ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីអបអរសាទរការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ2017 02:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្របតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីអបអរសាទរចំពោះការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានជួបជុំគ្នាដើម្បីប្រារព្ធពិធីទូងស្គរ និងប្រកាសអបអរសាទរនៅមុខប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកដំបូងបង្អស់របស់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតិភាពរបស់ឯកឧត្តម សឺង គង់ ទីប្រឹក្សា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមអំពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ភ្នាក់ងារសណ្ដាប់ធ្នាប់ ភ្នាក់ងារទេសចរ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនរូបទៀត យ៉ាងកុះករ និងប្រកបដោយទឹកចិត្តមោទនៈ។

សូមបញ្ជាក់ថា ការចុះ«តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kracow ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។ បច្ចុប្បន្ន ប្រាសាទទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕

















គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។
ភ្នាក់ងារទេសចរដែលបំពេញការងារនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project បង្រៀនដោយអ្នកជំនាញជប៉ុន៩រូប។
សិក្ខាកាម២២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពី ការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍» ទើបធ្វើឱ្យវិស័យទេសចរណ៍មាននិរន្តរភាព​
មន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ ដែលមកពីបណ្តាប្រទេសផ្សេងៗចំនួន១៧ ក្នុងកិច្ចប្រជុំស្តីពី និរន្តរភាព និងការគ្រប់គ្រងទេសចរណ៍ក្នុងរមណីយដ្ឋានបុរាណវិទ្យា និងបេតិកភណ្ឌ បានបង្ហាញការយល់ឃើញផ្សេងៗគ្នាលើដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក្រោយពីបានស្តាប់បទបង្ហាញ ពិភាក្សាផ្លាស់ប្តូរយោបល់ និងចុះបំពេញទស្សនកិច្ចសិក្សានៅទីតាំងសំខាន់ៗមួយចំនួននៃរមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6807
ម្សិលមិញ
:
6854
សប្តាហ៍នេះ
:
37152
ខែនេះ
:
0206598
សរុប
:
004747196