ព័ត៌មានថ្មីៗ

យុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី៣ខែកក្កដានេះ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2017 02:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការរុះរើសំណង់ខុសច្បាប់ជាង៥០០ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ អាចនឹងធ្វើឡើងក្នុងអំឡុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។ ការរុះរើនេះនឹងចាប់ផ្តើមចេញពីសំណង់ខុសច្បាប់ដែលនៅកៀកនឹងប្រាសាទ ហើយបន្តទៅសំណង់ខុសច្បាប់ផ្សេងៗទៀតដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់បេតិកភណ្ឌអង្គរ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា បច្ចុប្បន្នក្រុមការងាររួមគ្នារវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានសម្រាប់អនុវត្តការងារនេះបានបង្កើតឡើងរួចរាល់ហើយ នៅតែក្រុមប្រចាំក្រុងស្រុកនីមួយៗរៀបចំផែនការលម្អិត ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ថា សំណង់ខុសច្បាប់ទាំងអស់នេះ ក្រុមការងារបានសិក្សាឃើញពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលចំពោះបេតិកភណ្ឌអង្គរ ហើយគ្មានសំណង់ខុសច្បាប់ណាមួយដែលត្រូវបានលើកលែងមិនរុះរើនោះទេ។ ការអនុវត្តដូច្នេះ គឺដើម្បីរក្សាឲ្យបាននូវបេតិកភណ្ឌអង្គរ ជៀសឲ្យផុតពីការដាក់អង្គរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ ឬអាចនឹងត្រូវប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

ពាក់ព័ន្ធនឹងការតវ៉ាដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលដែលក្រុមការងារចុះបំពេញតួនាទីនោះ ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បញ្ជាក់ថា “ការងារនេះគឺដើម្បីថែរក្សានូវបេតិកភណ្ឌដូនតារបស់យើង។ បើមានអ្នកធ្វើបាតុកម្មមែនតើគេធ្វើដើម្បីអ្វី? ដើម្បីការពារអ្នកធ្វើខុសឬយ៉ាងណា? យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងបានយល់ពីបញ្ហានេះ ហើយរួមគ្នាដើម្បីការពារបេតិកភណ្ឌដូនតា។ យើងបានត្រៀមកម្លាំងរួចជាស្រេចក្នុងករណីមានការតវ៉ាណាមួយកើតឡើង។ យើងមិនអាចអនុញ្ញ្ញាតឲ្យពួកគាត់រារាំងដល់ការងារថែរក្សាបេតិកភណ្ឌឡើយ។ តែយើងពិតជាបួងសួងកុំឲ្យមានករណីប្រឈមមុខគ្នារវាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ”។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ កន្លងទៅថ្មីៗនេះ សំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោកអង្គរ។ តាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា សំណង់ខុសច្បាប់ទាំងនេះមានចំនួន៥២១ករណី ដែលសំណង់ខ្លះនៅកៀកជិតនឹងប្រាសាទមានចម្ងាយត្រឹមតែ៥០ម៉ែត្រ ទៅ១០០ម៉ែត្រប៉ុណ្ណោះ ពីប្រាសាទ ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញគោលការណ៍រុះរើសំណង់ខុសច្បាប់ទាំងនេះចេញ ដើម្បីថែរក្សាឲ្យបាននូវបេតិកភណ្ឌពិភពលោកអង្គរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕












ការថែរក្សាការពារនិងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងគ្រប់គូភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់នូវតម្លៃសម្បត្តិបេតិកភណ្ឌដ៏ល្អឯកដល់មនុស្សជាតិជំនាន់ក្រោយទៀត។ ហេតុផលនេះហើយ ដែលអាជា្ញធរជាតិអប្សរាបង្កើតក្រុមការងារសហគមន៍ អប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សាលារៀន និងតាមបណ្តាសាកលវិទ្យាល័យនានាក្នុងក្រុងខេត្តសៀមរាបទាំងមូល ដើម្បីឲ្យគ្រប់គ្នាបានយល់ ហើយរួមគ្នាជួយថែរក្សាការពារនិងអភិរក្សនូវសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តល់បទពិសោធន៍ការងារកសិកម្ម ដល់សហគមន៍កសិកម្មមួយដែលមកពីភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សហគមន៍កសិកម្មភូមិដំណាក់ខ្ចាស់ ជាសហគមន៍វ័យក្មេងដែលទើបបង្កើតឡើងបានជាងមួយឆ្នាំ ផ្តោតសំខាន់លើការងារកសិកម្ម និងចិញ្ចឹមសត្វ ដែលជាការបង្កើតឡើងដោយប្រជាពលរដ្ឋក្នុងភូមិផ្ទាល់។ ការមកទទួលយកបទពិសោធន៍ពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិតាឯកនៅពេលនេះ គឺក្នុងគោលបំណងពង្រឹងចំណេះដឹងលើវិស័យកសិកម្ម និងជាពិសេសគឺការធ្វើជីធម្មជាតិ។
ក្រោមការរៀបចំរបស់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងក្របខណ្ឌគម្រោងអភិរក្សប្រាទព្រះពិធូរ មន្ត្រីជំនាញ១០រូបនៃអាជ្ញាធរជាតិអប្សរា ត្រូវបានអញ្ជើញទៅកាន់ប្រទេសកូរ៉េរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៦។ បេសកកម្មនេះ គឺផ្តោតទៅលើការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍អំពីការងារគ្រប់គ្រងបេតិកភណ្ឌនៃប្រទេសទាំងពីរ។
អាជ្ញាធរជាតិអប្សរាបានផ្តល់បច្ចេកទេសធ្វើជីកំប៉ុស្តិ៍កសិកម្មតាមបែបធម្មជាតិដល់ប្រជាពលរដ្ឋ ដែលភាគច្រើនជាប្រជាកសិករធ្វើស្រែចំការកំពុងរស់នៅក្នុងតំបន់អង្គរ ដើម្បីឲ្យពួកគាត់ចេះរបៀបធ្វើជីកំប៉ុស្តិ៍ដោយខ្លួនឯង ។ ការផ្តល់បច្ចេកទេសធ្វើជីកំប៉ុស្តិ៍នេះគឺ ដើម្បីថែរក្សា ការពារ និងអភិរក្សនូវរបៀបរបបធ្វើកសិកម្មតាមបែបធម្មជាតិរបស់បុព្វបុរសខ្មែរនាសម័យអាណាចក្រអង្គរដ៏រុងរឿងផង និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរនាពេលបច្ចុប្បន្នឲ្យមានជីវភាពធូរធារឡើងផង ក្រោមទស្សនវិស័យថា«អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស»។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2412
ម្សិលមិញ
:
9987
សប្តាហ៍នេះ
:
02412
ខែនេះ
:
0139597
សរុប
:
005297444