប់គម្រោងនេះហើយ អ្នកស្រាវជ្រាវនឹងបន្តគម្រោងថ្មីៗទៀតដែលនឹងសិក្សាអំពីទីតាំងសំខាន់ៗនៃអាគារមន្ទីរពេទ្យដែលសង់ពីឈើ ហើយបានខូចខាតបាត់ស្លាកស្នាមអស់ និងបើអាចក្រុមស្រាវជ្រាវមានបំណងស្វែងរកទីតាំងចោលសំណាកថ្នាំដែលប្រើប្រាស់រួច ដើម្បីយកសំណាកទាំងនោះទៅសិក្សាអំពីការផ្សំថ្នាំសម័យបុរាណ។ ប៉ុន្តែនេះជាដំណើរវែងឆ្ងាយតទៅមុខទៀតសម្រាប់អ្នកស្រាវជ្រាវ៕














ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។
ភ្នាក់ងារទេសចរដែលបំពេញការងារនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project បង្រៀនដោយអ្នកជំនាញជប៉ុន៩រូប។
សិក្ខាកាម២២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពី ការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍» ទើបធ្វើឱ្យវិស័យទេសចរណ៍មាននិរន្តរភាព​
ដើមដំបូងមុន12345...149150បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3014
ម្សិលមិញ
:
8625
សប្តាហ៍នេះ
:
03014
ខែនេះ
:
0172460
សរុប
:
004713058