ព័ត៌មានថ្មីៗ

យុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី៣ខែកក្កដានេះ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2017 02:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការរុះរើសំណង់ខុសច្បាប់ជាង៥០០ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ អាចនឹងធ្វើឡើងក្នុងអំឡុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។ ការរុះរើនេះនឹងចាប់ផ្តើមចេញពីសំណង់ខុសច្បាប់ដែលនៅកៀកនឹងប្រាសាទ ហើយបន្តទៅសំណង់ខុសច្បាប់ផ្សេងៗទៀតដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់បេតិកភណ្ឌអង្គរ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា បច្ចុប្បន្នក្រុមការងាររួមគ្នារវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានសម្រាប់អនុវត្តការងារនេះបានបង្កើតឡើងរួចរាល់ហើយ នៅតែក្រុមប្រចាំក្រុងស្រុកនីមួយៗរៀបចំផែនការលម្អិត ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ថា សំណង់ខុសច្បាប់ទាំងអស់នេះ ក្រុមការងារបានសិក្សាឃើញពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលចំពោះបេតិកភណ្ឌអង្គរ ហើយគ្មានសំណង់ខុសច្បាប់ណាមួយដែលត្រូវបានលើកលែងមិនរុះរើនោះទេ។ ការអនុវត្តដូច្នេះ គឺដើម្បីរក្សាឲ្យបាននូវបេតិកភណ្ឌអង្គរ ជៀសឲ្យផុតពីការដាក់អង្គរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ ឬអាចនឹងត្រូវប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

ពាក់ព័ន្ធនឹងការតវ៉ាដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលដែលក្រុមការងារចុះបំពេញតួនាទីនោះ ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បញ្ជាក់ថា “ការងារនេះគឺដើម្បីថែរក្សានូវបេតិកភណ្ឌដូនតារបស់យើង។ បើមានអ្នកធ្វើបាតុកម្មមែនតើគេធ្វើដើម្បីអ្វី? ដើម្បីការពារអ្នកធ្វើខុសឬយ៉ាងណា? យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងបានយល់ពីបញ្ហានេះ ហើយរួមគ្នាដើម្បីការពារបេតិកភណ្ឌដូនតា។ យើងបានត្រៀមកម្លាំងរួចជាស្រេចក្នុងករណីមានការតវ៉ាណាមួយកើតឡើង។ យើងមិនអាចអនុញ្ញ្ញាតឲ្យពួកគាត់រារាំងដល់ការងារថែរក្សាបេតិកភណ្ឌឡើយ។ តែយើងពិតជាបួងសួងកុំឲ្យមានករណីប្រឈមមុខគ្នារវាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ”។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ កន្លងទៅថ្មីៗនេះ សំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោកអង្គរ។ តាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា សំណង់ខុសច្បាប់ទាំងនេះមានចំនួន៥២១ករណី ដែលសំណង់ខ្លះនៅកៀកជិតនឹងប្រាសាទមានចម្ងាយត្រឹមតែ៥០ម៉ែត្រ ទៅ១០០ម៉ែត្រប៉ុណ្ណោះ ពីប្រាសាទ ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញគោលការណ៍រុះរើសំណង់ខុសច្បាប់ទាំងនេះចេញ ដើម្បីថែរក្សាឲ្យបាននូវបេតិកភណ្ឌពិភពលោកអង្គរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕












សិក្ខាកាមចំនួន២៦រូប មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសម្បូរព្រៃគុក នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីស្តីពីវិជ្ជាសង្គ្រោះបឋម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោក (Volunteer Around the World) ជាអង្គការមិនមែនរដ្ឋាភិបាល មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និង៦ប្រទេសផ្សេងទៀត បានផ្តល់សេវាកម្មពិនិត្យសុខភាពដោយឥតគិតថ្លៃ រយៈពេល១ថ្ងៃពេញដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។
លោក ប៉ុក វណ្ណា ប្រធានសេវាកម្មប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរាថែរក្សានិងអភិរក្សដើម្បីទុកជាសម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល១៥ឆ្នាំ។
រូបថតតំបន់អង្គរចំនួន១០០ផ្ទាំង ដែលបង្ហាញអំពីប្រាង្គប្រាសាទ បរិស្ថាន និងប្រពៃណី ទំនៀមទម្លាប់ប្រជាជនអ្នកស្រុកអង្គរ ត្រូវបានសម្ពោធដាក់តាំងពិព័រណ៌ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព ឯកឧត្តម Kong Xiahong អភិបាលក្រុងហ័ងសាន ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប នៅសណ្ឋាគារ Xihai លើកំពូលភ្នំហ័ងសាន ខេត្តអានហ៊ុយ សាធារណៈរដ្ឋប្រជាមានិតចិន។
ប្រជាពលរដ្ឋមួយរូបដែលបានសាងសង់សំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឈ្មោះ យិន សុភាព បានស្ម័គ្រចិត្តរុះរើសំណង់ដោយខ្លួនឯង និងរៀបចំដីដើម្បីដាំដើមឈើប្រណីតឡើងវិញ ពិសេសគឺឈើនាងនួន បន្ទាប់ពីស្តាប់ការណែនាំអំពីប្រយោជន៍នៃការការពារបេតិកភណ្ឌពីក្រុមគណៈកម្មការចម្រុះកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
5029
ម្សិលមិញ
:
3511
សប្តាហ៍នេះ
:
16481
ខែនេះ
:
0129336
សរុប
:
003250200